ព័ត៌មានអន្ដរជាតិ
[វិភាគអន្តរជាតិ] ដូណាល់ ត្រាំឈ្នះឆ្នោតមែន ប៉ុន្តែការសន្យានយោបាយបញ្ចប់សង្គ្រាមទំនងបរាជ័យដំបូងគេ
ក្នុងអំឡុងពេលយុទ្ធនាការស្វែងរកការគាំទ្រពីប្រជាជនអាមេរិកដែលមានសិទ្ធិបោះឆ្នោតជាង១៦០លាននាក់ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីជាប់ឆ្នោត បាននិយាយម្តងហើយម្តងទៀតក្នុងវេទិកាយុទ្ធនាការជួបជុំអ្នកគាំទ្រ ថា លោកអាចដោះស្រាយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃណាមួយ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត។
ជនអាមេរិកបានប្រគល់អំណាចពេញលេញតាមរយៈការបោះឆ្នោតនៅថ្ងៃទី៥ខែវិច្ឆិកាដែលលោកទទួលបានអង្គបោះឆ្នោតរហូតដល់២៩៥លើចំនួនតម្រូវត្រឹម២៧០ដែលគ្រប់គ្រាន់់ដើម្បីឈ្នះកៅអីប្រធានាធិបតីតាមប្រព័ន្ធ៥០%បូក១។ ប្រជាជនអាមេរិកជិត៧៣លាននាក់ បានបោះឆ្នោតគាំទ្រលោកដូណាល់ ត្រាំ ខណៈគូប្រជែងរបស់លោក គឺលោកស្រី កាម៉ាឡា ហារីស ទទួលបានត្រឹមតែជិត៦៨លានសំឡេង ដែលមានប្រតិភូអង្គបោះឆ្នោត២២៦នាក់ប៉ុណ្ណោះ។
ពេលនេះលោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតដូចការខិតខំប្រឹងប្រែងឃោសនាទាំងថ្ងៃទាំងយប់នៅទូទាំងសហរដ្ឋអាមេរិក ប៉ុន្តែសំណួរគឺនៅត្រង់ថា តើរដ្ឋបាលរបស់លោកអាចដោះស្រាយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានលឿនរហ័សដោយរបៀបណា និងតាមការសន្យានយោបាយដែរឬទេ?
ក្នុងពេលថ្លែងនៅថ្ងៃទី៦ខែវិច្ឆិកា ក្រោយដឹងថា ខ្លួនឈ្នះការបោះឆ្នោតសម្រាប់កាន់ដំណែងប្រធានាធិបតីទី៤៧ លោក ដូណាល់ ត្រាំ មិនបាននិយាយអ្វីសូម្បី«មួយពាក្យ» ដល់បញ្ហាក្រៅប្រទេសជាពិសេសការបញ្ចប់សង្គ្រាមដោយរបៀបណា ឬលឿនរហ័សយ៉ាងណានោះទេ ក្រៅពីនិយាយថ្លែងអំណរគុណដល់ក្រុមគ្រួសារ អ្នកគាំទ្រ និងអ្នកបោះឆ្នោតជាពិសេសនៅក្នុងរដ្ឋប្រទាញប្រទង់គ្នា។
ការឡើងថ្លែងរបស់លោកដូណាល់ ត្រាំ នៅពេលដឹងថាខ្លួនឈ្នះការបោះឆ្នោត គឺខុសស្រឡះពីការឡើងថ្លែងពេលឃោសនារកការគាំទ្រនៅមុនពេលបោះឆ្នោត។
ប្រធានបទនយោបាយរបស់លោកដូណាល់ ត្រាំ ទទួលបានការសាទរខ្លាំងនៅពេលលោកនិយាយម្តងហើយម្តងទៀតអំពីការបញ្ចប់សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ដែលរដ្ឋបាលលោក ចូ បៃដិន បានផ្គត់ផ្គង់ទាំងសព្វាវុធនិងហិរញ្ញវត្ថុយ៉ាងក្រាស់ក្រែលសម្រាប់ដើម្បីតស៊ូនឹងការឈ្លានពានរបស់រុស្ស៊ី។
លោក ដូណាល់ ត្រាំ ហាក់ធ្លាក់ប្រជាប្រិយភាពក្នុងពេលដែល លោក ចូ បៃដិន បោះបង់ការប្រជែងកៅអីសេតវិមានជាមួយ ហើយប្រគល់ឲ្យលោកស្រី កាម៉ាឡា ហារីស កាលពីចុងខែកក្កដា ដោយលោកត្រាំ បានវាយប្រហារលើបុគ្គលផ្ទាល់ខ្លួន គឺលោកស្រី កាម៉ាឡា ហារីស ដូចជាស្ត្រីជនជាតិស្បែកខ្មៅ ឬក៏ជាស្ត្រីគ្មានកូនជាដើម ដែលធ្វើឲ្យប្រជាប្រិយភាពរបស់លោកស្រី ហារីសហក់ឡើងយ៉ាងខ្លាំង។
ប៉ុន្តែ ក្រោយមើលឃើញពាក្យពេចន៍ទាំងនោះទាញទម្លាក់ប្រជាប្រិយភាពរបស់លោកកាន់តែខ្លាំងដោយសារតែការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន លោក ដូណាល់ ត្រាំ បានបង្វែរសារនយោបាយ ទៅផ្តោតលើការដោះស្រាយបញ្ចប់សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន។
លោក ដូណាល់ ត្រាំ ថែមទាំងបាននិយាយថា លោកនឹងរកដំណោះស្រាយសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីត្រឹម២៤ម៉ោង។ ប៉ុន្តែវានៅមិនទាន់ច្បាស់ថាតើលោកសំដៅទៅលើរយៈពេល២៤ម៉ោងបន្ទាប់ពីដឹងថា លោកឈ្នះឆ្នោត ឬក៏២៤ម៉ោង បន្ទាប់ពីលោកឡើងកាន់អំណាចជាផ្លូវការ ដែលគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២៥។
ឯកអគ្គរដ្ឋទូតរបស់អង្គការសហប្រជាជាតិរុស្ស៊ី លោក Vassily Nebenzia ធ្លាប់លើកឡើងថា បញ្ហាជម្លោះរុស្ស៊ីនិងអ៊ុយក្រែនមិនអាចដោះស្រាយត្រឹមតែ១ថ្ងៃនោះទេ។
ក្រោយជ័យជម្នះរបស់លោក ដូណាល់ ត្រាំក្នុងការបោះឆ្នោតកាលថ្ងៃទី៥វិច្ឆិកា មានសេចក្តីរាយការណ៍ដែលថា រដ្ឋបាលប្រធានាធិបតី ចូ បៃដិន នឹងប្រញាប់ប្រញាល់បញ្ជូនកញ្ចប់ជំនួយយោធាដល់អ៊ុយក្រែន មុនលោកដូណាល់ ត្រាំ វិលទៅកាន់សេតវិមានជាផ្លូវការក្នុងខែមករា។
ជាមួយគ្នានេះ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky ក៏ជាប្រមុខដឹកនាំប្រទេសដំបូងដែលអបអរសាទរលោក ដូណាល់ ត្រាំសម្រាប់ការទទួលបានជ័យជម្នះលើការបោះឆ្នោតអាមេរិក។ ចាប់តាំងពីរុស្ស៊ីលើកទ័ពចូលប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២ សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធាមានតម្លៃជាង៦៤,១ពាន់លានដុល្លារ។ នេះបើយោងតាមតួលេខដែលបង្ហាញដោយក្រសួងការបរទេសអាមេរិក៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មនុស្សស្លាប់ម្នាក់ នៅក្នុងហេតុការណ៍ឆេះរោងចក្រប្រេងឆានៅឥណ្ឌូណេស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី២១ឈ្មោះ កងរី បានវិវដ្ដទៅជាព្យុះសង្ឃរា នឹងធ្វើឲ្យកម្ពុជាមានភ្លៀងជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់