ព័ត៌មានអន្ដរជាតិ
[វិភាគអន្តរជាតិ] ប្រព័ន្ធរដ្ឋអាមេរិកអាចដើរផ្ទុយពីឆន្ទៈប្រជាពលរដ្ឋអាមេរិកជំុវិញជម្លោះអ៊ុយក្រែន
ហេតុការណ៍សង្គ្រាមនៅអ៊ុយក្រែន អាចនិយាយបានថា ជាកត្តាស្នូលតែមួយគត់ដែលធ្វើឲ្យលោក ដូណាល់ ត្រាំ មានឱកាសឈ្នះឆ្នោតនិងអាចវិលត្រឡប់ទៅដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់អាណត្តិទី២របស់លោកឡើងវិញ។
ដោយសារតែសារនយោបាយសន្យាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលនឹងកាត់បន្ថយការប្រឈមដោយផ្ទាល់ជាមួយមហាអំណាចនុយក្លេអ៊ែរ រុស្ស៊ី គណបក្សសាធារណៈរដ្ឋរបស់លោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតច្រើនលើសលប់ដោយមិននឹកស្មានដល់ ក្នុងប្រវត្តិសាស្រ្តបោះឆ្នោតនៅសហរដ្ឋអាមេរិក ជាពិសេសការឈ្នះនៅក្នុងរដ្ឋប្រទាញប្រទង់ (Swing States) ទាំងអស់នៅក្នុងអាណត្តិប្រធានាធិបតីទី៤៧នេះ។
សំណួរនៅត្រង់ថាតើ លោកដូណាល់ ត្រាំ ពិតជាមានចេតនាបោះបង់អ៊ុយក្រែនចោលឲ្យអ៊ុយក្រែនកាត់់ទឹកដីទៅឲ្យរុស្ស៊ី ដូចសារនយោបាយក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោតមែនទេ?
ក្នុងរយៈពេល៥ថ្ងៃ ក្រោយដឹងយ៉ាងទូលំទូលាយថា លោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតសហរដ្ឋអាមេរិក និងត្រៀមខ្លួនសម្រាប់ការដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិកពីដើមឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៨ ព័ត៌មានជាច្រើនបានផ្តោតខ្លាំងណាស់ជុំវិញសារនយោបាយរបស់លោកដូណាល់ ត្រាំ ពាក់ព័ន្ធការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
តាមការសន្យានយោបាយ ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានសន្យាបញ្ចប់សង្គ្រាមអ៊ុយក្រែនត្រឹមតែ១ថ្ងៃ ប៉ុន្តែពេលនេះជិត១សប្តាហ៍ទៅហើយ គ្មានរូបមន្តជាក់លាក់នៃការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនត្រូវបានបង្ហាញនោះទេដោយគ្រាន់តែមានការលើកឡើងថា «អាចមានការកំណត់តំបន់គ្មានយោធា (DMZ) តាមបណ្តោយព្រំដែនបច្ចុប្បន្ន ការមិនឲ្យអ៊ុយក្រែនចូលណាតូ ឬការកាត់ដីឱ្យរុស្ស៊ីជាថ្នូរកិច្ចព្រមព្រៀងសន្តិភាព ជាដើម។
ភាពប្រសើរឡើងខ្លះៗបន្តិចមែនជុំវិញនាក់ទំនងរបស់លោក ដូណាល់ ត្រាំ និង ប្រធាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន តាមរយៈការនិយាយគ្នាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ពោលគឺ១ថ្ងៃក្រោយដឹងថា លោក ត្រាំ ជាប់ឆ្នោត។
ក្នុងការនិយាយទូរស័ព្ទពេលនោះ សារព័ត៌មាន Washington Post បានរាយការណ៍ដោយដកស្រង់ប្រភពដឹងពីការសន្ទនានោះថា លោក ដូណាល់ ត្រាំ ពិតជាបានស្នើឲ្យលោកពូទីន មិនឱ្យបង្កើនការវាយប្រហារនោះទេ ហើយ បេក្ខភាពអនុប្រធានាធិបតីអាមេរិក លោក JD Vance ត្រូវបានដកស្រង់សម្តីអំពីការព្រលយពីការលទ្ធភាពកាត់ទឹកដីឱ្យរុស្ស៊ីផងដេរ។
ផ្ទុយទៅវិញ លោក ដូណាល់ ត្រាំ ក៏ត្រូវបានរាយការណ៍ថា បាននិយាយទូរស័ព្ទជាមួយមេដឹកនាំអ៊ុយក្រែនលោក វ៉ុលឌីមៀ ហ្សេលេនស្គី អំពីបញ្ហាសង្គ្រាមនេះដែរ ប៉ុន្តែមិនបាននិយាយអ្វីលម្អិតដល់ប្រព័ន្ធផ្សព្វផ្សាយឡើយ។ អ៊ុយក្រែនតែងតែជំទាស់បំណងកាត់ដីឲ្យរុស្ស៊ីតាមព្រំដែនជាក់ស្តែងដែលរុស្ស៊ីកាន់កាប់។
ឆ្លងតាមអ្វីដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក លទ្ធភាពដែលសហរដ្ឋអាមេរិកបោះបង់អ៊ុយក្រែនចោល គឺមិនអាចទៅរួចនោះ ដោយសារសហរដ្ឋអាមេរិកនិងរុស្ស៊ីមានប្រវត្តិប្រជែងគ្នាជាយូរក្នុងប្រវត្តិសាស្រ្ត ហើយ ក៏ប្រឈមផ្ទាល់របស់អ៊ុយក្រែនជាមួយរុស្ស៊ី គឺជាគុណសម្បត្តិរបស់សហរដ្ឋអាមេរិកសម្បើមណាស់។
ក្នុងដំណាក់កាលអន្តរកាលនេះ គេអាចមើលឃើញ លោក ដូណាល់ ត្រាំ ហាក់ទោរទន់ទៅរករុស្ស៊ីនិងបោះបង់អ៊ុយក្រែន ប៉ុន្តែជាក់ស្តែង ប្រព័ន្ធរដ្ឋាភិបាលសហរដ្ឋអាមេរិកអាចដើរផ្ទុយពីឆន្ទៈប្រជាពលរដ្ឋសហរដ្ឋអាមេរិកដែលបង្ហាញតាមរយៈការបោះឆ្នោត។
លោក Jake Sullivan ទីប្រឹក្សាសន្និសុខជាតិរបស់ប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយក្នុងកម្មវិធីព័ត៌មាន CBS នៅថ្ងៃទី១០ខែវិច្ឆិកា ថា លោក ចូ បៃដិន បានព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ មិនឲ្យដកការគាំទ្រពីអ៊ុយក្រែន ពេលដែលគាត់ចូលកាន់តួនាទីនោះទេ។
តាមការចេញផ្សាយរបស់ ALJAZEERA ប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃដិន មានពេលវេលា៧០ថ្ងៃទៀតដើម្បីលើកឡើងអំពីបញ្ហាអ៊ុយក្រែនទៅកាន់រដ្ឋសភា និង រដ្ឋបាលដែលនឹងមកជំនួសរដ្ឋបាលរបស់លោក ចូ បៃដិន ដោយលើកឡើងពីកត្តាដែល សហរដ្ឋអាមេរិកមិនគួរដើរចោលពីអ៊ុយក្រែន។ ការដើរចេញពីអ៊ុយក្រែនមានន័យថា អស្ថេរភាពកាន់តែខ្លាំងក្នុងតំបន់អឺរ៉ុប។
សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អឺរ៉ុបនៅគ្រប់កាលៈទេសៈ និងទប់ទល់ឥទ្ធិពលរបស់គូប្រជែងផ្សេងៗទៀត មានមហាអំណាចចិនជាដើម។
លោក Jake Sullivan បានលើកឡើងថា៖«លោក ចូ បៃដិន នឹងលើកឡើងបញ្ហានេះដែលយើងពិតជាត្រូវការធនធានបន្តសម្រាប់អ៊ុយក្រែនលើសពីការបញ្ចប់អាណត្តិរបស់គាត់»។
ក្រោមរដ្ឋការលោក ចូ បៃដិន រដ្ឋាបាលសហរដ្ឋអាមេរិកបានប្តេជ្ញាផ្តល់ជំនួយ១៧៤ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន នៅពេលដែលអ៊ុយក្រែនប្រឹងប្រែងតស៊ូប្រឆាំង ការវាទីរបស់កងកម្លាំងរុស្ស៊ី ដោយប្រធានាធិបតីសហរដ្ឋអាមេរិក បញ្ចុះបញ្ចូលសម្ព័ន្ធមិត្តណាតូផ្សេងទៀត បន្តគាំទ្រអ៊ុយក្រែនដូចគ្នា។
ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ម្តងហើយម្តងទៀតបានរិះគន់ចំពោះការផ្តល់ជំនួយដល់អ៊ុយក្រែន និបាននិយាយថា លោកនឹងបញ្ចបសង្គ្រាមនោះជាមួយរុស្ស្ស៊ីត្រឹម១ថ្ងៃ។ ដើម្បីធ្វើបែបនោះបាន លោក ដូណាល់ ត្រាំ បានស្នើឱ្យអ៊ុយក្រែនប្រហែលជាត្រូវកាត់បូរណភាពទឹកដីជាថ្នូរទទួលបានកិច្ចព្រមព្រៀងសន្តិភាព ដែលជារឿងដែលភាគីអ៊ុយក្រែនបដិសេធ និងលោកបៃដិនក៏មិនដែលបានស្នើបែបនេះដែរ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក អ៊ិន សុភិន ចេញមុខអះអាងថា ខ្លួនមិនពាក់ព័ន្ធទេ ក្រោយផ្ទុះរឿងទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើកដំបូង ក្រោយបាត់បង់តំណែងលេខ២ MGI
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកស្រី អ៊ឹម សុគន្ធា បញ្ជាក់ថា ព្រោះតែងរឿងចង់ចាញ់ឈ្នះ មានអ្នកខ្លះចង់ទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមហ៊ុនចិន គ្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី ស្វាយចន្ទី ដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា