Connect with us

កីឡា

ផ្លូវការ​! ជើងឯក​ចិន Xiong ប៉ះ Nicolini ខណៈ​គូ​ខ្សែក្រវាត់​នារី​វគ្គ​៨​នាក់​ត្រូវ​បានបង្ហាញ

បានផុស

នៅ

ONE Championship នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​នៅពេល​បង្ហាញ​គូប្រកួត​សុទ្ធតែ​នារី​ទាំងអស់​ជា​លើកដំបូង​នៅក្នុង​ព្រឹត្តិការណ៍ ONE: EMPOWER ថ្ងៃ​សុក្រ ទី​២៨ ខែឧសភា ខាងមុខ​។

ក្នុង​ការ​ផ្គូផ្គង​ពិសេស​នេះ​ត្រូវ​បានរៀបចំ​ឲ្យ​មានការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ដ៏​អស្ចារ្យ​រវាង​ម្ចាស់​ខ្សែក្រវាត់​របស់​ប្រទេស​ចិន ONE Women’s Strawweight កីឡាការិនី “The Panda” Xiong Jing Nan ឡើង​ការពារ​ខ្សែក្រវាត់​។

​តារា​ស្រី​ចិន ដែលមាន​ប្រវត្តិ​ប្រកួត​២០​ដង​ក្នុងនោះ​ឈ្នះ​១៨​ដង និង​ចាញ់​២​ដង បានឈ្នះ​ខ្សែក្រវាត់​ពិភពលោក បន្ទាប់ពី​ផ្តួល​កីឡាការិនី Tiffany “No Chill” Teo ឲ្យ​សន្លប់​កាលពី​ខែមករា ឆ្នាំ​២០១៨ និង​បាន​ឡើង​ការពារ​ខ្សែក្រវាត់​ជោគជ័យ​៤​ដង​។

​សម្រាប់​ការពារ​ខ្សែក្រវាត់​លើក​ទី​៥​នេះ Xiong ត្រូវ​ជួប​ជើង​ខ្លាំង​ចំណាត់ថ្នាក់​លេខ​២ Michelle Nicolini ជា​កីឡាការិនី​ប្រេ​ស៊ី​ល​ដ៏​ឆ្នើម​ម្នាក់​។

Nicolini ជា​ជើងឯក​ជឺ​ជី​តស៊ូ​ពិភពលោក​៨​សម័យកាល​ដែលមាន​មូលដ្ឋានគ្រឹះ​ជំនាញ​ក្រោម​ដ៏​ល្អ​ដើម្បី​ផ្លាស់​ចូល​អាជីព​គុន​ចម្រុះ​។ កីឡាការិនី​អាមេរិក​ខាងត្បូង​មាន​ប្រវត្តិ​ប្រកួត​៨​ដង​ក្នុងនោះ​ឈ្នះ​៦​ដង និង​ចាញ់​២​ដង ហើយ​មាន​៥​ដង​ឈ្នះ​ដោយ​ឃ្លេ​ឲ្យ​ដៃគូ​ចុះចាញ់​ក្នុង​ទឹក​ទី​១​។

​ចំណែក​ម្ចាស់​ខ្សែក្រវាត់ Xiong ជា​កីឡាការិនី​វ៉ៃ​បាន​៥​ទឹក​ពេញ​យ៉ាង​ល្អ និង​ជា​អ្នក​ពូកែ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ប៉ុន្តែ​និយាយ​ពី​ជំនាញ​ក្រោម​របស់​នាង​វិញ​អាច​នៅមានកម្រិត បើ​ធៀប​នឹង​ដៃគូ​ប្រេ​ស៊ី​ល​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែមីនា ម្សិលមិញ ONE Championship ក៏បាន​ចាប់​គូ​រួចរាល់​ហើយ​សម្រាប់​កម្មវិធី​ខ្សែក្រវាត់​គុន​ចម្រុះ​នារី​ពិភពលោក ONE Women’s Atomweight World Grand Prix ក្នុងចំណោម​បេ​ក្ខ​នារី​៨​នាក់​ដែល​ត្រូវ​ប្រកួត​នៅ​ព្រឹត្តិការណ៍ ONE: EMPOWER​។

សម្រាប់​ជើងឯក​នៃ​ពានរង្វាន់ ONE Women’s Atomweight World Grand Prix នឹង​ឡើងទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​គុន​ចម្រុះ​ពិភពលោក​ពី​រាជនារី​សង្វៀន​ទម្ងន់ atomweight កីឡាការិនី​អាមេរិក​-​សិង្ហ​បុរី “Unstoppable” Angela Lee នៅ​ខែវិច្ឆិកា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត​បើកឆាក ONE: EMPOWER នៃ​ពានរង្វាន់ ONE Women’s Atomweight World Grand Prix គឺ​អ្នកលេង​គុន​ចម្រុះ​ហ្វីលីពីន​មិន​ធ្លាប់​ចាញ់ និង​ចំណាត់ថ្នាក់​លេខ​១​ទម្ងន់ atomweight កីឡាការិនី Denice “The Menace” Zamboanga ត្រូវ​ជួបនឹង​កីឡាការិនី​កូរ៉េខាងត្បូង Seo Hee Ham​។​

Zamboanga ធ្វើ​បានល្អ​ណាស់​ក្នុង​អាជីព​ដោយ​កំណត់ត្រា​ឈ្នះ​៨​លើក តែ​មិនទាន់​ចាញ់​សោះ​។ ក្នុងនោះ​ជ័យជម្នះ​៣​លើក​នៅ ONE លើ​កីឡាការិនី Mei Yamaguchi, Jihin Radzuan និង Kaewkhong​។​

​ចំណែក​កីឡាការិនី​កូរ៉េខាងត្បូង​ទើប​បង្ហាញខ្លួន​លើកដំបូង​នៅ ONE ប៉ុន្តែ​ឆ្លងកាត់​បទពិសោធ​លើស​ង្វៀន​អន្តរជាតិ​ច្រើនណាស់​។ នាង​ធ្លាប់​ប្រកួត​ឈ្នះ​២៣​ដង និង​ចាញ់​៨​ដង ក្នុងនោះ​ឈ្នះ​៦​លើកចុងក្រោយ​ជាប់​គ្នា​។

គូ​ទី​២ អ្នកលេង​គុន​ចម្រុះ​ចិន Meng Bo ត្រូវ​ជួប​កីឡាការិនី​ឥណ្ឌា​ដែល​មិនទាន់​ស្គាល់​បរាជ័យ Ritu Phogat​។

Meng ស្ថិតនៅ​លេខ​២​ទម្ងន់ atomweight បាន​លេចធ្លោ​ក្នុង​ទម្ងន់​នេះ​។ កីឡាការិនី​កំណើត​នៅ Changsha ធ្លាប់​ប្រកួត​២២​ដង ក្នុងនោះ​ឈ្នះ​១៧​ដង ចាញ់​៥​ដង​។ នាង​ក៏​ឈ្នះ​៦​លើក​ជាប់​គ្នា​ចុងក្រោយ​។

គួរ​ឲ្យ​កត់សំគាល់ កីឡាការិនី​ចិន​នេះ​ទទួលបាន​ជ័យជម្នះ​៣​លើក​នៅ ONEE រាប់ទាំង​ការ​ផ្តួល​កីឡាការិនី​ឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol ក្នុង​ទឹក​ទី​១ និង​ឈ្នះ​អតីត​អ្នក​ប្រជែង​ខ្សែក្រវាត់​ពិភពលោក Laura Balin​។​

ចំណែក Phogat វិញ​ធ្វើបាន​យ៉ាង​ល្អឥតខ្ចោះ​នៅ​សង្វៀន ONE បន្ទាប់ពី​ប្រើ​ជំនាញ​ចំបាប់​ឈ្នះ​ដៃគូ​៤​លើក​ជាប់​គ្នា​ក្នុងនោះ​ឈ្នះ​ដោយ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​៣​លើក​។

​បន្ទាប់មក អ្នកទស្សនា​ទូទាំង​ពិភពលោក​នឹង​បានឃើញ​ការវិលត្រឡប់​មកកាន់​សង្វៀន​របស់​តារា​រះ​ជប៉ុន Itsuki Hirata តទល់​ជាមួយ​កីឡាការិនី​អាមេរិក Alyse Anderson​។

Hirata មិនទាន់​ស្គាល់​បរាជ័យ​ឡើយ​ក្នុង​អាជីព​គុន​ចម្រុះ​របស់​នាង​ឡើយ បន្ទាប់ពី​ប្រកួត​៧​លើក ឈ្នះ​ទាំងអស់ និង​មាន​ស្ថិតិ​បញ្ឈប់​ដៃគូ​១០០%​។ នាង​បានឈ្នះ​ដ៏​អស្ចារ្យ​លើ Rika Ishige និង Nyrene Crowley​។​

​ខណៈ​ដៃគូ Anderson ជា​កីឡាការិនី​លេចធ្លោ​ម្នាក់​ដែល​ត្រូវបាន​គេ​ចាត់ទុកជា​តារា​គ្រោះ​នៅ​ទម្ងន់ atomweigh​។ នាង​ធ្លាប់​ប្រកួត​ឈ្នះ​៥​ដង និង​ចាញ់​១​ដែលជា​បរាជ័យ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​ប៉ុណ្ណោះ​។​

​គូ​ចុងក្រោយ​នៃ​ពានរង្វាន់ ONE Women’s Atomweight World Grand Prix លោក​អ្នកនឹង​បានឃើញ​អតីត​ជើងឯក​ពិភពលោក​២​ប្រភេទ​កីឡា Stamp Fairtex ត្រូវ​ជម្រះ​ប​ញ្ជឺ​ចាស់​ជាមួយ​កីឡាការិនី​អ៊ុយ​ក្រែ​ន Alyona Rassohyna​។

បន្ទាប់ពី​ជោគជ័យ​នៅក្នុង​អាជីព​ពីរ​ប្រភេទ​កីឡា​គឺ​មួយ​ថៃ និង​ឃី​ក​បុក​សី​ង កីឡាការិនី​ថៃ Stamp បានចាប់ផ្តើម​យុទ្ធនា​ការណ៍​ស្វែងរក​ខ្សែក្រវាត់​ក្នុង​ប្រភេទ​កីឡា​ទី​៣​។ បន្ទាប់ពី​ឈ្នះ​ការប្រកួត​គុន​ចម្រុះ​៥​លើក​ជាប់​គ្នា តារា​ថៃ​ល្បីឈ្មោះ​នេះ​បាន​ជួប Rassohyna នៅ ONE: UNBREAKABLE III កាលពី​ខែមករា ឆ្នាំ​២០២១​នេះ ហើយ​នាង​បាន​ចាញ់​ចុង​ទឹក​ទី​៣​ទាំង​មិន​អស់​ចិន​។

ការប្រកួត​នេះ​ពិតជា​សំខាន់​ណាស់​សម្រាប់ Stamp ដែល​មិន​ត្រឹមតែ​ជម្រះ​ប​ញ្ជឺ​ចាស់​ជាមួយ​កីឡាការិនី​អ៊ុយ​ក្រែ​ន​ទេ ប៉ុន្តែ​ជា​ជ័យជម្នះ​នឹង​នាំ​នាង​ទៅ​វគ្គ​បន្ត​ដើម្បី​រក​ផ្លូវ​ឆ្ពោះទៅ​គ្រង​ខ្សែក្រវាត់​ពិភពលោក​ទី​៣​។

កីឡាការិនី Rassohyna ចាស់វស្សា​ហើយ​ដែល​នាង​មាន​ប្តី និង​កូន ប៉ុន្តែ​នៅតែមាន​សមត្ថ​ភាពល្អ​។ នាង​ធ្លាប់​ទទួលបាន​ជ័យជម្នះ​ក្នុង​អាជីព​គុន​ចម្រុះ​១៣​ដង​ដើម្បី​ទទួលបាន​ឱកាស​ចូលរួម​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​នេះ​។

ការចាប់​គូប្រកួត ONE Women’s Atomweight World Grand Prix វគ្គ​៨​នាក់​ចុងក្រោយ​

•​ ​ហ្វីលីពីន Denice Zamboanga ប៉ះ កូរ៉េខាងត្បូង Seo Hee Ham

•​ ​ចិន Meng Bo ប៉ះ ឥណ្ឌា Ritu Phogat

•​ ​ជប៉ុន Itsuki Hirata ប៉ះ អាមេរិក Alyse Anderson

•​ ​ថៃ Stamp Fairtex ប៉ះ អ៊ុយ​ក្រែ​ន Alyona Rassohyna៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម