សេដ្ឋកិច្ច
លោកនាយករដ្ឋមន្រ្តី៖ កម្ពុជា ជាទីតាំងអំណោយផលសម្រាប់អ្នកវិនិយោគ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ស្ថានភាពបច្ចុប្បន្ន ពិភពលោកកំពុងប្រឈមនឹង អស្ថិរភាពនយោបាយ នៅតាមបណ្ដាប្រទេសជាច្រើន ប៉ុន្តែកម្ពុជាអាចរក្សាបាននូវសុខសន្តិភាពពេញលេញ និងរក្សាកំណើនសេដ្ឋកិច្ចគួឱ្យកត់សម្គាល់ ដែលនេះបង្ហាញនូវសក្ដានុពលរបស់កម្ពុជា ក្នុងការគិតគូ វិនិយោគ និងពង្រឹងមូលដ្ឋានអាជីវកម្មខ្លួនឯង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយសហគ្រិន ត្រកូលលីន ពិភពលោក កាលពីល្ងាចថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤។
សម្ដេចធិបតី បានឱ្យដឹងថា៖ «ធុរកិច្ចត្រូវការបរិយាកាសអំណោយផល ដើម្បីប្រតិបត្តិការដោយរលូន និងរីកចម្រើន ខ្ញុំគិតថា ធុរកិច្ច ក៏ដូចជាមនុស្សគ្រប់គ្នា និងគ្រប់វិស័យដែរ គឺលុះត្រាណាតែលោកអ្នកស្រឡាញ់សង្គ្រាម និងស្រឡាញ់ការប្រយុទ្ធ ពុំដូច្នោះទេ សន្តិភាព និងស្ថិរភាព គឺជាគោលដៅ ហើយកម្ពុជាបានផ្ដល់ជូននូវគោលដៅនេះ ស្របពេលដែលស្ថានភាពពិភពលោក កំពុងប្រែប្រួលឥតឈប់ឈរ ហើយនៅពេលខ្លះស្ថិតក្នុងទិសដៅមិនច្បាស់លាស់ ស្ថិរភាព និងបរិយាកាស ដែលអាចព្យាករណ៍បាន កាន់តែក្លាយជាលក្ខខណ្ឌតម្រូវជាមុន»។
សម្ដេចធិបតីបានលើកយកកត្តាសំខាន់ៗមួយចំនួន ដែលធ្វើឱ្យប្រទេសកម្ពុជា មានភាពទាក់ទាញ ជាគោលដៅផ្គត់ផ្គង់ និងជាទិសដៅសម្រាប់ការវិនិយោគរួមមាន៖ កម្ពុជាផ្ដល់ជូននូវកត្តាសន្តិភាព និងស្ថិរភាព ជាកត្តាមូលដ្ឋានដែលអនុញ្ញាតឱ្យអ្នកវិនិយោគ ធ្វើការសម្រេចចិត្តអំពីទីតាំងដែលត្រូវវិនិយោគ ដូចដែលលោកអ្នកបានឃើញស្រាប់ លោកអ្នកមកលេងប្រទេសកម្ពុជាថ្ងៃនេះ ហើយអ្នកស្នាក់នៅ ២ ទៅ ៣ ថ្ងៃ ប្រទេសកម្ពុជាមានសុវត្ថិភាពណាស់។
«លោកអ្នកមួយចំនួន ប្រហែលជាបានលឺនៅក្នុងសារព័ត៌មាន អំពីស្ថានភាពមួយចំនួន ពាក់ព័ន្ធនឹងទិដ្ឋភាពសន្តិសុខ នៃប្រទេសកម្ពុជា ដែលអាចធ្វើឱ្យមនុស្សជាច្រើនមានការភ័យព្រួយ ប៉ុន្តែសូមជឿប្រាកដចុះថា ប្រទេសកម្ពុជាមានសុវត្ថិភាព និងសន្តិភាពគ្រប់គ្រាន់សម្រាប់អ្នកធ្វើធុរកិច្ច»។ នេះបើយោងតាមការលើកឡើងរបស់សម្តេចធិបតី។
សម្ដេចធិបតីបានអះអាងថា៖« សន្តិសុខ និងសុវត្ថិភាព មានសម្រាប់ទាំងអស់គ្នា រួមទាំងជនបរទេសដែលរស់នៅប្រទេសកម្ពុជា អ្នកវិនិយោគ ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជា គឺយើងយកចិត្តទុកដាក់ជាអាទិភាពបំផុត ដូចគ្នានឹងប្រជាពលរដ្ឋកម្ពុជាដែលរស់នៅទីនេះ ដើម្បីផ្ដល់ជូននូវសន្តិសុខ និងបរិស្ថានស្ថិរភាពសម្រាប់លោកអ្នក»។
សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា កម្ពុជាផ្ដល់ជូននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលបានជាប់ចំណាត់ថ្នាក់ជាទីផ្សារ ដែលកំពុងរីកចម្រើនបំផុត សម្រាប់ការវិនិយោគបរទេសនៅឆ្នាំ ២០២៤ កំណើន GDP មានភាពរឹងមាំ ខណៈអតិផរណានៅតែទាបជាង ៣% នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជាមួយគ្នានេះដែរ សម្ដេចធិតីបានបន្តថា កម្ពុជាមានបរិយាកាសធុរកិច្ចប្រកបដោយភាពស្និទ្ធស្នាល និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកវិនិយោគ ច្បាប់វិនិយោគរបស់យើង មានលក្ខណៈសេរី ជាមួយនឹងការលើកទឹកចិត្តចម្រុះ យើងផ្ដល់ជូននូវកម្មសិទ្ធិភាគហ៊ុនបរទេស ១០០% បើប្រៀបធៀប ទៅនឹងប្រទេសជិតខាងមួយចំនួន ដែលមិនបានអនុញ្ញាត។
សម្ដេចធិបតី ហ៊ុន ម៉ាណែតថ្លែងថា៖ «យើងមិនមានការរឹតបន្តឹងលើការផ្ទេរត្រឡប់ប្រាក់ចំណេញ និងដើមទុនទេ មានការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្មពិសេស ដោយកំណត់ទៅតាមប្រទេសជាក់លាក់ យើងបានបង្កើតវេទិកាប្រឹក្សាយោបល់ផ្សេងៗរវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ដើម្បីធានាថា អាជីវកម្មដែលដំណើរការក្នុងប្រទេសកម្ពុជា មានមធ្យោបាយបង្ហាញពីការព្រួយបារម្ភ និងបញ្ហាណាមួយ ដែលលោកអ្នកត្រូវការនូវការយកចិត្ត ទុកដាក់ ពីរដ្ឋាភិបាលគ្រប់ពេលវេលា ដូច្នេះយើងអាចផ្ដល់នូវដំណោះស្រាយរហ័ស និងឆ្លើយតបទាន់ពេលវេលា»។
លើសពីនេះទៅទៀត សម្ដេចធិបតីបានថ្លែងថា កម្ពុជាជាទីតាំងយុទ្ធសាស្ត្រ និងទទួលបានឱកាស អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា វិនិយោគនៅកម្ពុជា គឺមិនត្រឹមតែវិនិយោគ សម្រាប់ទីផ្សារប្រជាជន ១៧ លាននាក់នោះទេ ប៉ុន្តែការវិនិយោគនៅកម្ពុជា គឺជាការបើកឱកាសទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក ដោយសារកម្ពុជា មានកិច្ចព្រមព្រៀងជាច្រើនរួមទាំង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអាស៊ាន, RCEP, កូរ៉េ (FTA) កូរ៉េ និងចិន។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយ UAE និងកូរ៉េ ក៏ដូចជាការផ្ដល់ជូនជាច្រើនទៀត និងការអនុគ្រោះនានាលើទីផ្សារនៅអឺរ៉ុប និងប្រទេសដ៏ទៃទៀត ដូច្នេះការវិនិយោគនៅកម្ពុជា គឺជាការវិនិយោគទៅកាន់ តំបន់ផ្សេងទៀតលើពិភពលោក៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់