Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអាស៊ានចំនួន ៣ ក្លាយជាដៃគូប្លុក BRICS

បានផុស

នៅ

ប្រទេសអាស៊ានចំនួន ៣ ដូចជា ថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីបានក្លាយជាដៃគូជាមួយក្រុមប្រទេស BRICS ដែលជាប្លុកសេដ្ឋកិច្ចមានរុស្ស៊ី និងចិនជាអ្នកដឹកនាំ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃទី១៥ ខែវិច្ឆិកា។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Pankin បាននិយាយនៅក្នុងកិច្ចប្រជុំរួមនៃរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម APEC ថា «​បន្ទាប់ពីកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan ប្រទេសរុស្ស៊ីបិទបញ្ចប់, សហការី APEC របស់យើងដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ បានក្លាយជាដៃគូរនៃប្លុកមួយនេះ »។

លោក Pankin បានបញ្ជាក់ទៀតថា «​ការចូលរួមរបស់ប្រទេសអាស៊ានទាំង ៣ នេះបានបង្ហាញពីបំណងប្រាថ្នារបស់ប្រជាជនពិភពលោក ក្នុងការបង្កើតសណ្តាប់ធ្នាប់ពិភពលោកដោយយុត្តិធម៌ កំណែទម្រង់ស្ថាប័នពិភពលោក និងកសាងទំនាក់ទំនងសេដ្ឋកិច្ចប្រកបដោយសមធម៌ »។

ចំណែក លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងថា បញ្ជីឈ្មោះនៃប្រទេសដៃគូថ្មីត្រូវបានយល់ព្រម ហើយប្រទេសនានានឹងត្រូវផ្ញើលិខិតអញ្ជើញជាលើកដំបូងឲ្យចូលរួមកិច្ចប្រជុំ BRICS លើកក្រោយ ហើយប្រសិនបើប្រទេសទាំងនោះឆ្លើយតបដោយវិជ្ជមាន ឈ្មោះរបស់ពួកគេនឹងត្រូវបានប្រកាសជាសាធារណៈ។

គួរបញ្ជាក់ថា ប្លុក BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដោយដំបូងឡើយមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ខណៈអាហ្រ្វិកខាងត្បូងបានចូលរួមនៅក្នុងឆ្នាំ ២០១១។ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ ២០២៤ ប្រទេសអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម ក៏បានចូលជាសមាជិករបស់ប្លុកមួយនេះផងដែរ៕

រូបភាព៖ x
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖នាវាមួយនឹងក្លាយជាជម្រកថ្មី របស់ជនជាតិអាមេរិក ផ្លាស់ទៅក្រៅប្រទេស ឬនៅឆ្ងាយពីត្រាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម