ព័ត៌មានជាតិ
សិប្បកម្មក្នុងស្រុកមួយកន្លែង យកស្លឹកម្រុំមកផលិត និងកែច្នៃចេញជាអាហារបំប៉នសុខភាព
សិប្បកម្មកែច្នៃមួយកន្លែង ដែលស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានយកស្លឹកម្រុំ មកផលិត និងកែច្នៃចេញជាអាហារបំប៉នសុខភាពតាមបែបធម្មជាតិដែលមានអនាម័យ និងគុណភាពខ្ពស់។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo2-1024x556.png)
លោកស្រី អុំ វណ្ណា ម្ចាស់សិប្បកម្ម វ៉ត-ម្រុំខ្មែរធម្មជាតិ បានឱ្យដឹងថា សិប្បកម្មរបស់អ្នកស្រីបង្កើតឡើងនៅក្នុងឆ្នាំ២០១១ ដោយដំបូងឡើយគោលបំណងសិក្សា និងកែច្នៃម្រុំធម្មជាតិនេះដើម្បីចង់ដោះស្រាយបញ្ហាសុខភាពរ៉ាំរ៉ៃជាច្រើនឆ្នាំនៅក្នុងគ្រួសារតែប៉ុណ្ណោះ។ ប៉ុន្តែដោយសារក្រុមគ្រួសាររបស់លោកស្រីប្រើប្រាស់ម្រុំធម្មជាតិនេះបានជោគជ័យ និងសុខភាពត្រឡប់មកល្អប្រសើរឡើងវិញ លោកស្រីក៏មើលឃើញឱកាសដែលអាចជួយដល់ប្រជាជនកម្ពុជាដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃដទៃទៀត។
នៅក្នុងឆ្នាំ ២០១៥ លោកស្រីក៏សម្រេចចិត្តសិក្សាបន្ថែមទៅលើបច្ចេកទេសដាំដុះ និងផលិតស្លឹកម្រុំធម្មជាតិនេះនៅប្រទេសឥណ្ឌា ហើយក៏ចាប់ផ្តើមពង្រីកការផលិតម្រុំពីបែបលក្ខណៈគ្រួសារ ទៅជាសិប្បកម្មកែច្នៃធម្មជាតិដូចពេលបច្ចុប្បន្ននេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo3-1024x578.png)
លោកស្រី អុំ វណ្ណា បានឱ្យដឹងថា រុក្ខជាតិម្រុំត្រូវបានអ្នកសិក្សាស្រាវជ្រាវរកឃើញថា មានរហូតដល់ទៅ ១៣ ពូជ ខុសៗគ្នាទៅតាមតំបន់ ក្នុងនោះពូជម្រុំដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមច្រើនជាងគេនោះគឺ ពូជម្រុំដែលដាំដុះនៅតំបន់ត្រូពិកអាស៊ីអាគ្នេយ៍នេះឯង។
តាមរយៈការបង្កើតជាសិប្បកម្មកែច្នៃស្លឹកម្រុំធម្មជាតិនេះដែរ បច្ចុប្បន្នសិប្បកម្មអ្នកស្រីបានបង្កើតដៃគូផ្គត់ផ្គង់នៅក្នុងស្រុកដ៏រឹងមាំជាមួយប្រជាកសិករនៅក្នុងតំបន់ ដោយផ្តល់ការបណ្ដុះបណ្ដាលនូវជំនាញបច្ចេកទេសដាំដុះម្រុំ តាំងពីការបណ្តុះកូន ទៅការដាក់ដាំ ការថែទាំ រហូតដល់ការប្រមូលផល។
ទន្ទឹមនេះ ដោយសារការដាំដុះនៅក្នុងសិប្បកម្មមានលក្ខណៈជាសរីរាង្គ មិនមានប្រើប្រាស់សារធាតុគីមី សិប្បកម្មបានធ្វើការបណ្តុះជីកុំប៉ុសដោយខ្លួនឯង បូករួមជាមួយការគណនាដំណក់ទឹក ទៅតាមតម្រូវការស្តង់ដាររបស់ដើមម្រុំ ហើយប្រជាកសិករក៏បានសិក្សាបានយល់ច្បាស់អំពីបច្ចេកទេសទាំងអស់នេះផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/Screenshot-2024-11-18-105619.png)
ជាលទ្ធផលខាងសិប្បកម្មអ្នកស្រី ក៏បានធានាទិញមកវិញនូវរាល់ទិន្នផលម្រុំដែលប្រជាកសិករដាំដុះបាន ដែលការធ្វើបែបនេះអាចធ្វើឱ្យប្រជាកសិករនៅក្នុងសហគមន៍អាចទទួលបានទាំងឱកាសការងារ និងប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារ។ រីឯសិប្បកម្ម គឺអាចទទួលបានវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ ផលិតបានចេញជាអាហារបំប៉នដែលមានគុណភាព និងសុវត្ថិភាពល្អនេះ។
ពាក់ព័ន្ធទៅនឹងការផលិតដើម្បីកែច្នៃម្រុំ ចេញជាផលិតផលសម្រេច ម្ចាស់សិប្បកម្មរូបនេះ បានរៀបរាប់ឱ្យដឹងថា ការផលិតម្រុំធម្មជាតិត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល ដោយក្នុងនោះត្រូវឆ្លងកាត់ការពិនិត្យ និងសម្លាប់មេរោគជាច្រើនដង ដូចជាការពិនិត្យរើសយកតែស្លឹកមានគុណភាពល្អ ការលាងសម្អាត និងការសម្លាប់មេរោគដោយពន្លឺUV ការបូតយកស្លឹកម្រុំសុទ្ធដាក់ចូលក្នុងឡកម្ដៅតាមកម្រិតស្តង់ដារដែលបានកំណត់ និងការស្តុកទុកស្លឹកក្រៀមក្នុងបន្ទប់សម្លាប់មេរោគរក្សាក្នុងសីតុណ្ហភាពថេរមួយជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/Screenshot-2024-11-18-105734.png)
អ្នកស្រី ក៏បានអះអាងបន្ថែមថា «សិប្បកម្មរបស់យើងបានអនុវត្តគោលការណ៍សុវត្ថិភាពលើការប្រើប្រាស់ម៉ាស៊ីនកិនជាម្សៅ ការអុកចេញជាគ្រាប់ ការលីង ផ្អែកតាមការត្រួតពិនិត្យ និងអនាម័យដោយមានការទទួលស្គាល់ពីស្ថាប័នជាតិនានា ហើយមកទល់ពេលបច្ចុប្បន្ននេះសិប្បកម្ម មានសាខានិងដៃគូចែកចាយនៅទូទាំងរាជធានីខេត្តសរុបចំនួន ១០៧ទីតាំង»។
ជាមួយគ្នានេះ អ្នកស្រីសង្ឃឹមថា វ៉ត-ម្រុំខ្មែរធម្មជាតិ ដែលអ្នកស្រីកំពុងផលិត និងកែច្នៃនេះនឹងក្លាយទៅជាអាហារបំប៉នសុខភាពដែលអាចជួយឱ្យប្រជាជនខ្មែរមានឱកាស និងមានលទ្ធភាពអាចទទួលបានសុខភាពល្អប្រសើរ និងអាចចូលរួមប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិនាពេលអនាគតផងដែរ។
កាលពីពេលថ្មីៗនេះ សិប្បកម្ម វ៉ត-ម្រុំខ្មែរធម្មជាតិ ក៏បាននាំផលិតផលចូលរួមពិព័រណ៌វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារនិងបដិសណ្ឋារកិច្ចអន្តរជាតិ CAMFOOD & CAMHOTEL 2024 ដែលរៀបចំឡើងនៅកោះពេជ្រ។ តាមបុគ្គលិកបានធ្វើការអះអាងថា ផលិតផលម្រុំអាចយកទៅប្រើប្រាស់និងព្យាបាលបញ្ហាសុខភាពមួយចំនួនដូចជា លាងសំអាត ស្ករ ខ្លាញ់ អាស៊ីត ផ្តាសាយញឹកញាប់ អាលែកហ្សីជាមួយអាកាសធាតុ ជួយរំលាយអាហារពិបាកបត់ជើង សំរួលចលនាបេះដូង និងប្រព័ន្ធឈាមរត់ រួមទាំងជួយកាត់បន្ថយស្រ្តេសនិងសំរកទំងន់ផងដែរ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?