ព័ត៌មានជាតិ
ដំណឹងល្អសម្រាប់នគរបាលស្ត្រី! ពីខែមករា ឆ្នាំ២០២៥ទៅ នគរបាលស្ត្រីមានផ្ទៃពោះ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ
លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា ចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ រាជរដ្ឋាភិបាល នឹងឧបត្ថម្ភសាច់ប្រាក់ជូនកងកម្លាំងជាស្ត្រីដែលមានផ្ទៃពោះ រាល់ពេលទៅពិនិត្យផ្ទៃពោះ។ ជាមួយគ្នា រដ្ឋ ក៏នឹងឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះជាប់ឃុំនៅតាមពន្ធនាគារដូចគ្នា ប៉ុន្តែកម្មវិធីនេះ ស្ថិតក្នុងដំណាក់កាលនិតីវិធីចចារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជាមុនសិន។ លោក ចន ណារិទ្ធ បានឱ្យដឹងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី រាជរដ្ឋាភិបាល បាននិងកំពុងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ ដល់ពលរដ្ឋកម្ពុជា តាមរយៈប្រព័ន្ធគាំពារសង្គម?
ក្នុងសន្និសីទសារព័ត៌មាន ធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា លោក ចន ណារិទ្ធ លើកឡើងបែបនេះ៖« …នាពេលឆាប់ៗខាងមុខនេះ កងកម្លាំងប៉ូលិស កងកម្លាំងនគរបាលជាស្ត្រី (ដែលមានផ្ទៃពោះ) គាត់នឹងទទួលបានអត្ថប្រយោជន៍ប្រភេទនេះ(កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ)ដូចគ្នាដែរ»។
ជាមួយគ្នានេះ ឆ្លើយតបនឹងសំណួរ ដែលសួរថាតើ រដ្ឋាភិបាល មានគម្រោងឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារដែរឬទេ? លោក ចន ណារិទ្ធ ឱ្យដឹងថា៖« គោលការណ៍មានហើយ! គឺការពង្រីកអត្ថប្រយោជន៍(កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ) ទៅដល់បងៗជាស្ត្រី ដែលកំពុងតែស្ថិតនៅក្នុងមជ្ឈមណ្ឌលកែប្រែ ឬក្នុងពន្ធនាគារ»។
ជុំវិញបញ្ហានេះ លោក ចន ណារិទ្ធ បានរំលឹកថា រដ្ឋបានគិតគូរចំពោះលើកិច្ចការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ កំពុងជាប់ឃុំ តាំងពីយូរណាស់មកហើយ ក៏ប៉ុន្តែកិច្ចការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះកំពុងជាប់ឃុំនេះ មិនទាន់លេចចេញជារូបរាងជាផ្លូវការបាន ក៏ព្រោះតែស្ត្រីជាប់ឃុំមិនមានសិទ្ធិ និងមិនអាចចេញទៅពិនិត្យផ្ទៃពោះ បានដូចស្ត្រីមានផ្ទៃពោះទូទៅឡើយ។ ដើម្បីពន្លឿនកិច្ចការងារនេះ បច្ចុប្បន្ន ភាគីពាក់ព័ន្ធ កំពុងស្វែងរកចំណុចរួម ដើម្បីផ្ដល់ជាប្រយោជន៍ដល់ស្ត្រីមានផ្ទៃពោះ ដែលកំពុងជាប់ឃុំនៅតាមពន្ធនាគារ។
លោកអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមរូបនេះ អះអាងថា ក្រោយបញ្ចប់នីតិវិធី ក្រុមការងារជំនាញ នឹងបញ្ជូនផែនការលម្អិតទៅកាន់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចេញជាអនុក្រឹត្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះកំពុងជាប់ឃុំនៅតាមពន្ធនាគារ។
គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់សមាជិក ប.ស.ស. ជាស្ត្រី ដែលបានចាប់ផ្តើមអនុវត្តដំបូងក្នុងឆ្នាំ២០១៨ ដោយផ្តល់ការឧបត្ថម្ភសាច់ប្រាក់ ជូនកម្មករនិយោជិតជាស្ត្រីនៅពេលសម្រាល។ ប៉ុន្តែចាប់ពីខែសីហា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានដំឡើងកម្រិតប្រាក់ឧបត្ថម្ភ ព្រមទាំងផ្តល់សេវាសុខាភិបាលបន្ថែម ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលរហូតដល់កុមារអាយុ ២ឆ្នាំ ហើយបាន ពង្រីកវិសាលភាពដល់មន្ត្រីរាជការ, មន្ត្រីកម្មសិក្សា, និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រីផងដែរ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤, ស្ត្រី និងកុមារសរុបប្រមាណ ៧៧ ម៉ឺននាក់ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទៅដល់ខេត្តក្រចេះរដូវនេះ! កុំភ្លេចសាករសជាតិសម្លត្រីឆ្កោក រដូវទឹកស្រកសំបូរត្រីចុះតាមព្រែកបឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
សន្តិសុខសង្គម២៤ ម៉ោង ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់