កីឡា
លោកយាយ ស៊ីវលាង មានមោទនភាពចំពោះចៅស្រីលេងកីឡា Esports ឈ្នះមេដាយពិភពលោក
លោកយាយ គ្រីន ស៊ីវលាង ដែលជាជីដូនរបស់កីឡាការិនីអេឡិចត្រូនិកកម្ពុជា ឆៃលីម កិន្នារី មានការគាំទ្រ និងមោទនភាពដែលចៅស្រី ក៏ដូចជាកីឡាការិនីអេឡិចត្រូនិកផ្សងទៀតមានសមត្ថភាពលេងកីឡាបច្ចេកវិទ្យារហូតដល់ឆាកអន្តរជាតិ។

កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកយាយ និងក្រុមគ្រួសារបានទៅទទួលចៅស្រី កញ្ញា ឆៃលីម កិន្នារី និងក្រុមកីឡាការិនីកម្ពុជាដែលបានវិលត្រឡប់មកពីការចូលរួមប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក លើកទី១៦ (World Esports Championship) លើវិញ្ញាសានារី Mobile Legends Bang Bang ឆ្នាំ២០២៤ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាពេលដែលក្រុមកីឡាការិនីកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងដោយបានមេដាយប្រាក់។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» លោកយាយ គ្រីន ស៊ីវលាង មានប្រសាសន៍ថា លោកយាយតាមដានមើលរហូតដល់ចប់សម្រាប់ការប្រកួតរបស់ក្រុមកីឡាការិនីកម្ពុជានៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ លោកយាយបានកោតសរសើរចំពោះចៅៗដែលជាស្ត្រីភេទ ប៉ុន្តែមានសមត្ថភាព និងតំណាងឲ្យប្រទេសជាតិចេញទៅប្រកួតលើឆាកអន្តរជាតិ។

លោកយាយមានប្រសាសន៍ថា ៖«ខ្ញុំចូលចិត្ត គាំទ្រ ហើយខ្ញុំកោតសរសើរពួកគាត់ ពីព្រោះកីឡាបច្ចេកវិទ្យានេះលឿនណាស់ ត្រូវការភាពឆ្លាតវៃទើបលេងកើត។ ចៅៗមានភាពឆ្លាតវៃ កីឡានេះលឿនរហ័សណាស់ ត្រូវការភាពឆ្លាតវៃទើបលេងទាន់។ យើងចាស់ៗ សូម្បីមើលក៏មិនទាន់ផង ពេលឃើញចៅៗមានសមត្ថភាពបែបនេះ ខ្ញុំពិតជាសប្បាយចិត្ត»។

លោកយាយ គ្រីន ស៊ីវលាង បានបញ្ជាក់ថា ៖«ខ្ញុំមានមោទនភាពខ្លាំងមែនទែន ដោយសារជាស្ត្រី។ ប្រសិនជាប្រុស ខ្ញុំមិនសូវមានមោទនភាពខ្លាំងទេ តែនេះចៅគឺជាស្ត្រី។ ស្ត្រីយើងអាចធ្វើបានមិនចាញ់មនុស្សប្រុសទេ។ ក្រុមនារីយើងទើបចាប់ផ្តើមថ្មីៗ ហើយទទួលបានចំណាត់ថ្នាក់លេខ២លើពិភពលោក។ ខ្ញុំជឿថា នៅពេលខាងមុខ យើងអាចទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងនេះ»។

លោកយាយបានឲ្យដឹងថា ចៅស្រីរបស់លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ និងមានការរងារធ្វើហើយ ដូច្នេះគ្មានប៉ះពាល់អ្វីឡើយ។ ប្រសិនបើយុវជនដែលកំពុងបន្តការសិក្សាត្រូវបែងចែកពេលវេលាឲ្យបានច្បាស់លាស់សម្រាប់ការលេងកីឡាអេឡិចត្រូនិកនេះ។
លោកយាយ គ្រីន ស៊ីវលាង បានឲ្យដឹងថា លោកយាយ និងក្រុមគ្រួសារមិនបានហាមឃាត់ចៅស្រីពីការលេងកីឡានេះទេ។ ផ្ទុយទៅវិញ ពួកគាត់បានលើកទឹកចិត្ត គាំទ្រយ៉ាងខ្លាំងចំពោះចៅស្រីដែលមានចំណង់ចំណូលចិត្តលេងកីឡានេះរហូតតំណាងជាតិចេញទៅប្រកួតនៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា ក្រុមកីឡាការិនីអេឡិចត្រូនិកជម្រើសជាតិកម្ពុជាអាចចាត់ទុកជាក្រុមចំណាត់ថ្នាក់លេខ២នៅលើពិភពលោកលើវិញ្ញាសា Mobile Legends Bang Bang បន្ទាប់ពីលេខ១គឺក្រុមឥណ្ឌូណេស៊ីដែលបានឈ្នះមេដាយមាស។ មុនឈានដល់ឈ្នះមេដាយប្រាក់ពិភពលោក ក្រុមនារីកម្ពុជាបានប្រកួតជម្រុះនៅតំបន់អាស៊ានដែលបានយកឈ្នះប្រទេសព្រុយណេ ឡាវ និងហ្វីលីពីន ទើបបានកៅអីឡើងទៅជុំចុងក្រោយនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នៅជុំចុងក្រោយ ក្រុមនារីកម្ពុជាបានឈ្នះ ម៉ុងហ្គោលី អាហ្សង់ទីន នេប៉ាល់ កូឡុំប៊ី អ៊ុយក្រែន អារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប ប៉ុន្តែចាញ់ឥណ្ឌូណេស៊ី។
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមនារីកម្ពុជានឹងទៅប្រកួតកីឡាអាឡិចត្រូនិកជើងឯកនារីអាស៊ី Asian Esports Championship នៅប្រទេសថៃ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ