ព័ត៌មានជាតិ
រោងចក្រចិនផលិតទុយោនៅអង្គស្នួល ជំរុញឲ្យជ្រើសរើសកម្ពុជាជាមូលដ្ឋាន ផលិតទុយោនាំចេញទៅទីផ្សារអាស៊ាន
ក្នុងដំណើរចុះទស្សនកិច្ចរោងចក្រផលិតទុយោរបស់ក្រុមហ៊ុន Lesso នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលកាលពីម្សិលមិញនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឲ្យក្រុមហ៊ុន Lesso អភិវឌ្ឍប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ជាមូលដ្ឋានផលិតកម្មយុទ្ធសាស្រ្តសម្រាប់នាំចេញទៅទីផ្សារនៃបណ្តាប្រទេសអាស៊ាន ដែលក្រុមហ៊ុនពុំទាន់មានរោងចក្រផលិត។
នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន Lesso លោក ហែម វណ្ណឌី បានកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័ស បន្ទាប់ពីក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២។
លោក ហែម វណ្ណឌី បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត មានសារៈសំខាន់ជាសារវន្តសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ហើយការប្រើប្រាស់ទុយោចែកចាយទឹកស្អាតដែលមានគុណភាពខ្ពស់ជាកត្តាចម្បងក្នុងការកាត់បន្ថយការបាត់បង់ទឹក និងការពង្រឹងគុណភាពសេវាទឹកស្អាត។
រោងចក្រក្រុមហ៊ុន Lesso សាងសង់លើផ្ទៃដីទំហំ ៨ ហិកតា បច្ចុប្បន្នមានបុគ្គលិកចំនួន ១៦៨ នាក់ ភាគច្រើនជាបុគ្គលិកខ្មែរ និងកំពុងដំណើរការបរិក្ខាផលិតកម្មទំនើបចំនួន ៥០ គ្រឿង ដើម្បីផលិតទុយោ និងគ្រឿងបង្គុំផ្សេងៗ ក្នុងសមត្ថភាពផលិតជាង ៤៨ ០០០ តោនក្នុងមួយឆ្នាំ។
ផលិតផលរបស់ក្រុមហ៊ុន Lesso ត្រូវបានប្រើប្រាស់ក្នុងវិស័យជាច្រើន ដូចជាវិស័យទឹកស្អាត ប្រព័ន្ធដំណក់ទឹកស្រោចស្រព (drip irrigation) ប្រព័ន្ធលូនិងទឹកកខ្វក់ និងទុយោអាលុយមីញ៉ូមសម្រាប់ការប្រើប្រាស់ក្នុងគោលដៅផ្សេងៗ។
លោករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ជម្រើសហិរញ្ញប្បទានសមស្របសម្រាប់ប្រតិបត្តិករទឹកស្អាត និងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ទូទៅ។ ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តីក៏ឲ្យក្រុមហ៊ុនពិចារណាពង្រីកមុខផលិតផលរបស់ខ្លួន ដូចជាផលិតសំបកវេចខ្ចប់ ឬកំប៉ុងអាលុយមីញ៉ូម ដើម្បីគាំទ្រដល់ឧស្សាហកម្មក្នុងស្រុកបន្ថែមទៀត។
លោក ហែម វណ្ណឌី ក៏បានលើកឡើងពីសារៈសំខាន់នៃការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដើម្បីផលិតទុយោដែលប្រើប្រាស់បានយូរ ទម្ងន់ស្រាល តម្លៃសមរម្យ និងផលិតផលិតផលទំនើបៗស្របតាមស្តង់ដារអន្តរជាតិ។ លោករដ្ឋមន្រ្តីក៏បានស្វាគមន៍ចំពោះសំណើរបស់ក្រុមហ៊ុន ក្នុងការបង្កើតស្តង់ដារទុយោសម្រាប់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងវិស័យពាក់ព័ន្ធ។
ក្រោយការបង្ហាញអំពីសាវតារ និងប្រតិបត្តិការរបស់ខ្លួន ថ្នាក់ដឹកនាំក្រុមហ៊ុន Lesso បានលើកពីចក្ខុវិស័យក្នុងការពង្រីកការនាំចេញរបស់ក្រុមហ៊ុនទៅកាន់បណ្តាប្រទេសអាស៊ាន និងពង្រឹងប្រតិបត្តិការផលិតនៅកម្ពុជា ដោយលើកឡើងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងចិន។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ហែម វណ្ណឌី និងគណៈប្រតិភូបានចុះពិនិត្យខ្សែច្រវាក់ផលិតកម្មសម្រាប់ទុយោ PVC, ដំណើរការផលិតទុយោ HDPE, ប្រព័ន្ធត្រួតពិនិត្យគុណភាព (QC), និងឃ្លាំងស្តុកផលិតផលសម្រេចរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន Lesso (Cambodia) Trading គឺជាបុត្រសម្ព័ន្ធក្រោមការវិនិយោគផ្ទាល់ទាំងស្រុងរបស់ Lesso Group Holdings Limited ដែលជាក្រុមហ៊ុនផលិតទុយោឈានមុខមួយរបស់ប្រទេសចិន បច្ចុប្បន្នមានមូលដ្ឋានផលិតកម្មចំនួន ៣០ នៅទូទាំងពិភពលោក។
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»