ព័ត៌មានអន្ដរជាតិ
ភ្នំភ្លើងនៅអ៊ីស្លង់ ផ្ទុះជាលើកទី៧ ក្នុងមួយឆ្នាំ
ភ្នំភ្លើងមួយនៅភាគនិរតីនៃប្រទេសអ៊ីស្លង់បានលាន់សូរឡើងវិញ បន្ទាប់ពីស្ងៀមស្ងាត់អស់រយៈពេល៨សតវត្សរ៍បានផ្ទុះឡើងជាលើកទី៧ចាប់តាំងពីខែធ្នូឆ្នាំមុនមក ដោយបានបញ្ជូនកម្អែរហូរឆ្ពោះទៅកាន់កន្លែងដែលទេសចរពេញនិយមដ៏សំខាន់មួយរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២២ខែវិច្ឆិកានេះ។
ការផ្ទុះភ្នំភ្លើងនៅលើឧបទ្វីប Reykjanes បានចាប់ផ្តើមជាមួយនឹងការព្រមានតិចតួចនៅម៉ោង ១១:១៤យប់ថ្ងៃពុធ ហើយបានបង្កើតស្នាមប្រេះស្រាំប្រេវែងប្រហែល៣គីឡូម៉ែត្រ។ យោងតាមការិយាល័យឧតុនិយមរបស់ប្រទេសអ៊ីស្លង់ដែលតាមដានសកម្មភាពរញ្ជួយដី សកម្មភាពនេះត្រូវបានប៉ាន់ប្រមាណថា មានទំហំតូចជាងការផ្ទុះលើកមុនក្នុងខែសីហា ហើយការផ្ទុះភាគច្រើនបានថយចុះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
លោក Magnús Tumi Guðmundsson សាស្ត្រាចារ្យផ្នែកភូគព្ភសាស្ត្រ ដែលបានហោះហើរពីលើកន្លែងកើតហេតុជាមួយទីភ្នាក់ងារការពារជនស៊ីវិល ដើម្បីតាមដានព្រឹត្តិការណ៍នេះ បានប្រាប់ឲ្យដឹងថា «នៅក្នុងរូបភាពធំ នេះគឺតូចជាងការផ្ទុះចុងក្រោយបន្តិច ដែលបានកើតឡើងនៅក្នុងខែឧសភា ទោះយ៉ាងណាក៏ត្រូវតែមានការប្រុងប្រយ័ត្ន»។
ទោះបីការផ្ទុះមិនគំរាមកំហែងដល់ការធ្វើដំណើរតាមផ្លូវអាកាស អាជ្ញាធរនៅតែព្រមានអំពីការបំភាយឧស្ម័ននៅទូទាំងផ្នែកនៃឧបទ្វីបនេះ រួមទាំងទីក្រុង Grindavík ក្បែរនោះផងដែរ ដែលត្រូវបានជម្លៀសភាគច្រើនកាលពីមួយឆ្នាំមុន ដោយសារភ្នំភ្លើងនេះបានរស់ឡើងវិញបន្ទាប់ពីបានស្ងប់ស្ងាត់អស់រយៈពេល ៨០០ឆ្នាំ។
ផ្ទះប្រជាពលរដ្ឋប្រហែល ៥០ ខ្នងត្រូវបានជម្លៀសចេញ បន្ទាប់ពីទីភ្នាក់ងារការពារជនស៊ីវិលបានចេញការជូនដំណឹងនេះ រួមជាមួយនឹងភ្ញៀវទេសចរណ៍នៅឯ Blue Lagoon ដោយសារកម្អែភ្នំភ្លើងបានរាលដាលពាសពេញចំណតរថយន្តនៃកន្លែងស្ប៉ា ជាកន្លែងទេសចរណ៍ដ៏ធំបំផុតមួយរបស់ប្រទេសអ៊ីស្លង់។
ជាមួយគ្នានេះការផ្ទុះភ្នំភ្លើងម្តងហើយម្តងទៀតនៅជិត Grindavík ដែលមានចម្ងាយប្រហែល ៥០គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានី Reykjavik និងមានប្រជាជនមុនពេលការផ្ទុះចំនួន ៣៨០០ នាក់បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិ ដែលបង្ខំឱ្យអ្នកស្រុកជាច្រើនត្រូវផ្លាស់ទីលំនៅដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។
គួរបញ្ជាក់ថា ប្រទេសអ៊ីស្លង់ ដែលស្ថិតនៅពីលើចំណុចក្តៅនៃភ្នំភ្លើងនៅអាត្លង់ទិកខាងជើង ជាមធ្យមមានការផ្ទុះមួយរៀងរាល់ ៤ ទៅ ៥ឆ្នាំម្តង។ ការរំខានបំផុតក្នុងរយៈពេលថ្មីៗនេះគឺការផ្ទុះភ្នំភ្លើង Eyjafjallajokull ឆ្នាំ ២០១០ ដែលបានបញ្ចេញពពកផេះចូលទៅក្នុងបរិយាកាស និងរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសឆ្លងកាត់អាត្លង់ទិកអស់រយៈពេលជាច្រើនខែ៕
អត្ថបទ៖ ប៊ុន សុភាព
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»