ព័ត៌មានជាតិ
ការស្នើសុំបើកស្ថានីយប្រេងឥន្ធនៈកាត់បន្ថយពេលពី ៤៥ ថ្ងៃមកនៅត្រឹម ២៤ ថ្ងៃ
បើតាមការគូសបញ្ជាក់ពីលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ក្រោយការកែទម្រង់ថ្មី ការស្នើសុំបើកស្ថានីយប្រេងឥន្ធនៈបានកាត់បន្ថយនីតិវិធីស្នើសុំពី ៤៥ ថ្ងៃមកនៅត្រឹមតែ ២៤ ថ្ងៃប៉ុណ្ណោះ។
ថ្លែងនៅក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងរ៉ែ និងថាមពល” ដែលរៀបចំឡើងកាលពីម្សិលមិញនេះ លោក កែវ រតនៈ បានគូសបញ្ជាក់ថា ក្រសួងបានផ្ដល់ភាពងាយស្រួលជូនអាជីវករក្នុងការដាក់ពាក្យស្នើសុំបើកស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ដោយកាត់បន្ថយក្រដាសស្នាម និង បន្ថយពេលវេលាអនុម័ត។
«មុនការកែទម្រង់ តាមនីតិវិធីនៃដំណើរការពិនិត្យនិងសម្រេចលើពាក្យស្នើសុំគឺកំណត់ពេល ៤៥ ថ្ងៃ ប៉ុន្តែចរន្តឯកសារជាក់ស្ដែងលឿនបំផុតត្រូវការពេល ៥១ ថ្ងៃ និងយឺតបំផុតត្រូវការរយៈពេល ៥៦២ ថ្ងៃ»។ នេះបើតាមលោក កែវ រតនៈ។
បន្ទាប់ពីការកែទម្រង់អនុម័ត និងអនុវត្តនីតិវិធីថ្មី ចរន្តឯកសារពិនិត្យនិងអនុម័តត្រូវការប្រើពេលវេលាត្រឹម ២៤ ថ្ងៃប៉ុណ្ណោះ។ ពាក្យស្នើដែលជាប់ស្ទះមុនកែទម្រង់នីតិវិធីថ្មីមាន ១ ៣១៧ សំណុំឯកសារ បច្ចុប្បន្នត្រូវបានដោះស្រាយរួចរាល់។ លោក កែវ រតនៈ បញ្ជាក់បន្ថែម។
បច្ចុប្បន្នមានស្ថានីយសរុបចំនួន ៦ ១៨៦ ស្ថានីយទូទាំងប្រទេស ដែលផ្ដល់ការងារជាង ២ ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
បើតាមលោក កែវ រតនៈ នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងមានផែនការស្នើសុំរាជរដ្ឋាភិបាលពិនិត្យនិងគាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាតក្នុងប្រទេសជំហានទី១ ជាមួយនឹងការកំណត់រូបរាង និងវិសាលភាពនៃការធ្វើសន្និធិប្រេងបម្រុងជាយុទ្ធសាស្ត្រ «Strategic Petroleum Reserve» ទោះបីជាប្រទេសកម្ពុជាមានទីផ្សារប្រេងនៅតូចក៏ដោយ។
ជាមួយគ្នានេះ ក្រសួងកំពុងរៀបចំការគាំទ្រនានា សម្រាប់សម្រួលដល់ការដឹកជញ្ជូន និងផ្គត់ផ្គង់ឧស្ម័ន LNG ដល់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័ន LNG អានុភាព ៩០០ មេហ្កាវ៉ាត់ លើកទី១ របស់ព្រះរាជាណាចក្រកម្ពុជានៅខេត្តកោះកុង។ ទន្ទឹមនោះ ក្នុងបរិបទអន្តរកាលថាមពល ក្រសួងនឹងធ្វើបច្ចុប្បន្នភាពក្របខណ្ឌគោលនយោបាយស្ដីពីវិស័យប្រេងកាត និង រៀបចំលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត ជាពិសេសការដាក់ឲ្យអនុវត្តបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាព សម្រាប់រៀបចំប្រព័ន្ធផ្គត់ផ្គង់និងចែកចាយឧស្ម័នឥន្ធនៈក្នុងអគារ។
បើតាមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅឆ្នាំ២០២៤ វិស័យប្រេងកាតបាន ផ្តល់សេវាសាធារណៈផ្សេងៗ និងរួមចំណែកប្រមូលចំណូលពីកាតព្វកិច្ចជូនរដ្ឋបានចំនួនប្រមាណ ១២,៣៥ លានដុល្លារអាមេរិក៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ