Connect with us

ព័ត៌មានអន្ដរជាតិ

ប្រតិកម្ម​ពិភពលោក ក្រោយពេល ICC ចេញ​ដីកា​ចាប់​ខ្លួន​មេ​ដឹកនាំ​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស

បានផុស

នៅ

អ៊ីស្រាអែល និង​សម្ព័ន្ធមិត្ត ​បាន​​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ​ក្នុង​ការ​ចេញ​ដីកា​ចាប់​ខ្លួន​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu កាលពី​ថ្ងៃ​ព្រហស្បតិ៍។ យ៉ាង​ណា ចំណាត់ការ​នេះ ក៏​មាន​ការ​ស្វាគមន៍​ពី​សហគមន៍​​អន្តរជាតិ​​មួយ​ចំនួន​ផង​ដែរ​ ដូចជា តួកគី និង​ក្រុម​សិទ្ធិ​មនុស្ស​ ជា​ដើម។

លោក Benjamin Netanyahu លោក Yoav Gallant និង​លោក Mohammed Deif
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ICC ក៏បានចេញដីកា​ចាប់​ខ្លួន​អតីតរដ្ឋមន្ត្រីការពារជាតិរបស់អ៊ីស្រាអែល លោក Yoav Gallant ក៏ដូចជាប្រមុខយោធារបស់ក្រុម​​​ហាម៉ាស លោក Mohammed Deif។

ពួកគេ ត្រូវបាន​ចោទ​ប្រកាន់​​ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែល​លើក្រុមហាម៉ាស​ក្នុង​តំបន់ហ្គាហ្សា ដែលធ្វើឡើងដោយការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីថ្ងៃទី៧​ខែតុលាឆ្នាំ២០២៣។

អ៊ីស្រាអែល

លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការសម្រេចចិត្តប្រឆាំងនឹងជន​ជាតិ​ជ្វីហ្វ​របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺអាចប្រៀបធៀបទៅនឹងការកាត់ក្តី​សំណុំ​រឿង Dreyfus សម័យទំនើប ហើយវានឹងបញ្ចប់តាមរបៀបដូចគ្នា»។ ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល សំដៅទៅលើ​រឿង​ក្ដី​លោក Alfred Dreyfus នៅសតវត្សរ៍ទី១៩ ដែលមេទ័ពជ្វីហ្វ​រូប​នោះ​ត្រូវបានកាត់ទោស​ដោយ​គ្មាន​កំហុស​ពីបទក្បត់ជាតិនៅប្រទេសបារាំង មុនពេលត្រូវបានដោះលែង​វិញ។

សហរដ្ឋអាមេរិក

ប្រធានាធិបតីអាមេរិក លោក Joe Biden បាន​លើក​ឡើង​ថា៖ «ការចេញដីកាចាប់ខ្លួន​របស់​ ICC ប្រឆាំងនឹងមេដឹកនាំអ៊ីស្រាអែល គឺជារឿងដ៏ហួសចិត្ត។ ខ្ញុំសូមបញ្ជាក់ម្តងទៀត អ្វីក៏ដោយដែល ICC អាចបញ្ជាក់ វាមិនមានភាពស្មើគ្នាទេ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ យើង​នឹង​ឈរ​ជាមួយ​អ៊ីស្រាអែល​ជានិច្ច​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ដល់​សន្តិសុខ​របស់​ខ្លួន»។

អាហ្សង់ទីន

លោក​ប្រធានាធិបតី Javier Milei បានបង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖ «អាហ្សង់ទីន សូម​ប្រកាស​ការ​​ជំទាស់​​ជា​ខ្លាំង​ជាមួយ​​នឹង​ការ​សម្រេច​ចិត្ត​នោះ ដែល​​ពង្រើយ​កន្ដើយ​លើ​សិទ្ធិ​ស្រប​ច្បាប់​របស់​អ៊ីស្រាអែល​ដើម្បី​ការ​ពារ​ខ្លួន ប្រឆាំង​​នឹង​ការ​វាយ​ប្រហារ​ឥត​ឈប់​ឈរ​​ដោយ​​ក្រុម​ភេរវករ ដូចជា ហាម៉ាស និង​​ហេសបូឡា»។

ហាម៉ាស

លោក Bassem Naim សមាជិកការិយាល័យនយោបាយរបស់ហាម៉ាស បាននិយាយ​ដោយ​សំដៅ​លើ​​ដីកា​​ចាប់​ខ្លួន​មេ​ដឹក​នាំ​អ៊ីស្រាអែល​ថា៖ «វា​​ជា​ជំហានដ៏សំខាន់មួយឆ្ពោះទៅរកយុត្តិធម៌ ហើយអាចនាំទៅរកការដោះស្រាយជូនជនរងគ្រោះជាទូទៅ ប៉ុន្តែវានៅមានកម្រិត និង​មាន​ការ​​អនុវត្ត​តិចតួច បើវាមិនត្រូវបានគាំទ្រដោយគ្រប់មធ្យោបាយពីគ្រប់ប្រទេសជុំវិញពិភពលោក»។

សហភាពអឺរ៉ុប

លោក Josep Borrell ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​ បាន​ថ្លែង​ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្ស៊កដានី​ថា៖ «វា​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ខាង​នយោបាយ​ទេ។ វា​ជា​ការ​សម្រេច​របស់​តុលាការ​ របស់​តុលាការ​យុត្តិធម៌ និង​របស់​​តុលាការ​យុត្តិធម៌​អន្តរជាតិ។ ហើយ​ការ​សម្រេច​របស់​តុលាការ​ត្រូវ​តែ​គោរព និង​អនុវត្ត»។

ជនរងគ្រោះ​អ៊ីស្រាអែល

អ្នកស្រី Yael Vias Gvirsman ដែលតំណាងឲ្យ​ជនរងគ្រោះអ៊ីស្រាអែល ៣០០នាក់នៃការវាយប្រហាររបស់ពួកហាម៉ាសថ្ងៃទី៧ខែតុលា​ឆ្នាំ​មុន បាន​និយាយ​ពី​ខាង​ក្រៅ​តុលាការ​​ទីក្រុង​ឡាអេ​​ថា៖ «ដីកាចាប់ខ្លួន​ប្រឆាំងនឹងលោក Deif គឺមានសារៈសំខាន់យ៉ាងខ្លាំង។ វា​មាន​ន័យ​ថា​ សំឡេង​របស់​ជន​រង​គ្រោះ​ទាំង​នេះ​កំពុង​ត្រូវ​បាន​គេ​​ដឹង​ឮ​»។

អាជ្ញាធរប៉ាឡេស្ទីន

អាជ្ញាធរប៉ាឡេស្ទីន ដែលជាគូប្រជែងនឹងក្រុមហាម៉ាស បាន​ប្រាប់​ថា៖ «ការសម្រេចចិត្តរបស់ ICC តំណាង​ឲ្យក្តីសង្ឃឹម និងទំនុកចិត្តចំពោះច្បាប់អន្តរជាតិ និងស្ថាប័នរបស់ខ្លួន»។ អាជ្ញាធរ​ប៉ាឡេស្ទីន បានជំរុញឲ្យសមាជិក ICC អនុវត្ត «គោលនយោបាយនៃការ​កាត់​ផ្ដាច់​ទំនាក់ទំនង និងការប្រជុំ» ជាមួយលោក Netanyahu និងលោក Gallant។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស

«ដីកាចាប់ខ្លួន ICC ប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់អ៊ីស្រាអែល និងមន្ត្រីក្រុមហាម៉ាស ទម្លាយការយល់ឃើញថា បុគ្គលមួយចំនួនហួសពីលទ្ធភាពនៃច្បាប់»។

តួកគី

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​តួកគី លោក Yilmaz Tunc បាននិយាយ​នៅលើ​បណ្ដាញ​សង្គម X ថា ការ​សម្រេច​របស់​ ICC «ត្រូវ​បាន​​ធ្វើ​ឡើង​យឺត​ពេល ប៉ុន្តែ​ជា​ការ​សម្រេច​ចិត្ត​វិជ្ជមាន ដើម្បី​បញ្ឈប់​ការ​បង្ហូរ​ឈាម និង​បញ្ចប់​​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ប៉ាឡេស្ទីន»។

ចំណែក​រដ្ឋមន្ត្រីការបរទេស លោក Hakan Fidan បានស្វាគមន៍ចំពោះដីកានេះថាជា «ជំហានដ៏សំខាន់បំផុត»។

អ៊ីតាលី

រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បាននិយាយថា ប្រទេសរបស់លោកនឹងមានកាតព្វកិច្ចចាប់ខ្លួនលោក Netanyahu និង​លោក Gallant បើពួកគេ​ចូល​​ទឹក​ដី​អ៊ីតាលី។ យ៉ាង​​ណា​មិញ លោកបានបន្ថែមថា លោកជឿថា ICC គឺ «ខុស» ត្រង់​ថា​ដាក់​ទោស​​លោក Netanyahu ឲ្យ​ស្ថិតក្នុងកម្រិតដូចគ្នាជាមួយនឹងក្រុមហាម៉ាស​ដែរ។

អេស្ប៉ាញ

ប្រទេសអេស្ប៉ាញ បាននិយាយថា ខ្លួននឹងអនុវត្តតាមសេចក្តីសម្រេចនេះ ដោយប្រភពផ្លូវការបានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ថា អេស្ប៉ាញ «គោរពការសម្រេចចិត្ត​នេះ ហើយនឹងអនុលោមតាមការប្តេជ្ញាចិត្ត និងកាតព្វកិច្ចរបស់ខ្លួនក្នុងការអនុលោមតាមលក្ខន្តិកៈទីក្រុងរ៉ូម និងច្បាប់អន្តរជាតិ»។

ន័រវែស

រដ្ឋមន្ត្រី​ការបរទេស​លោក Espen Barth Eide បាន​ប្រាប់​​ថា​៖ «វាមានសារៈសំខាន់ដែល ICC អនុវត្ត​ដីកា​របស់ខ្លួនក្នុងលក្ខណៈវិនិច្ឆ័យ។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​ តុលាការ​នឹង​បន្ត​លើ​ករណី​នេះ​ដោយ​ផ្អែក​លើ​ស្តង់ដារ​កាត់​ក្តី​ដោយ​យុត្តិធម៌​ខ្ពស់​បំផុត»។​

ស៊ុយអែត

រដ្ឋមន្ត្រីការបរទេស លោកស្រី Maria Malmer Stenergard បាន​បញ្ជាក់​ថា៖ «ស៊ុយអែត និងសហភាពអឺរ៉ុប គាំទ្រការងារសំខាន់របស់តុលាការ និងការពារឯករាជ្យភាព និងសុចរិតភាពរបស់ខ្លួន»។

បែលហ្ស៊ិក

ក្រសួងការបរទេសរបស់ប្រទេសបែលហ្ស៊ិក បាន​​បង្ហោះ​នៅលើ X ថា៖ «ការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព នៅកន្លែងណាដែលឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្ត គឺជាអាទិភាពសម្រាប់ប្រទេសបែលហ្សិក ដែលគាំទ្រយ៉ាងពេញទំហឹងដល់ការងាររបស់ (ICC)។ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​នៅ​អ៊ីស្រាអែល និង​ហ្គាហ្សា ត្រូវ​តែ​កាត់​ទោស​​យ៉ាង​ធ្ងន់ធ្ងរ​បំផុត មិន​ថា​​ជា​​បុគ្គល​ណា​ក៏​ដោយ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២២ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង សម្លាប់អ្នកដំណើរ ២៣ នាក់ ខណៈដឹកមនុស្សសរុប ១៨១ នាក់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ

Sokha Hotels

ព័ត៌មានពេញនិយម