Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី អំពាវនាវឱ្យគ្រប់ប្រទេសរួមគ្នាកសាងពិភពលោកគ្មានមីន

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់រួមគ្នាអនុវត្តអនុសញ្ញាអូតាវ៉ា ដើម្បីកសាងពិភពលោកមួយដែលមានសុវត្ថិភាព និងគ្មានមីន មិនសម្រាប់តែបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយៗថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការហាមឃាត់ ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស​លោក​។ អនុសញ្ញាអូតាវ៉ា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ហើយអនុសញ្ញានេះ មាន​រដ្ឋ​ភាគីចំនួន ១៦៤ប្រទេស អង្គការសង្គមស៊ីវិលជាច្រើន ជាសមាជិក និង​ជា​ដៃ​គូ​។ អនុសញ្ញាអូតាវ៉ា មានគោលដៅបញ្ចប់នូវទុក្ខសោកវេទនា​របស់ប្រជាពល​រដ្ឋ​ពិភពលោក ដែលបង្កើតឡើងដោយសំណល់ជាតិផ្ទុះពីសង្គ្រាម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងចាត់ទុកអនុសញ្ញាអូតាវ៉ា ថា ពិតជាមានសារៈសំខាន់ណាស់ ហើយបានក្លាយជាបទដ្ឋានសកលមួយក្នុងការប្រឆាំងនឹងការប្រើប្រាស់អាវុធបែបនេះ និងជាបង្គោលនៃក្តីសង្ឃឹមសម្រាប់ប្រទេសដែលរងផលប៉ះពាល់។ សម្ដេចធិបតី សង្កត់ធ្ងន់ថា ទាំងអ្នកវិនិយោគ និងអ្នកទេសចរ នឹងមិនមកប្រទេសដែលមានសញ្ញាក្រហម «ប្រយ័ត្នគ្រាប់មីន» នោះទេ។ ខណៈជាមួយគ្នានេះ ស្លាកស្នាមដែលគ្រាប់មីនបានបន្សល់ទុក គឺទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជាការរំលឹកប្រចាំថ្ងៃអំពីភាពរន្ធត់កាលពីអតីតកាល។

សម្តេចធិបតី បានបញ្ជាក់ដូច្នេះថា៖ «យើងត្រូវបញ្ជាក់ឡើងវិញនូវការរួបរួមគ្នាក្រោមអនុសញ្ញាអូតាវ៉ាដែលជាឯកសារដ៏សំខាន់រួមរបស់មនុស្សជាតិ។ កម្ពុជា អំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់ចូលរួមជាមួយយើងក្នុងបេសកកម្មនេះ គឺដើម្បីកសាងពិភពលោកមួយដែលមានសុវត្ថិភាព និងសន្តិភាពជាងមុន មិនមែនសម្រាប់តែបច្ចុប្បន្ននេះប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយៗទៀត»

ក្នុងន័យនេះ សម្តេចធិបតី ទទូចឱ្យទាំងអស់គ្នាអនុវត្តការប្តេជ្ញាចិត្តនេះ មិនត្រឹមតែជាគោលដៅសម្រាប់មនុស្សជំនាន់នេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសន្យាសម្រាប់អ្នកជំនាន់ក្រោយផងដែរ។

ការថ្លែងខាងលើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤​នេះ នៅខេត្តសៀមរាប។

សម្ដេចធិបតី ថ្លែងថា ការជួបជុំពេលនេះនៅទីក្រុងប្រវត្តិសាស្ត្រនេះ គឺជាភស្តុតាងដ៏មានឥទ្ធិពលមួយនៃការប្តេជ្ញាចិត្តរួមគ្នា ក្នុងកសាងពិភពលោកមួយដែលកាន់តែមានសុវត្ថិភាព។ ក្នុងយុគសម័យ ដែលមានជម្លោះប្រដាប់អាវុធ និងការប្រឈមមុខផ្នែកភូមិសាស្ត្រនយោបាយ វាជាការចាំបាច់ក្នុងការទទួលស្គាល់អំពីភាពបំផ្លិចបំផ្លាញបង្កឡើងដោយអាវុធប្រល័យ ជាពិសេសគ្រាប់មីនប្រឆាំងមនុស្ស។ សម្ដេច បន្តថា ឧបករណ៍ទាំងនេះ នៅតែបន្តបំផ្លាញ និងសម្លាប់ប្រជាជនស៊ីវិលស្លូតត្រង់ សូម្បីតែក្រោយការបញ្ចប់សង្គ្រាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម