Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសេដ្ឋកិច្ច៖«ការពង្រឹងប្រព័ន្ធអេកូឡូស៊ី​សហគ្រិនភាព កាន់តែសំខាន់ និងកាន់តែបន្ទាន់ ក្នុងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ច»

បានផុស

នៅ

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងឱ្យដឹងថា ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គឺកាន់តែមានសារៈសំខាន់ និងកាន់តែមានភាពបន្ទាន់ នៅក្នុងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅក្នុងទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលធ្វើឡើងនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ​មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយសហគ្រិនខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បានរំលេចនូវតួនាទីដ៏សំខាន់នៃសហគ្រិនភាព ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងស្ថិរភាពសង្គម។លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា៖«ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព កាន់តែមានសារៈសំខាន់ និងកាន់តែបន្ទាន់ ក្នុងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍសមត្ថភាព និងស្តង់ដារផលិត កម្ម ក្នុងន័យពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ ដើម្បីកាត់បន្ថយការនាំចូល និងជំរុញការនាំចេញ»។

ចំណែក លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរវិញដែលបានអញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនេះ ក៏បានលើកឡើងផងដែរថា៖«ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព មានគោលដៅផ្តល់ភាពអង់អាច និងជំរុញទឹកចិត្តសហគ្រិនជំនាន់ថ្មីរបស់កម្ពុជា ដោយផ្តល់ឱកាសកសាងបណ្តាញធុរកិច្ច ចែករំលែកចំណេះដឹង ដាក់តាំងបង្ហាញផលិតផល និងសេវាកម្មដែលកើតចេញពីនវានុវត្តន៍ និងគំនិតច្នៃប្រឌិតរបស់សហគ្រិន»។

សូមបញ្ជាក់ជូនថា ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានរយៈពេល២ថ្ងៃនេះ មានស្តង់ផលិតផលចូលរួមជាង២០០ស្តង់ និងមានកម្មវិធីសំខាន់ៗ ដូចជា ការប្រកួតប្រជែងសង្វៀនរ៉ូបូត (BATTLEBOTX), ពិធីសម្ពោធកម្មវិធីសហគ្រិនមហាវិទ្យាល័យ រដូវកាលទី៣, កម្មវិធីប្រកួតគំរូធុរកិច្ច Y2B HACKATHON, វេទិកាផ្សារភ្ជាប់អ្នកផលិតនិងទីផ្សារ, សន្និសីទវិនិយោគប្រកបដោយនិរន្តភាព, សន្និសីទប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព, និងពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤។

គិតមកត្រឹមឆ្នាំ២០២៤ សហគ្រិនខ្មែរ បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិន​ភាព ដោយបានអនុវត្តកម្មវិធីចំនួន៣៧៩, ប្រើប្រាស់ថវិកាសរុបប្រមាណ១៥លានដុល្លារ, និងទាក់ទាញថវិកាពីដៃគូសរុបប្រមាណ២៥លានដុល្លារ។ អ្នកទទួលផលដោយផ្ទាល់ពីកម្មវិធីមានចំនួន ប្រមាណ៥,៧ម៉ឺននាក់ និងអ្នកទទួលបានថវិកាគាំទ្រមានចំនួនប្រមាណ៧៧០នាក់ រួមមានសិស្សថ្នាក់វិទ្យាល័យ និស្សិតថ្នាក់សាកលវិទ្យាល័យ ធុរកិច្ចថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅទូទាំងប្រទេស។ ជាមួយគ្មានេះ សហគ្រិនខ្មែរ ក៏បានផ្តល់ថវិកាគាំទ្រសរុបប្រមាណ៣លានដុល្លារ និងទាក់ទាញថវិកាពីវិស័យឯកជនក្នុងទម្រង់ជាឥណទានប្រមាណ១២លានដុល្លារ និងក្នុងទម្រង់ជាការវិនិយោគប្រមាណ២៥លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម