Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អំពាវនាវដៃគូពាក់ព័ន្ធបន្តសកម្មភាពរួមគ្នា បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី

បានផុស

នៅ

លោកស្រី អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអំពាវនាវដល់ដៃគូពាក់ព័ន្ធឱ្យបន្តសកម្មភាពរួមគ្នា ដើម្បីចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។

ការអំពាវនាវនេះ ធ្វើឡើងតាមរយៈវីដេអូជិត៤នាទី របស់រដ្ឋមន្ត្រីក្រសួងកិច្ចការនារី សម្រាប់ យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រីឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាលើស្រ្តី ដើម្បីវឌ្ឍនភាពសង្គមនិងពិភពលោក” ដែលក្រសួងបានចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកស្រី អុឹង កន្ថាផាវី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អុឹង កន្ថាផាវី បានលើកឡើងថា ការបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីទទួលបានលទ្ធផលល្អ ដោយបានមកបីការខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រីប្រកបដោយប្រសិទ្ធភាពខ្ពស់ ពីក្រសួង ស្ថាប័ន អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ លោកស្រី សង្កេតឃើញថា ទម្រង់នៃអំពើហិង្សាមានការវិវត្តក្រោមរូបភាពថ្មីៗ តាមប្រព័ន្ធបច្ចេកវិទ្យា។ ហេតុដូច្នេះហើយ លោកស្រីបានអំពាវនាវដល់ដៃគូពាក់ព័ន្ធបន្តពង្រឹងចាត់វិធានការគ្រប់បែបយ៉ាងដោយផ្ទាល់ និងតាមបច្ចេកវិទ្យា ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី និងជាឱកាសអំណាយផលដល់ស្ត្រី និងក្មេងស្រី ក្នុងការអភិវឌ្ឍខ្លួន ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ក្នុងវីដេអូនោះ លោកស្រី អុឹង កន្ថាផាវី ក៏បានបញ្ជាក់ថា៖ “លទ្ធផលនៃការអនុវត្តផែនការសកម្មភាពជាតិ ទី១ ទី២ ទី៣ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី បានបង្ហាញលទ្ធផលជាវិជ្ជមាន។ ការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ បានបង្ហាញថា អំពើហិង្សាក្នុងគ្រួសារ ឬអំពើហិង្សាពីដៃគូស្និតស្នាលមានការថយចុះគួរឱ្យកត់សម្គាល់ ពី២៩% ឆ្នាំ២០១៤ មកដល់២១% ក្នុងឆ្នាំ២០២២”។

យុទ្ធនាការឆ្នាំមុន

សូមជម្រាបថា យុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅកម្ពុជា និងលើពិភពលោក ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ។ យុទ្ធនាការនេះ ជាយុទ្ធនាការសកល ដែលពិភពលោកបានប្រារព្ធឡើងរយៈពេល១៦ថ្ងៃ ក្នុងការប្រឆាំងអំពើហិង្សាលើស្ត្រី និងក្មេងស្រី។ ទន្ធឹមនេះ ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៣៣ នៃយុទ្ធនាការ១៦ថ្ងៃ ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាលើស្រ្តី ដើម្បីវឌ្ឍនភាពសង្គមនិងពិភពលោក”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម