ព័ត៌មានជាតិ
គិតមកដល់ពេលនេះ មានពលរដ្ឋជិត ១ ម៉ឺនគ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់អភិវឌ្ឍរុនតាឯក និងពាក់ស្នែង
ក្នុងគោលដៅរៀបចំតំបន់រមណីយដ្ឋានឧទ្យានជាតិអង្គរ ឱ្យកាន់តែប្រសើរក្រោមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប ក្រសួង ស្ថាប័ន សហគមន៍ និងអង្គការពាក់ព័ន្ធ បានចុះសិក្សាអំពីស្ថានភាពជាក់ស្តែងតំបន់ដែលប៉ះពាល់ដល់ប្រាង្គប្រាសាទ បុរាណដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយសមស្រប ក្នុងនោះបានចុះស្រង់ទិន្នន័យក្បាលដីមានសំណង់ ក្បាលដីកសិកម្ម ស្ថិតិចំនួនប្រជាពលរដ្ឋ គ្រួសារពលរដ្ឋ នៅក្នុងតំបន់ការពារទី១ និងតំបន់ការពារទី២ នៃភូមិបុរាណទាំង ១១៤ ភូមិ នៅក្នុងតំបន់រមណីយដ្ឋានឧទ្យានជាតិអង្គរ។
ឈរលើគោលដៅលើកកម្ពស់ជីវភាពរស់នៅ សិទ្ធិកាន់កាប់អចលនទ្រព្យ រាជរដ្ឋាភិបាលបានរៀបចំអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែង ដើម្បីផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តប្តូរទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍ទាំង២ តាមរយៈការចាប់ឆ្នោត ដោយក្នុងមួយគ្រួសារទទួលបានដីឡូត៍ទំហំ ២០មx៣០ម និងផ្តល់នូវការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជាផ្លូវ ទឹកស្អាត អគ្គិសនី សាលារៀន មន្ទីរពេទ្យ ផ្សារ វត្តអារាម និងគោលនយោបាយផ្សេងទៀតជាដើម។
យោងតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលរៀបចំកាលពីម្សិលមិញបានបង្ហាញថា មកដល់ពេលនេះមានគ្រួសារប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាប់ឆ្នោតទទួលយកគោលនយោបាយជាដីឡូត៍ទៅរស់នៅទីតាំងអភិវឌ្ឍថ្មីសរុបមានចំនួន ៩ ៩០៤ គ្រួសារ ក្នុងនោះទៅតំបន់អភិវឌ្ឍរុនតាឯកចំនួន ៥ ៨៦៥ គ្រួសារ (ទទួលបានបណ្ណកម្មសិទ្ធិលើដីឡូត៍ ៥ ៦៨៦) និងតំបន់អភិវឌ្ឍពាក់ស្នែងចំនួន ៤ ០៣៩គ្រួសារ។
យោងតាមអនុក្រឹត្យលេខ ០៧ អនក្រ.បក ចុះថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែប្រែតំបន់រុនតាឯក នៅក្នុងខេត្តសៀមរាប ទៅជា «ទីក្រុងរុនតាឯកតេជោសែន» ជាផ្លូវការ។
ក្រុងរុនតាឯកតេជោសែននៃខេត្តសៀមរាបកាត់យកឃុំចំនួនពីរ គឺឃុំរុនតាឯកពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង រៀបចំបង្កើតជាសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក ខណៈទីតាំងរដ្ឋបាលស្ថិតនៅក្នុងសង្កាត់រុនតាឯក៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)