ជីវិតកម្សាន្ដ
មន្ត្រីជាន់ខ្ពស់ ៖ មហោស្រពជាតិភាពយន្តខ្នាតខ្លី រួមចំណែកអភិវឌ្ឍន៍ ឧស្សាហកម្មភាពយន្តនៅកម្ពុជាកាន់តែល្អប្រសើរ
មន្ត្រីជាន់ខ្ពស់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានក្លាយជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការផ្តល់ឱកាសឲ្យយុវជន យុវនារី ចូលរួមបញ្ចេញ ទេពកោសល្យ សមត្ថភាព ភាពច្នៃប្រឌិតក្នុងការផលិតស្នាដៃភាពយន្តរបស់ខ្លួន និងបានរួមចំណែកជួយអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តនៅកម្ពុជាកាន់តែល្អប្រសើរឡើងថែមទៀត។

ថ្លែងបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី ៤ កាលពីយប់ថ្ងៃទី ២៥ វិច្ឆិកា នៅសាលសន្និសីទចតុម្មុខ លោក សោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៦ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ប្រកបដោយសមត្ថភាពទេពកោសល្យ ក្នុងវិស័យភាពយន្ត សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ យុវជនទាំងអស់បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតស្នាដៃភាពយន្តថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិត ព្រមទាំងបានបង្កប់នូវអត្ថន័យខ្លឹមសារអប់រំ សីលធម៌ គុណធម៌ និងអត្តសញ្ញាណជាតិ ដែលសកម្មភាពទាំងនេះ មិនត្រឹមតែបានជួយអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារវប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ជាតិយើង។
លោករដ្ឋលេខាធិការ បានបន្តថា «ខ្ញុំពិតជាមានមោទនភាព និងសេចក្តីសោមនស្សរីករាយជាអនេកចំពោះការវិវត្តន៍ នៃវិស័យភាពយន្តនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខ្ញុំសង្កេតឃើញថា ឧស្សាហកម្មភាពយន្តកម្ពុជាមានភាពល្អប្រសើរ ទាំងកម្រិតគុណភាពបច្ចេកទេស ការសម្តែង និងក្រុមការងារប្រកបដោយវិជ្ជាជីវៈ ការរីកដុះដាល នៃរោងភាពយន្តលំដាប់អន្តរជាតិ ការកើនឡើង នៃការផលិតភាពយន្តសម្រាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ព្រមទាំងការកើនឡើង នៃចំនួនទស្សនិកជនផងដែរ»។

យ៉ាងណាក៏ដោយ លោករដ្ឋលេខាធិការ បានទទួលស្គាល់ថា បើទោះបីជាស្ថានភាពទូទៅមានភាពប្រសើរឡើងក្តី ក៏យើងនៅជួបប្រទះបញ្ហាប្រឈមមួយចំនួនដែលត្រូវទាមទារយកចិត្តទុកដាក់កែលម្អ នោះគឺការពង្រឹង និងលើកកម្ពស់សមត្ថភាពតែងនិពន្ធអត្ថបទភាពយន្ត។ ប្រសិនអត្ថបទនិពន្ធភាពយន្ត បានកែលម្អឲ្យមានភាពប្រសើរឡើង នោះគុណភាពភាពយន្ត ពិសេសឧស្សាហកម្ម ភាពយន្តកម្ពុជាទាំងមូល នឹងវិវត្តឈានឡើងមួយកម្រិតថែមទៀត។
លោករដ្ឋលេខាធិការ បានបន្តទៀតថា មហោស្រពភាពយន្តខ្នាតខ្លី គឺជាវេទិកាមួយដ៏មានសារៈសំខាន់ និងចាំបាច់បំផុត ក្នុងការជំរុញលើកទឹកចិត្តដល់យុវជនដើម្បីបញ្ចេញនូវគំនិត ចែករំលែក ផ្សព្វផ្សាយនូវព័ត៌មានដែលពួកគេមាន តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស ហើយជាជំហានដំបូងដែលនាំពួកគេឱ្យក្លាយជាផលិតករភាពយន្ត។ ក្នុងន័យនេះ មហោស្រពជាតិភាពយន្តកម្ពុជាដែលរៀបចំនាពេលនេះជាវេទិកាដ៏មានវិសាលភាព ដែលឆ្លុះបញ្ចាំងអំពីការរីកចម្រើនប្រកបដោយការច្នៃប្រឌិត ពិសេសការបង្ហាញនូវខ្លឹមសារសាច់រឿងដ៏សំបូរបែបដែលមនុស្សភាគច្រើនពុំធ្លាប់បានដឹងពុំធ្លាប់បានឮ និងពុំធ្លាប់បានឃើញក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ គ្រប់សកម្មភាព គ្រប់ពាក្យពេចន៍សន្ទនា និងគ្រប់ឈុតឆាកដែលអ្នកនិពន្ធ ឬអ្នកដឹកនាំរឿងបានតាក់តែង និងបង្កើតឡើង មិនត្រឹមតែឆ្លុះបញ្ចាំងពីទេពកោសល្យរបស់អ្នកនិពន្ធ និងអ្នកដឹកនាំរឿងប៉ុណ្ណោះទេ តែថែមទាំងជាការប្ដេជ្ញាចិត្តរបស់អ្នកនិពន្ធ និងអ្នកដឹកនាំរឿងលើទម្រង់សិល្បៈក្នុងការចែករំលែករឿងរ៉ាវរបស់ខ្លួនទៅដល់ពិភពលោកប្រកបដោយថាមពល និងភាពច្នៃប្រឌិត។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឱ្យដឹងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី ៤ នេះ មានស្នាដៃភាពយន្តខ្នាតខ្លីសុំចូលរួមប្រកួតប្រជែងចំនួន ៤៦ ស្នាដៃ ដែលក្នុងនោះមានភាពយន្តខ្លីសម្រាប់ប្រឡងចំនួន ៣៤ ស្នាដៃ និងស្នាដៃឯកសារភាពយន្តខ្នាតខ្លីសម្រាប់ប្រកួតប្រជែងចំនួន ១២ ស្នាដៃ។
សូមបញ្ជាក់ថា តាមគម្រោងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី ៤ នេះ នឹងត្រូវបិទបញ្ចប់ ហើយប្រកាសលទ្ធផលម្ចាស់ជ័យលាភីនៅរសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅសាលសន្និសីទចតុម្មុខ។ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី ៤ នេះ មានរង្វាន់ធំចំនួន ៤ និងរង្វាន់លើកទឹកចិត្តចំនួន ៩ ផ្សេងទៀត។ ក្នុងនោះចំណាត់ថ្នាក់លេខ ១ ទទួលបានពានរង្វាន់មាស ១ អមដោយទឹកប្រាក់ចំនួន ១២ លានរៀល។ លេខ ២ ទទួលបានពានប្រាក់មួយ អមដោយទឹកប្រាក់ ៨ លានរៀល , លេខ ៣ ទទួលបានពានសំរឹទ្ធ អមដោយទឹកប្រាក់ ៤ លានរៀល និងពានរង្វាន់ភាពយន្តឯកសារខ្លី នឹងទទួលបានពានមួយអមដោយទឹកប្រាក់ ២ លានរៀល។ ក្រៅពីនេះ ក៏មានពានរង្វាន់លើកទឹកចិត្តមួយចំនួនទៀតផងដែរ៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?