ព័ត៌មានអន្ដរជាតិ
ទោះមានបទឈប់បាញ់ តែអ៊ីស្រាអែល ប្រកាសរក្សាសិទ្ធិវាយប្រហារក្រុមហេសបូឡា
បទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងបារាំង បានចូលជាធរមានហើយនៅម៉ោង៤ព្រឹក ថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ ប៉ុន្តែទោះមានកិច្ចព្រមព្រៀងក៏ដោយ ក៏កងកម្លាំងរបស់លោក Benjamin Netanyahu ប្រកាសថា ខ្លួនសូមរក្សាសិទ្ធិវាយប្រហារចលនាសកម្មប្រយុទ្ធលីបង់ដដែល ហើយព្រមានដល់ជនស៊ីវិលដែលភៀសខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់ថា កុំទាន់វិលត្រឡប់ទៅផ្ទះវិញឲ្យសោះ។
តាមការចុះផ្សាយរបស់ BBC, ក្នុងបទឈប់បាញ់នេះ កងទ័ពអ៊ីស្រាអែល នឹងត្រូវដកចេញពីភាគខាងត្បូងប្រទេសលីបង់ ហើយក្រុមហេសបូឡា ក៏នឹងដកថយចេញពីភាគខាងជើងនៃទន្លេ Litani ដូចគ្នា។
កិច្ចព្រមព្រៀងនេះគូសបញ្ជាក់ថា ក្រុមហេសបូឡានិងអ៊ីស្រាអែល មានពេល៦០ថ្ងៃដើម្បីដកកងកម្លាំងនិងសព្វាវុធចេញពីតំបន់និងខ្សែបន្ទាត់ខៀវ «Blue Line» ដែលគេស្គាល់ថា ជាព្រំដែនក្រៅផ្លូវការរវាងប្រទេសលីបង់និងអ៊ីស្រាអែល។ លើសពីនេះ លីបង់ នឹងដាក់ពង្រាយកងទ័ព ៥ ០០០នាក់ទៅភាគខាងត្បូងប្រទេស។
គ្រាន់តែបទឈប់បាញ់នេះចូលជាធរមានភ្លាម គេឃើញមានរថយន្តជាច្រើនគ្រឿង ដឹកជនភៀសខ្លួនរាប់ពាន់នាក់ ឆ្ពោះទៅកាន់ភាគខាងត្បូងប្រទេសលីបង់វិញ។ អ្នកទាំងនោះបានរត់គេចពីការវាយប្រហាររបស់អ៊ីស្រាអែល កាលពីប៉ុន្មានខែមុន ប៉ុន្តែទោះយ៉ាងណា កងកម្លាំងការពារអ៊ីស្រាអែល «IDF» ព្រមានពួកគេកុំឲ្យវិលត្រឡប់ទៅផ្ទះវិញឲ្យសោះ។
អ្នកនាំពាក្យ IDF លោក Avichay Adraee បានបង្ហោះសារលើបណ្តាញសង្គម X ដោយព្រមានពលរដ្ឋលីបង់ថា វាលឿនពេកហើយដែលជនភៀសខ្លួន ត្រូវវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ព្រោះពេលនេះ ភាគខាងត្បូងប្រទេសលីបង់ មិនទាន់មានសុវត្ថិភាពពេញលេញនៅឡើយទេ។
ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahu ក៏ប្រកាសដែរថា អ៊ីស្រាអែល ប្រាប់អាមេរិករួចហើយថា ខ្លួននៅតែមានសិទ្ធិធ្វើសកម្មភាពយោធានៅក្នុងប្រទេសលីបង់ បើក្រុមហេសបូឡា នៅតែព្យាយាមបំពាក់អាវុធ កសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ឬប្រើប្រាស់គ្រាប់រ៉ុកកែតជាលេសដើម្បីវាយប្រហារ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាក្តីសង្ឃឹមឈានឆ្ពោះទៅរកការបញ្ចប់អំពើហិង្សារយៈពេលជាងមួយឆ្នាំ ដែលផ្តើមឡើងនៅពេលក្រុមហេសបូឡា បើកការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី៨ខែតុលាឆ្នាំ២០២៣ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។
គិតចាប់តាំងពីខែតុលាឆ្នាំ២០២៣មក អ៊ីស្រាអែលបានសម្លាប់ប្រជាជនលីបង់ចំនួន ៣ ៧៦៨នាក់ និងបង្ខំឲ្យ១.២លាននាក់ទៀតត្រូវជម្លៀសខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីបំផុត អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ជាមួយ ក្រុមហេសបូឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ