ព័ត៌មានជាតិ
កសិករខេត្តបាត់ដំបង រំពឹងទិន្នផលស្រូវប្រាំងឆ្នាំនេះកើនខ្ពស់ ដោយសារអាកាសធាតុអំណោយផល
កសិករនៅតាមបណ្តាស្រុកគោលដៅកសិកម្មផលិតស្រូវមួយចំនួន កំពុងតែមមាញឹកធ្វើស្រូវប្រាំង ជាពិសេសស្រុកមោងឬស្សី ដែលជាស្រុកមួយមានសក្តានុពលផ្នែកវិស័យកសិកម្ម ជាងបណ្តាស្រុកមួយចំនួនទៀត នារដូវកាលចុងឆ្នាំ២០២៤ នេះ។
កសិករ បានលើកឡើងថា ការសម្រុកធ្វើស្រូវប្រាំងនេះ ដោយសារតែពួកគេមើលឃើញថា ឆ្នាំនេះអាកាសធាតុហាក់ប្រសើរជាងឆ្នាំកន្លងទៅ និងការធ្វើតាំងពីដូនតាដែលមិនមានមុខរបរណាក្រៅពីពឹងផ្អែកលើដំណាំកសិកម្មនោះទេ ទើបពួកគេសម្រុកទៅលើតែដំណាំស្រូវទាំងរដូវវស្សា ទាំងរដូវប្រាំង ដែលជាជង្រុកសេដ្ឋកិច្ចគ្រួសារទ្រទ្រង់លើជីវិតរស់នៅប្រចាំថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំ។
លោក ផន ហាក់ កសិករ នៅក្នុងឃុំកំពុងព្រះ ស្រុកមោងឫស្សី បានឲ្យដឹងថា ឆ្នាំនេះអាកាសធាតុហាក់មានសភាពល្អប្រសើរសម្រាប់ពេលវេលាដែលត្រូវបង្កបង្កើនស្រូវប្រាំង ដោយលោកបានចាប់ផ្តើមធ្វើចាប់ពីពាក់កណ្តាលខែតុលា ហើយឆ្នាំនេះលោកសង្ឃឹមថា ទិន្នផលនឹងបានប្រសើរ និងអាចទទួលបានចំណូលកើនជាងឆ្នាំកន្លងទៅ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «ឆ្នាំនេះ ខ្ញុំក៏បានបង្កើនផ្ទៃដីដាំដុះស្រូវប្រាំងច្រើនជាងឆ្នាំមុន ពីព្រោះតែឆ្នាំមុនខ្ញុំធ្វើតែ ២ ហិកតា តែឆ្នាំនេះខ្ញុំធ្វើ ៤ ហិកតា»។
កសិករម្នាក់ទៀត លោក ម៉ាប់ នៅក្នុងភូមិកូនខ្លុង ឃុំកំពង់ព្រះ ស្រុកមោងឬស្សី បានឲ្យដឹងដែរថា ពីមួយឆ្នាំទៅមួយឆ្នាំ ក្រៅពីមុខរបរតិចតួច លោកមិនដែលខកខានធ្វើស្រែនោះទេ ព្រោះដំណាំស្រូវជាជង្រុកសេដ្ឋកិច្ចគ្រួសាររបស់លោកតាំងពីដូនតា។
ជាក់ស្តែងឆ្នាំនេះ ស្រូវប្រាំងលោកបានចាប់ផ្តើមធ្វើតាំងពីដើមខែតុលា មកម្ល៉េះ។
«ដីស្រែខ្ញុំមានតែ ៥ ហិកតាប៉ុណ្ណោះ ដែលបានធ្វើស្រូវរាល់ឆ្នាំ ទាំងវស្សា និងប្រាំង ដែលធ្វើឲ្យជីវភាពគ្រួសារខ្ញុំ បានល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ មិនមានពេក ហើយក៏មិនក្រពេក ស្រូវប្រាំងឆ្នាំនេះ ខ្ញុំបានជួលដីពីអ្នកជិតខាងបន្ថែម ៣ ហិកតា ទៀតផងដែរ ចឹងឆ្នាំនេះស្រូវប្រាំងខ្ញុំជិត ១០ ហិកតាដែរ»។
មិនខុសគ្នានេះដែរ លោក ណុប ឡឹក ជាកសិករ នៅក្នុងឃុំមោងឬស្សី បានឲ្យដឹងថា ស្រូវប្រាំងលោកឆ្នាំនេះ កំពុងតែផ្តល់កម្លាំងចិត្តដល់លោក ខណៈការលូតលាស់បានល្អច្រើនជាងឆ្នាំមុន ហើយកត្តាអាកាសធាតុក៏ល្អប្រសើរខ្លាំងសម្រាប់ស្រូវប្រាំងបើធៀបនិងឆ្នាំមុន។
លោកថា «ខ្ញុំសង្ឃឹមច្រើនឆ្នាំនេះ ព្រោះបើតាមមើលគិតត្រឹមថ្ងៃនេះ ស្រូវប្រាំងខ្ញុំទាំង ៩ ហិកតា គឺល្អស្របគ្នាទាំងអស់ ហើយខ្ញុំគិតថា ឆ្នាំនេះតាមរយៈទិន្នផលនេះ សន្ទស្សន៍សេដ្ឋកិច្ចគ្រួសារ ខ្ញុំអាចបានប្រសើរច្រើន ព្រោះក្តីសង្ឃឹមលើជីវភាពគ្រួសារខ្ញុំមានតែទិន្នផលស្រូវតែប៉ុណ្នឹង»។
លោក ហេង សិទ្ធ មន្ត្រីនៃមន្ទីរកសិកម្មខេត្ត ទទួលបន្ទុកផ្នែកស្ថិតិ បានឲ្យដឹងថា កសិករបានសម្រុកបង្ករបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៤-២០២៥ មានល្បឿនលឿន ដោយសារតែកត្តាអាកាសធាតុអំណោយផល។ លោកថា បើគិតត្រឹមថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២៤ ប្រជាកសិករ ទូទាំងស្រុកគោលដៅ ក្នុងខេត្តបាត់ដំបង បានអាស្រ័យផលស្រូវរដូវប្រាំង ប្រភេទស្រូវស្រាលប្រមាណជាង ៩៩% ហើយ នៃផែនការលើផ្ទៃដីសរុប ២៥.០០០ហិកតា៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៥ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ