Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី សម្រុកផលិតអាវុធនុយក្លេអ៊ែរសាហាវបំផុតលើពិភពលោក ត្រៀមធ្វើសង្គ្រាម

បានផុស

នៅ

ក្រោយគំរាមសងសឹកទៅអ៊ុយក្រែន ដែលនៅតែយកមីស៊ីលផ្គត់ផ្គង់ដោយលោកខាងលិច បាញ់ចូលដីរុស្ស៊ីម្តងហើយម្តងទៀតនោះ, ពេលនេះ ទីក្រុងមូស្គូ បានប្រកាសសម្រុកផលិតនូវអ្វីដែលគេអះអាងថា ជាអាវុធនុយក្លេអ៊ែរសាហាវបំផុតលើពិភពលោក គឺមីស៊ីលអន្តរទ្វីប Satan II ឬគេស្គាល់ថា RS-28 Sarmat ដើម្បីត្រៀមធ្វើសង្គ្រាម។  

មីស៊ីលអន្តរទ្វីប Satan II (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការអះអាងរបស់រុស្ស៊ីកាលពីថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤, Satan II គឺជាមីស៊ីលដ៏អស្ចារ្យគ្មានអ្វីបញ្ឈប់បាន ហើយមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ អាចវាយប្រហារទឹកដីអាមេរិកឬទ្វីបអឺរ៉ុប យ៉ាងលឿនមិននឹកស្មានដល់។ 

មីស៊ីល Satan II ហោះក្នុងល្បឿនកំពូល ៧គីឡូម៉ែត្រក្នុងមួយវិនាទី។ វាមានប្រវែង៣៥ម៉ែត្រ ទម្ងន់២០៨តោន ជាមួយរយៈចម្ងាយយ៉ាងតិច ១៨ ០០០គីឡូម៉ែត្រ។

តាមពិតទៅ លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យអភិវឌ្ឍមីស៊ីលប្រភេទនេះជាយូរមកហើយ ប៉ុន្តែដំណើរការនោះត្រូវជួបបញ្ហាដោយការពន្យារពេលនិងការធ្វើតេស្តមិនជោគជ័យ។

(រូបថត៖ E2W)

សេចក្តីប្រកាសរបស់ទីក្រុងមូស្គូកើតឡើង ចំពេលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីព្រមានថា ខ្លួនបានរៀបផែនការរួចស្រេចអស់ហើយ ដើម្បីវាយប្រហារសងសឹកអ៊ុយក្រែន ដោយសារទីក្រុងកៀវ នៅតែគឃ្លើន បាញ់មីស៊ីល ATACMS របស់អាមេរិក ចូលដីរបស់ខ្លួន។

សេចក្តីប្រកាសនេះទៀតសោត គឺកើតឡើងចំពេលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងរីកកាន់តែធំ ឈានចូលដំណាក់កាលថ្មី ជាពិសេសមានការលូកដៃជួយពីសំណាក់សម្ព័ន្ធមិត្តភាគីទាំងសងខាង។

(រូបថត៖ Alamy)

មន្ត្រីរុស្ស៊ីនិងលោកខាងលិចមួយចំនួននិយាយថា នៅសល់ពេលមិនយូរទៀតទេ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ នឹងឡើងកាន់តំណែងសេតវិមានជាផ្លូវការហើយ ដូច្នេះប៉ុន្មានសប្តាហ៍ខាងមុខនេះ គឺជាពេលវេលាដ៏សំខាន់បំផុត។

ជុំវិញសង្គ្រាមនេះដែរ វិមានក្រឹមឡាំងបានព្រមានជាច្រើនលើកច្រើនសាថា ខ្លួននឹងប្រើអាវុធនុយក្លេអ៊ែរដើម្បីសងសឹក បើអ៊ុយក្រែន មិនឈប់យកអាវុធរយៈចម្ងាយដែលផ្គត់ផ្គង់ដោយលោកខាងលិច មកបាញ់លើដីរបស់ខ្លួនទេនោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី គំរាមអ៊ុយក្រែន រឿងចង់បានអាវុធនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម