ព័ត៌មានជាតិ
ប្រាក់ចំណូលរបស់ក្រុមហ៊ុនសំណង់ DBD ធ្លាក់ចុះជិត៦៧%ក្នុងត្រីមាសទី៣ឆ្នាំនេះ
DBD Engineering Plcជាក្រុមហ៊ុនដំបូងដែលបានចុះបញ្ជីនៅទីផ្សារកំណើនរបស់ផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់ចំណូលអាជីវកម្មរបស់ខ្លួននៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ទោះបីជាទីផ្សារអចលនទ្រព្យនិងសំណង់ក្នុងស្រុកមានការងើបឡើងវិញបណ្តើរៗក្តី។
លោក នាវ វិធី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកបានថ្លែងនៅក្នុងឯកសារផ្ញើជូន CSX កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនវិស្វកម្ម និងសំណង់ពហុបំណងមួយនេះ បានប្រកាសសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ ក្រុមហ៊ុនមានប្រាក់ចំណូលសរុប ៦,១៤៧ ពាន់លានរៀល ដែលថយចុះចំនួន ៦៦,៧៧% បើធៀបនឹងត្រីមាសដូចគ្នានៃឆ្នាំ ២០២៣ ដែលមានចំនួន ១៨,៤៩៥ ពាន់លានរៀល។
លោកបានថ្លែងបន្តទៀតថា ប្រាក់ចំណូលចំនួនជាង ៦ ពាន់លានរៀល គឺជាចំណូលដែលបានពីគម្រោងសាងសង់ និងសេវា ជួសជុល រីឯ ៦០,៤៨២ លានរៀល ជាចំណូលពីការលក់សម្ភារៈសំណង់។ ក្រុមហ៊ុនមានខាតលម្អិតក្នុងការិយបរិច្ឆេទចំនួន ៦,៣០៤ ពាន់លានរៀល សម្រាប់ត្រីមាសនេះ។ ទ្រព្យសកម្មសរុបមានការថយចុះចំនួន ២០,៣៣% បើធៀបនឹងឆ្នាំ២០២៣ ដែលបានថយចុះពី ចំនួនជិត ៨៤ ពាន់លានរៀល ទៅជិត ៦៧ ពាន់លានរៀល ។
ក្រុមហ៊ុនDBD ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៥ ផ្តល់សេវាការរចនា ការសាងសង់ ការដំឡើង និងការកម្មថែទាំ។ នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុនចេញផ្សាយកន្លងមក។
បើយោងតាមឯកសារហិរញ្ញវត្ថុដដែល គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន DBD បានទទួលគម្រោង Angkor Dairy ដោយទទួលបន្ទុកលើការងារសំណង់ រចនាសម្ព័ន្ធ ស្ថាបត្យកម្ម និងប្រព័ន្ធបង្ហូរទឹក នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ និងមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ខេត្តកណ្តាល។ នៅក្នុងទីតាំងដដែលនេះ ក្រុមហ៊ុន ឌី ប៊ី ឌី ក៏បានទទួលគម្រោងមួយផ្សេងទៀតសម្រាប់ការងារ MEP នៅក្នុងខែសីហា ឆ្នាំ២០២៤ ដែលជារោងចក្រស្រាបៀរ Chang។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានទទួលតម្រោង J-Trust Royal Tower នា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លើការងារ MEP។ លុះនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន ក៏បានចូលរួមការបើកការដ្ឋានសាងសង់រោងចក្រ OISHI ដែលលាត សន្ធឹងលើផ្ទៃដីសរុបប្រហែល ៤ ហិចតា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ខេត្តកណ្តាល។
លើកពីនោះទៅទៀតក្រុមហ៊ុនក៏មានគម្រោងធំមួយទៀតមាន ឈ្មោះថា FTB Bank Tower ដែលមានវិសាលភាពការងារដូចជា ប្រព័ន្ធទឹកស្អាត ប្រព័ន្ធការពារអគ្គិសភ័យ និងប្រព័ន្ធ ACMV។ គម្រោងនេះមានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី រាជធានីភ្នំពេញ និង គម្រោងធំមួយផ្សេងទៀត គឺជា ការងារផ្នែកខាងក្រៅ ការផ្គត់ផ្គង់ និងការដំឡើងប្រព័ន្ធទំនាក់ទំនង ប្រព័ន្ធខ្សែថាមពល និងប្រព័ន្ធការពារអគ្គិសភ័យ និងប្រព័ន្ធទឹកនៅក្នុង Headhouse សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅក្នុង ខេត្តកណ្តាល។
កន្លងមកក្រុមហ៊ុន ឌី ប៊ី ឌី បានចូលរួមសាងសង់គម្រោងធំៗជាច្រើន ដែលមានដូចជា ផ្សារទំនើបអ៊ីអនទី១ ផ្សារទំនើបអ៊ីអន ទី២ គម្រោងខុនដូ North Park គម្រោង ជីប ម៉ុង សែនសុខ គម្រោងផ្សារទំនើប ជីប ម៉ុង ៥៩៨ គម្រោងផ្សារទំនើប ដឹប ម៉ុង ២៧១ គម្រោងភោជនីយដ្ឋាន ព្រមទាំងគម្រោងមួយចំនួនទៀតនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ គម្រោង Biomass គម្រោងសណ្ឋាគារ Tribe Hotel គម្រោងភោជនីយដ្ឋាន Hongbao & Dimsum ភោជនីយដ្ឋាន Baldwin’s ភោជនីយដ្ឋាន Vicolo គម្រោង B-Quik នៅផ្សារទំនើបអ៊ីអនទី៣ គម្រោងសាខាធនាគារវឹង គម្រោង Wing Tower គម្រោងរោងចក្រ OJI Packaging និង គម្រោងការិយាល័យកណ្តាលរបស់ Daikin ជាដើម៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
ព័ត៌មានជាតិ៨ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន