ព័ត៌មានជាតិ
ប្រកាសតែងតាំងអភិបាលរងរាជធានី ជាស្ត្រីម្នាក់ ក្រោយពីបំពេញការងារក្នុងរដ្ឋបាលរាជធានីបាន២០ឆ្នាំ
លោកស្រី តិមា វិច្ឆិកាល នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញដែលត្រូវដល់ អាណត្តិនិងត្រូវផ្ទេរទៅកាន់អង្គភាពដើមវិញ។

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញនេះបានធ្វើឡើង នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោកសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា គណៈអភិបាលរាជធានីបាលរងចំនួន១០រូបជាជំនួយការ។ ក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មានគណនយ្យភាពទ្វេទិស ក្នុងកិច្ចការបំរើអោយផលប្រយោជន៍ប្រជាពលរដ្ឋ។

លោកឃួង ស្រេងបានបន្តថា នៅរាជធានីភ្នំពេញយើងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ជាមួយនឹងការបង្ក្រាប់បទល្មើសបានទាន់ពេលវេលា។ ជាក់ស្តែងនាព្រះរាជពិធីបុណ្យអុំទូកកន្លងមកថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញបានចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អ បង្កសប្បាយភាពដល់ភ្ញៀវជាតិ អន្តរជាតិ ដោយក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីនេះ មានភ្ញៀវជាតិ អន្តរជាតិចូលរួមរហូតដល់ជាង៦លាន៣សែននាក់ កើនឡើងជាងឆ្នាំមុន។

លោក ឃួង ស្រេងបានបន្តទៀតថា ការប្រកាសចូលកាន់មុខតំណែងរបស់មន្ត្រីរាជការនាពេលនេះ គឺជាដំណើរការជាធម្មតានៃមុខងារសាធារណៈ សម្រាប់អាជីពជាមន្ត្រីរាជការស៊ីវិល ថ្នាក់ក្រោមជាតិ ដែលតែងមានការតែងតាំង ប្រគល់ភារកិច្ច ផ្ទេរភារកិច្ច សម្រួល ភារកិច្ច ចូលនិវត្តន៍ និងការកំណត់អាណត្តិដឹកនាំក្នុងជួរគណៈអភិបាល។ ជាក់ស្តែង ថ្ងៃនេះ ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសតែងតាំង លោកស្រី តិមា វិច្ឆិកាល នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ ជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញដែលត្រូវដល់ អាណត្តិ។

លោកឃួង ស្រេង ក្នុងឱកាសនោះ ក៏បានផ្តាំផ្ញើឱ្យលោកស្រី តិមា វិច្ឆិកាលដែលត្រូវទទួលភារកិច្ចថ្មី ត្រូវបង្កើនស្មារតី យកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ក៏ដូចជា ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹង បណ្តាក្រសួង-ស្ថាប័ន អង្គភាពរដ្ឋ ទីក្រុងសម្ព័ន្ធមេត្រីភាព មន្ទីរ-អង្គភាពជំនាញ រដ្ឋបាលខណ្ឌទាំង ១៤ និងអង្គការសង្គម ស៊ីវិលទាំងអស់ ជាពិសេស ត្រូវចូលរួមសហការ អនុវត្តការងារ ដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុង គណៈអភិបាល ក្រុមប្រឹក្សា និងមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានី ឱ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់ រាជធានីភ្នំពេញ ហើយយើងទាំងអស់គ្នាត្រូវចាត់ទុកថា សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាជ័យជំនះគ្រប់ភារកិច្ច។

លោកសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងឱកាសនោះបានមានប្រសាសន៍ កោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ចំណុះអោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំអស់កម្លាំងកាយចិត្ត ស្មារតីក្នុងការរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសក្នុងព្រះរាជពិធីបុណ្យអុំទូកកន្លងមកថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អរហូតទទួលបានភ្ញៀវជាតិ អន្តរជាតិ ចូលរួមសប្បាយរីករាយ ច្រើនជាងឆ្នាំមុនៗ។

ជាមួយគ្នានេះលោកសន្តិបណ្ឌិត ចាន់ អ៊ាន ក៏បានចូលរួមអបអរសាទរ ចំពោះលោកស្រី តិមា វិច្ឆិកាល ដែលត្រូវបានតែងតាំង ជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោកស្រី កែវ សុខពិសី ដែលត្រូវដល់ អាណត្តិនិងផ្ទេរទៅកាន់អង្គភាពដើមវិញ។ លោកសូមអោយលោកស្រី តិមា វិច្ឆិកាល យកចិត្តទុកដាក់បំពេញភារកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការល្អ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់ រាជធានីភ្នំពេញអោយមានការអភិវឌ្ឍរីកចំរើនបន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោកស្រី តិមា វិច្ឆិកាល បានបញ្ជាក់ថា លោកស្រីបំពេញការងារនៅរដ្ឋបាលរាជធានីភ្នំពេញអស់រយៈពេល២០ឆ្នាំ រហូតទទួលបានការជឿទុកចិត្តពីថ្នាក់ដឹកនាំ តែងតាំងលោកស្រីជាអភិបាលរងរាជធានីភ្នំពេញ។

ជាមួយគ្នានេះលោកស្រីបានធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារទ្វេដង អនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការធ្វើឱ្យភូមិសង្កាត់មានសុវត្ថិភាព ប្រកាន់នៅគុណសម្បត្តិ ៤យ៉ាង គឺឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ។ ប្តេជ្ញាលើកកំពស់សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ពង្រឹងសមត្ថភាព ដោយបន្តសិក្សារៀនសូត្រមួយជីវិត និងពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អថែមទៀត៕
ដោយ ៖ ស្រីរ័ត្ន










-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា