សន្តិសុខសង្គម
តំណាងអយ្យការ សម្រេចចោទប្រកាន់ លោកចៅសង្កាត់ចោមចៅទី ២ និងស្ត្រីអ្នកលក់គ្រឿងញៀនម្នាក់ ២ បទល្មើស
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើបុគ្គល ២ រូប ៖ ១-ឈ្មោះ វ៉ា សារ៉ង ភេទប្រុស ជាចៅសង្កាត់ចោមចៅទី ២ ពីបទ គំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ និងបទមិនប្តឹងបរិហារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយអ្នករាជការសាធារណៈ តាមមាត្រា ២៣២ និងមាត្រា ៥២៨ នៃក្រមព្រហ្មទណ្ឌ និង ឈ្មោះ ស៊ុយ ជីវ៉ា ភេទស្រី ពីបទ ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ២៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនចៅសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ និងស្ត្រីម្នាក់ជួញដូរគ្រឿងញៀន បន្ទាប់ពីបែកធ្លាយសារសំឡេងចៅសង្កាត់ចោមចៅទី ២ ទារលុយពីស្ត្រីជួញដូរគ្រឿងញៀនម្នាក់នោះ ហើយដែលសារសំឡេងសន្ទនាត្រូវបានបង្ហោះលើបណ្ដាញសង្គមធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងកាលពីរសៀលថ្ងៃទី ២៨ វិច្ឆិកា ថា ជុំវិញការបែកធ្លាយសំឡេងចៅសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលទាមទារប្រាក់ចំនួន ១ លានរៀល ពីស្ត្រីម្នាក់ ដែលសង្ស័យជួញដូរគ្រឿងញៀន ហើយត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម និងតាមបណ្ដាញសារព័ត៌មានមួយចំនួននោះ គឺចៅសង្កាត់រូបនេះត្រូវបានឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្ត្រីថតសំឡេងចៅសង្កាត់ ហើយមានការបង្ហោះបែកធ្លាយសំឡេងពាក់ព័ន្ធនឹងការទាមទារប្រាក់របស់ចៅសង្កាត់ចោមចៅទី ២ ក៏ត្រូវបានឃាត់ខ្លួនដែរ យកមកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចការងារនេះ អនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបទបញ្ជារបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំពោះចៅសង្កាត់ចោមចៅទី ២ ក៏បានទទួលសារភាពថា សំឡេងនោះពិតជាសំឡេងរបស់ខ្លួនពិតប្រាកដមែន ដែលមានការទំនាក់ទំនងតាមទូរស័ព្ទជាមួយស្ត្រីម្នាក់សង្ស័យជួញដូរគ្រឿងញៀន។
បច្ចុប្បន្ន ជនត្រូវចោទប្រុស-ស្រី ២ នាក់ នេះ កំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរបន្តនីតិវិធី៕
អត្ថបទ ៖ សុខា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍១២ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី