Connect with us

សន្តិសុខសង្គម

ស្រាវជ្រាវបង្ក្រាបករណីចាប់បង្ខាំង ជំរិតទារប្រាក់ ឃាត់ខ្លួនមនុស្ស ២ នាក់ និងរកឃើញវត្ថុតាងមួយចំនួនធំ

បានផុស

នៅ

ជនសង្ស័យ​ប្រុស-ស្រី ២ នាក់ ត្រូវ​កម្លាំង​នគរបាល នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ស្រាវជ្រាវ បង្ក្រាប​បាន និង​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស និង​ចាប់​ជំរិត​ទារ​ប្រាក់ ដែល​ប្រព្រឹត្តទៅ​កាលពី​វេលា​ម៉ោង​ប្រហែល ១១ យប់ ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ កន្លង​ទៅ នៅ​ចំណុច​អតីត​សណ្ឋាគារ​មីង គួយ មាន​ទីតាំង​ស្ថិត​ក្នុង​ផ្លូវ​លេខ ១៧៤ សង្កាត់​ផ្សារ​ថ្មី​ទី ៣ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​, អគ្គ​ស្នងការ​រង​ទទួល​ផែន និង លោក​ឧត្ដមសេនីយ៍​ឯក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ទោ ជាវ វិបុល​, លោក​ឧត្ដមសេនីយ៍​ត្រី ហ៊ុន មុន្នី​រ័ត្ន​, លោក​វរសេនីយ៍ឯក ហែម បូណា និង​លោក​វរសេនីយ៍ឯក ឆាន់ គឹមលី អនុ​ប្រធាន​នាយកដ្ឋាន បាន​ចុះ​ទៅ​ដល់​ទីតាំង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ ដោយ​កំណត់​បាន​អត្តសញ្ញាណ និង​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ​ដែល​ប្រព្រឹត្ត​បទល្មើស​ខាងលើ ដោយ​មាន​ការ​ចូលរួម​សហការ​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្ត​កំពង់ឆ្នាំង។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​យប់​ថ្ងៃ​កើតហេតុ មាន​ជនជាតិ​ចិន​មាន​គ្នា​ចំនួន ៤-៥ នាក់ ជិះ​រថយន្ត ១ គ្រឿង ម៉ាក Alpard ពណ៌​ស (​មិន​ស្គាល់​ផ្លាក​លេខ​) បាន​ធ្វើ​សកម្មភាព​ចាប់​ជនរងគ្រោះ​ម្នាក់ ឈ្មោះ LU WEI ភេទ​ប្រុស ជនជាតិ​ចិន ដាក់​ចូល​ក្នុង​រថយន្ត រួច​ជិះ​គេច​ចេញពី​ទីតាំង​ខាងលើ។

បន្ទាប់ពី​ស្រាវជ្រាវ​អស់​ជា​ច្រើន​ថ្ងៃ នៅ​វេលា​ម៉ោង ១២ និង ៣០ នាទី ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ២ នាក់ ៖ ទី១.ឈ្មោះ GU GUOJUN ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិ​ចិន។ ទី២.ឈ្មោះ ហម ចាន់ធូ ភេទ​ស្រី អាយុ ៣៣ ឆ្នាំ ជនជាតិ​ខ្មែរ ត្រង់​ចំណុច​ជិត​វត្ត​ជ​ម្ល​ង់​ម្លូរ ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ យក​មក​សាកសួរ និង​រក​ឃើញ​វត្ថុតាង​ពាក់ព័ន្ធ​មួយ​ចំនួន​ធំ​ផង​ដែរ។

ក្រោយពី​សាកសួរ​បឋម ជនសង្ស័យ​ខាង​លើ បាន​ឆ្លើយ​សារភាព​ថា បក្ខពួក​ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព​ករណី​បង្ខាំង​មនុស្ស និង​ជំរិត​ទារ​ប្រាក់ កាលពី​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នៅ​ចំណុច​ខាងលើ មាន​ចំនួន ៨ នាក់។ ក្នុង​នោះ សមត្ថកិច្ច​បាន​បន្ត​នីតិវិធី​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក​រហូត​បិទ​បញ្ចប់​ករណី កាលពី​ល្ងាច​ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ ២០២៤។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ រួម​នឹង​វត្ថុតាង ត្រូវ​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម