Connect with us

ព័ត៌មានជាតិ

អាកាសយានដ្ឋានសៀមរាបអង្គរ រំពឹង​ទទួល​បាន​អ្នកដំណើរ ១,៤ លាននាក់​​​ដំណាច់​​​ឆ្នាំ ២០២៤

បានផុស

នៅ

បើតាម​ប្រធានក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​រំពឹង​ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹង​ទទួល​បាន​អ្នក​ដំណើរ ១,៤ លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០២៤ និង ២ លាននាក់នៅក្នុងឆ្នាំ​២០២៥។

ការ​លើកឡើង​នេះ​​ក្នុង​ឱកាសដែល​​លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បាន​​ជួប​ពិភាក្សា​ការងារ​ជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនោះ លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានរាយការណ៍ថា ក្នុងរយៈពេល ១១ ខែនៃឆ្នាំ២០២៤ អាកាសយានដ្ឋាន​អន្តរជាតិសៀមរាបអង្គរ ទទួលបាន​ការ​ស្វាគមន៍អ្នកដំណើរ​ចំនួន ១,៣ លាននាក់ ដោយរំពឹងថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ ១,៤ លាននាក់នៅត្រឹមដំណាច់ឆ្នាំ និង ២ លាននាក់នៅក្នុងឆ្នាំ២០២៥។

មន្ត្រី​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ជើង​ហោះហើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​​អង្គរ មាន​ការ​កើន​ឡើងពី​ជាង​ ២០ ជើង (រាប់​ទាំង​ឡើង​និង​ចុះ) ទៅ​ដល់​ជាង ៥០ ជើង (រាប់​ទាំង​ឡើង​​និង​​ចុះ) ក្នុង​មួយ​ថ្ងៃ។

លោក យឹម សានីរាន មន្ត្រី​សម្របសម្រួល​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា «​មួយ​ថ្ងៃ​អាច​ពី ២០ ទៅ ២៦ ជើង ​ទាំង Charter ទៀត​អាច​ថ្ងៃ​ខ្លះ​ដល់ ២៨ ជើង។ តែ​បើ​រាប់​ទាំង​ឡើង​ទាំង​ចុះ​អាច​ដល់​ជាង ៥០ ដល់ ៥៦ ជើង​ក្នុង​មួយ​ថ្ងៃ។ បើ​ប្រៀបធៀប​ពីមុន​បាន​ត្រឹម ៣០ ទៅ ៣៤ ជើងប៉ុណ្ណោះ​ទាំង​ឡើង​ទាំង​ចុះ​​ក្នុង​មួយ​ថ្ងៃ​»។

ខណៈ​ជើង​ហោះហើរ​កើន​​ឡើង​ច្រើន ​ភ្ញៀវ​ធ្វើ​ដំណើរ​ក្នុង​​មួយ​ថ្ងៃ​ក៏​មានកំណើន​ពីជាង ៥ ០០០ ទៅ ៦ ០០០ នាក់។ ​លោក យឹម សានីរាន បន្ថែម។

ក្នុង​ជំនួបពិភាក្សាការងារ​​ជាមួយ​រដ្ឋមន្រ្តី​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក​ Lu Wei បានលើកពីគម្រោង​របស់​ក្រុមហ៊ុន ក្នុង​ការ​អភិវឌ្ឍតំបន់ជុំវិញអាកាសយានដ្ឋាន​ ដោយ​ស្នើសុំកិច្ចសហការជាមួយក្រសួង​លើគម្រោងអភិវឌ្ឍតំបន់ជុំវិញ ដោយ​ផ្តោតលើការទាក់ទាញឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។ លោកបានលើកឡើងថា ក្រុម​ហ៊ុន Yunnan Investment Group គ្រោងវិនិយោគបន្ថែម​ដើម្បី​អភិវឌ្ឍ​អាកាសយានដ្ឋាននិង​តំបន់​​ជុំវិញ​។

ជាមួយ​គ្នានេះ លោកបានលើកឡើងពីកិច្ចខិតខំរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍នានាដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិន។ លោកក៏បានថ្លែងអំណរគុណដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានគាំទ្រគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិនេះ ពិសេសការតបណ្តាញផ្គត់ផ្គង់ទឹកស្អាតជូនដល់អាកាសយានដ្ឋានបានយ៉ាងល្អប្រសើរ។

លោក ហែម វណ្ណឌី បានកោតសរសើរក្រុមហ៊ុនដែលបានសម្រេចចិត្តវិនិយោគរយៈពេលវែងនៅកម្ពុជា និងបានអបអរចំពោះកំណើនអ្នកដំណើរ។ លោករដ្ឋមន្រ្តី​បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រក្រុមហ៊ុន ដើម្បីទាក់ទាញទាំងភ្ញៀវទេសចរ និងឧស្សាហកម្មមកកាន់តំបន់នេះ។

លោក ហែម វណ្ណឌី បាន​បញ្ជាក់ថា៖ «យើងចង់ឱ្យក្រុមហ៊ុនវិនិយោគ ទាំងតូច និងទាំងធំ ទទួលជោគជ័យ។ នៅពេលដែលឧស្សាហកម្មក្នុងស្រុករីកចម្រើន ការដឹកជញ្ជូនតាមផ្លូវអាកាសនឹងកើនឡើង ដែលនឹងជំរុញការអភិវឌ្ឍអាកាសយានដ្ឋាននេះ និងតំបន់ជុំវិញបន្ថែមទៀត»។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលមានចំងាយប្រមាណ ៥០ គីឡូម៉ែត្រពីទីក្រុងសៀមរាប បានបើកដំណើរការជាផ្លូវការក្នុងខែតុលា ឆ្នាំ២០២៣។ អាកាសយានដ្ឋាននេះមានសមត្ថភាពទទួលអ្នកដំណើររហូតដល់ ៧ លាននាក់ក្នុងមួយឆ្នាំ ដោយផ្តល់ជាច្រកចេញចូលដ៏ទំនើបមួយទៅកាន់តំបន់បេតិ​កភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមានប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទបុរាណជាច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដឹងហើយ ទីតាំងលាក់ខ្លួនរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad 

ព័ត៌មានជាតិ២១ ម៉ោង មុន

ព្រឹត្តិការណ៍«សាទរកម្ពុជា» នឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅថ្ងៃទី៣១ ខែនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

«ប្រតិបត្តិការផ្លេកបន្ទោរ» ក្រុមឧទ្ទាមវាយផ្តួលរំលំរដ្ឋាភិបាលលោក Assad យ៉ាងស្រួល ហេតុអ្វី?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កងទ័ពស៊ីរីប្រកាសថា រជ្ជកាលរបស់លោក Assad បានបញ្ចប់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម