ព័ត៌មានជាតិ
សេវា ប.ស.ស ឬ ការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ១៤ ប្រភេទ មិនរាប់បញ្ចូលក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពទេ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា សេវា ប.ស.ស ឬ ការព្យាបាល និងការថែទាំវេជ្ជសាស្ត្រចំនួន ១៤ ប្រភេទ មិនរាប់បញ្ចូលក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចទេ។
នៅក្នុងប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលទើបផ្សព្វផ្សាយនៅថ្ងៃទី ០៣ ធ្នូ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា សេវា ឬ ការព្យាបាល និងការថែទាំវេជ្ជសាស្ត្រដែលមិនរាប់បញ្ចូលក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានជាកាតព្វកិច្ចនេះរួមមាន ៖ ១-ការព្យាបាលដោយមិនគិតថ្លៃ ដែលមានចែងក្នុងគោលនយោបាយសុខាភិបាលសាធារណៈ។ ២-ការថែទាំធ្មេញ (ការសម្អាតធ្មេញ ការប៉ះធ្មេញ និងការដាក់ធ្មេញ)។ ៣-ការព្យាបាល និងការវះកាត់ប្ដូរភេទ។ ៤-ការផ្សំ ឬ ប្ដូរសរីរាង្គផ្សេងៗ។ ៥-សេវាបង្កកំណើតដោយសិប្បនិម្មិត។ ៦-ការព្យាបាលដោយខ្លួនឯង។ ៧-ការព្យាបាល ឬ ការវះកាត់ ដើម្បីជាប្រយោជន៍ នៃការកែលម្អផ្នែកណាមួយ នៃរាងកាយ។ ៨-ការវះកាត់ដោយដាក់គ្រាប់ភ្នែកសិប្បនិម្មិត ឧបករណ៍ជំនួយភ្នែក និងភ្នែកសិប្បនិម្មិត។ ៩-ការព្យាបាលដោយកាំរស្មីឡាស៊ែរ។ ១០- ការព្យាបាលញៀនសុរា និងផ្តាច់គ្រឿងញៀន។ ១១-ការព្យាបាលអសមត្ថភាពផ្តល់កំណើត។ ១២-ការវះកាត់បេះដូង និងសរសៃឈាមបេះដូង។ ១៣-ការលាងឈាម។ ១៤-ការពិនិត្យសុខភាពទូទៅ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងករណីសង្គ្រោះបន្ទាន់ សេវា ឬការព្យាបាល និងការថែទាំវេជ្ជសាស្ត្រដូចមានចែងខាងលើ ត្រូវបានផ្តល់ជូនសមាជិក ប.ស.ស. ស្របតាមលក្ខខណ្ឌដែលមានកំណត់ក្នុងប្រការ ៤ នៃប្រកាសនេះ។
លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ចំពោះសេវាបង្ការសុខភាពក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ច ត្រូវបានកំណត់ដូចជា ៖ ១-សេវាចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត (Rabies Vaccination)។ ២-សេវាចាក់សេរ៉ូមប្រឆាំងជំងឺឆ្កែឆ្កួត (Antirabic Serum)។ ៣-សេវាចាក់សេរ៉ូមប្រឆាំងជំងឺតេតាណូស (Anti-Tetanus Serum)។ ៤-សេវាចាក់សេរ៉ូមប្រឆាំងពិសពស់ (Antivenom Immunoglubulin)។ ៥-សេវាពិនិត្យឈាមរកជំងឺពកក រួមមាន TSH (Thyroid-stimulating Hormone), Free T3 (Free Triiodothyronine) និង Free T4 (Free Thyroxine)។ ៦-សេវាពិនិត្យឈាមកំណត់អបោធាតុមហារីក (Cancer Humeraux Marqueurs) ក្រោយការព្យាបាលជំងឺមហារីកដោយវះកាត់ ឬ ក្រោយការព្យាបាលជំងឺមហារីកដោយចាក់គីមី ឬក្រោយការព្យាបាលជំងឺមហារីកដោយបាញ់កាំរស្មីអ៊ិច រួមមាន CEA (Carcinoembryonic Antigen), CA15-3 (Cancer Antigen15-3), CA19-9 (Cancer Antigen19-9), CA125 (Cancer Antigen125), PSA (Prostate-Specific-Antigen), -HCG (Beta-Human Chorionic Gonadotropin)។
សមាជិក ប.ស.ស. ត្រូវរ៉ាប់រងចំណាយដោយផ្ទាល់ចំពោះការប្រើប្រាស់សេវាបង្ការសុខភាពនៅតាម មូលដ្ឋានសុខាភិបាលឯកជន ឬមន្ទីរពិសោធន៍ឯកជនទាំងក្នុង និងក្រៅប្រទេស លើកលែងតែមានការអនុញ្ញាតជាមុនពី ប.ស.ស។
លោករដ្ឋមន្ត្រីបានបន្ថែមថា ប្រភេទជំងឺរ៉ាំរ៉ៃក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ច ត្រូវកំណត់រួមមាន ៖ ១-ជំងឺខ្សោយបេះដូង (Cardiac Failure)។ ២-ជំងឺសាច់ដុំបេះដូង (Cardiomyopathy)។ ៣-ជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃ (Chronic Hepatitis B)។ ៤-ជំងឺរលាកថ្លើមប្រភេទសេរ៉ាំរ៉ៃ (Chronic Hepatitis C)។ ៥-ជំងឺតម្រងនោមរ៉ាំរ៉ៃ (Chronic Kidney Disease)។ ៦-ជំងឺក្រិនថ្លើម (Cirrhosis of the Liver)។ ៧-ជំងឺសរសៃឈាមក្រហមបេះដូង (Coronary Artery Disease)។ ៨-ជំងឺវិបត្តិចង្វាក់បេះដូង (Cardiac Dysrhythmias)។ ៩-ជំងឺក្រិនសរីរាង្គ (Multiple Sclerosis)។ ១០-ជំងឺវិកលចរិត (Schizophrenia)។ ១១-ជំងឺលុយពុស (Systemic Lupus Erythematosus)។ ១២-ជំងឺតាឡាសសឺមី (Thalassemia)។
លោករដ្ឋមន្ត្រីបានពន្យល់ថា សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រចំពោះជំងឺរ៉ាំរ៉ៃនេះ ត្រូវផ្តល់ដោយមូលដ្ឋានសុខាភិបាលសាធារណៈ និងត្រូវប្រើប្រាស់ឱសថសារវន្ត។ ចំពោះឱសថព្យាបាលក្រៅពីបញ្ជីឱសថសារវន្តជាបន្ទុកចំណាយផ្ទាល់របស់អ្នកជំងឺ វៀរលែងតែឱសថសម្រាប់ការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម មិនមាននៅក្នុងបញ្ជីឱសថសារវន្ត និងការព្យាបាលជំងឺមហារីកដោយសារធាតុគីមី ត្រូវទូទាត់ថ្លៃតាមសេវាព្យាបាលនីមួយៗ កំណត់ដោយ ប.ស.ស៕
អត្ថបទ ៖ សំអឿន
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សន្តិសុខសង្គម១៥ ម៉ោង ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន