Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ជំរុញ​ឲ្យ​ចិន​ឈប់​គាំទ្រ​រុស្ស៊ី ហើយ​ងាក​ទៅ​ជួយ​រក​សន្តិភាព​ឲ្យ​អ៊ុយក្រែន

បានផុស

នៅ

ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​ក្រុង​មូស្គូ នឹង​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​​ចិន។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី Annalena Baerbock រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​២​ខែ​ធ្នូ​ឆ្នាំ​២០២៤ អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង ក្នុង​ជំនួប​​ជាមួយ​លោក Wang Yi រដ្ឋមន្ត្រី​ការបរទេស​ចិន។

លោកស្រី Annalena Baerbock (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី Baerbock បាន​ស្នើ​ឲ្យ​ចិន​ជួយ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ខណៈ​សង្គ្រាម​​អាយុកាល​លើស​​ពី​១​ពាន់​ថ្ងៃ​នេះ កំពុង​​ជះ​ផល​អាក្រក់​ដល់​ពិភពលោក​ទាំង​មូល។ លោក​ស្រី​ក៏​បាន​ថ្កោលទោស​​វត្តមាន​ទាហាន​កូរ៉េ​ខាង​ជើង​​​ និង​ការ​ប្រើប្រាស់​ដ្រូន​ផលិត​​ដោយ​ចិន នៅ​ក្នុង​សមរភូមិ​​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។

រដ្ឋមន្ត្រី​អាល្លឺម៉ង់​រូប​នេះ បាន​ជំរុញ​ឲ្យ​​​ចិន​​​ចូលរួម​ក្នុង​ដំណើរការ​ស្វែង​រក​សន្តិភាព​សម្រាប់​អ៊ុយក្រែន ហើយ​​​លោក​ស្រី​បាន​បន្ថែម​ថា គ្រប់​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​​​​របស់​អង្គការ​សហ​ប្រជាជាតិ​ ត្រូវ​មាន​ទំនួល​ខុស​សម្រាប់​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​ពិភពលោក។

លោក​ស្រី Baerbock បាន​ថ្លែង​ថា៖ «ប្រធានាធិបតី​រុស្ស៊ី​ មិន​ត្រឹម​តែ​​កំពុង​​បំផ្លាញ​សណ្ដាប់ធ្នាប់​សន្តិភាព​អឺរ៉ុប​តាម​រយៈ​សង្គ្រាម​របស់​គាត់​ប្រឆាំង​នឹង​អ៊ុយក្រែន​នោះ​ទេ តែ​ថែម​ទាំង​កំពុង​ទាញ​ឲ្យ​​តំបន់​អាស៊ី​ធ្លាក់​ចូល​ទៅ​ជាមួយ​គ្នា​តាម​រយៈ​​ប្រទេស​កូរ៉េ​ខាង​ជើង»។

ជា​ការ​ឆ្លើយ​តប រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi បាន​​​​ប្រាប់​លោកស្រី Baerbock ថា ក្នុង​នាម​ជា​​មហា​អំណាច​សេដ្ឋកិច្ច​លំដាប់​ទី​២​ និង​ទី​៣​របស់​ពិភពលោក ចិន​និង​អាល្លឺម៉ង់ ត្រូវ​តែ​ពង្រឹង​ទំនាក់ទំនង​​គ្នា ទប់ស្កាត់​ស្ថានភាព​អន្តរជាតិ​ដែល​កំពុង​វឹកវរ។

សូម​បញ្ជាក់​ថា កន្លង​មក ចិន​បាន​ប្រកាស​ថា ខ្លួន​ជា​ភាគី​អព្យាក្រឹត​នៅ​ក្នុ​ង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ហើយ​និយាយ​ថា ខ្លួន​នឹង​​​មិន​បញ្ជូន​​ជំនួយ​ទៅ​កាន់​ភាគី​ជម្លោះ​ណា​មួយ​នោះ​ឡើយ មិន​ដូច​​សហរដ្ឋ​អាមេរិក និង​ប្រទេស​លោក​ខាង​លិច​ទេ។ យ៉ាង​​ណា​មិញ ចិន​នៅ​​តែ​រក្សា​សម្ព័ន្ធភាព​សេដ្ឋកិច្ច និង​នយោបាយ​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី​ដដែល ហើយ​សមាជិក​​អង្គការ​ណាតូ​ធ្លាប់​បាន​ចោទ​​ប្រកាន់​ចិនថា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​​​រុស្ស៊ី​ក្នុង​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម