Connect with us

កីឡា

ជើង​ខ្លាំង​គុន​ខ្មែរ​២​រូប​ឡើង​សង្វៀន​ទទួល​បាន​រង្វាន់​ផ្ទះ​ល្វែង

បានផុស

នៅ

កីឡាករ​គុន​ខ្មែរ ធឿន ធារ៉ា និង ឈុត សេរីវ៉ាន់ថង ជា​កីឡាករ​ប្រដាល់​២​នាក់​ដែល​ឡើង​ប្រកួត​ទទួល​បាន​រង្វាន់​​ផ្ទះ​ល្វែង។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តម្លៃ​ខ្លួន​ និង​រង្វាន់​សម្រាប់​ការ​ប្រកួត​គុន​ខ្មែរ​បាន​កើន​ឡើង​ខ្ពស់​យ៉ាង​ឆាប់​រហ័ស​ដែល​បាន​ធ្វើ​ឲ្យ​ជីវភាពរបស់​កីឡាករ កីឡាការិនី​ប្រដាល់​គុន​ខ្មែរ​ល្អ​ប្រសើរ​ជា​លំដាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឲ្យ​ដឹង​ពី​​លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ថា ប្រហែល​ជា​​២​ឆ្នាំ​ចុង​ក្រោយ​ តម្លៃ​ខ្លួន​កីឡាករ​មួយ​ចំនួន​បាន​កើន​ឡើង​ពី៣​០០​​ដុល្លារ​រហូត​ដល់​១០០០​ដុល្លារ ហើយ​​កីឡាករ​ខ្លះ​អាច​ឡើង​ដល់​២០០០​ដុល្លារ។ ប្រសិន​បើ​បូក​ទាំង​តម្លៃ​ខ្លួន​ និង​ប្រាក់​រង្វាន់​ផង​នោះ កីឡាករ​ខ្លះ​អាច​ទទួល​បាន២០០០​ទៅ​៣០០០​ដុល្លារ​ក្នុង​មួយ​រាត្រី។

ជា​ការ​ពិត​ណាស់ ក្រៅ​ពី​តម្លៃ​ខ្លួន ​អ្នក​រៀបចំ​កម្មវិធី និង​ម្ចាស់​ឧបត្ថម្ភ​បាន​រៀបចំ​រង្វាន់​ផ្សេង​ៗ​ទៀត​ដើ​ម្បី​ជា​ការ​លើក​ទឹក​ចិត្តមាន​ដូច​ជា ប្រាក់​សុទ្ធ​ ម៉ូតូ រថយន្ត ដីឡូតិ៍ និង​ផ្ទៃ​ល្វែង​ជា​ដើម។ ក្នុង​នោះ​មាន​កីឡាករ​ជា​ច្រើន​​ទទួល​បាន​រង្វាន់​រថយន្ត​​នា​​រយៈ​ពេល​២​ឆ្នាំចុង​ក្រោយ។ បើ​គិត​លើ​ការ​ឡើង​ប្រកួត​​ប្រជែង​ដើម្បី​ទទួល​បាន​រង្វាន់​ផ្ទះ​ល្វែង​គឺ​មាន​កីឡាករ​ ធឿន ធារ៉ា និង​ឈុត សេរីវ៉ាន់​ថង ទទួល​បាន។

កាល​ពីធ្នូ ​ឆ្នាំ​២០២២ សង្វៀនទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​បាន​រៀបចំ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​ខេត្ត​សៀមរាប​ដោយ​មាន​រង្វាន់​ជា​ផ្ទះ​ល្វែង។ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​នោះ ឈុត សេរីវ៉ាត់ថង បាន​ក្លាយ​ជា​ម្ចាស់​ផ្ទះ​ល្វែង និង​ខ្សែ​ក្រវាត់ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​កីឡាករ ឃីម បូរ៉ា ដែល​បាន​ចំណាត់​ថ្នាក់​លេខ​២​ទទួល​បាន​ដីឡូត៍​មួយ​ប្លង់​ (១០x២០ម៉ែត្រ)។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ធឿន ធារ៉ា បាន​ឈ្នះ​ខ្សែ​ក្រវាត់​​គុន​ខ្មែរ​អន្តរជាតិ 8 Men Tournament ជា​លើក​ទី​២​ដែល​មាន​រង្វាន់​ផ្ទះមួយ​ល្វែង។ ក្នុង​មួយ​រាត្រី កូន​សិស្ស​លោក​គ្រូ អេ ភូថង បាន​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ទាំង​៣​នាក់​ដើម្បី​ទទួល​បាន​ខ្សែ​ក្រវាត់អម​ដោយ​រង្វាន់​​ផ្ទះ​មួយ​ល្វែង។

នៅ​ចាំ​បាន​ថា កាល​ពី​ចុង​ឆ្នាំ​២០២៣ ធឿន ធារ៉ា បាន​ផ្តួល​កីឡាករ​៣​នាក់​ក្នុង​មួយ​រាត្រី​ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់គុន​ខ្មែរ​អន្តរជាតិ 8 Men Tournament លើក​ទី​១​ដែល​មាន​រង្វាន់​រថយន្ត​ថ្មី​សន្លាង​១​គ្រឿង។

ខ្លឹមសារ​ខាង​លើ​គឺ​សំដៅ​លើ​តែ​កីឡាករ​ដែល​បាន​ឡើង​ប្រកួត​ដើម្បី​ទទួល​បាន​រង្វាន់​ផ្ទះ​ល្វែង​ប៉ុណ្ណោះ ពី​ព្រោះ​មាន​កីឡាករ​ខ្លះទទួល​បាន​ផ្ទះ​ល្វែង​តាម​មធ្យោបាយ​ផ្សេង​ដូច​ជា​ធ្វើ​ជា​តំណាង​ផ្សព្វផ្សាយ BA ជា​ដើម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម