Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ខែធ្នូនេះ ​គម្រោង​អគារជាប់គាំង​​នៅ​ខេត្ត​ព្រះសីហនុ ១០១ គម្រោង ​បាន​​ដោះស្រាយ​​​អភិវឌ្ឍ​បន្ត

បានផុស

នៅ

បន្ទាប់ពីការ​ដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដោយនាយករដ្ឋមន្ត្រី​កម្ពុជា​កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ គម្រោង​អគារ​ជាប់គាំង​ជាបន្តបន្ទាប់​នៅ​ខេត្តព្រះសីហនុ បាន​​ទទួល​​ការលើកទឹកចិត្ត​ដើម្បី​​ដំណើរការ​អភិវឌ្ឍ​បន្ត​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមខែ ធ្នូ ឆ្នាំ ២០២៤ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង​ក្នុង​ខេត្តព្រះសីហនុ​ចំនួន ១០១ គម្រោង​ត្រូវ​បាន​លើកទឹកចិត្ត​ដើម្បី​ជំរុញ​ដំណើរការ​សាងសង់​បន្ត​ ក្រោយ​ជាប់​គាំង​ជា​ច្រើន​ឆ្នាំដោយសារវិបត្តិជំងឺ​កូវីដ ១៩ និង​គូបផ្សំ​​​ការប្រែប្រួល​ស្ថានភាព​​សេដ្ឋកិច្ចសកល។ ​នេះ​បើតាម​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

នៅ​​ព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៤ នេះ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ១២ ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ។

កិច្ច​ប្រជុំក៏​បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ៤៨ បន្ថែមទៀត​ ក្នុងនោះក៏​មាន​គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៦, គម្រោងថ្មីចំនួន ២៨, ការពង្រីកគម្រោងចំនួន ៤ ដែលមានទុនវិនិយោគសរុប ៤៨៧ លានដុល្លារអាម៉េរិក ជាអាទិ៍ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម, គម្រោងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប និង អាម៉េរិក, គម្រោងបង្កើតសហគមន៍អាជីវកម្មនៅក្រុងរាម, និង គម្រោងអាទិភាពផ្សេងៗទៀត ។

ជាមួយគ្នានេះ ក្រុមការងារបានសម្របសម្រួលដោះស្រាយវិវាទពាក់ព័ន្ធអគារជាប់គាំងដែលអូសបន្លាយ អស់រយៈពេល ៤-៥ ឆ្នាំកន្លងមក បានចំនួន ៦ គម្រោង ដែលអនុញ្ញាតឱ្យម្ចាស់គម្រោងអាចប្រើប្រាស់អគារឡើងវិញសម្រាប់ប្រកបធុរកិច្ច។

ថ្លែង​នៅ​ក្នុងពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​ជាផ្លូវការ «កម្មវិធីពិសេស​ជំរុញការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ ២០២៤​» កាលពី​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ២០២៤ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជាប្រធានគណៈកម្មាធិការគោល​នយោបាយ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានឱ្យដឹងថា អគារកំពុងជាប់គាំងនៅខេត្តព្រះសីហនុ មាន​ចំនួន ៣៦២ ដែលត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១ ១៦១ លានដុល្លារ ដើម្បី​បញ្ចប់​ការ​សាង​សង់។

លោក​ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៦ មក ការវិនិយោគក្នុងខេត្តព្រះសីហនុ មាន​សន្ទុះ​កើន​ឡើងយ៉ាង​​គំហុក ជាពិសេស​ការរីកដុះដាលយ៉ាងលឿនសំណង់​អគារជា​សណ្ឋាគារ, ភោជនីយដ្ឋាន, ហាងលក់​ទំនិញ, និង កន្លែងស្នាក់នៅ​ជាដើម។

ទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាលពីឆ្នាំ ២០១៩ ការផ្លាស់ប្តូរនៅក្នុងការវិវត្ត​នៃស្ថានភាព​សង្គម-សេដ្ឋកិច្ច គួបផ្សំនឹងការ​ឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ និង​បញ្ហាប្រឈមជាសកលផ្សេងទៀត បាន​បណ្តាល​ឱ្យសំណង់​អគារ​ជាច្រើន ត្រូវបាន​ផ្អាក ឬ បញ្ឈប់ដំណើរការសាងសង់។

ដើម្បីអាចដោះស្រាយ​បញ្ហា​អគារ​ជាប់គាំង​នៅខេត្តព្រះសីហនុ​នេះដែរ​ បើតាមលោក​បណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា បាន​ផ្តល់យោបល់​ថា លុះត្រា​តែ​មាន​ការ​​​បង្កើត​យន្តការ​ថ្មី​បន្ថែម​ទៀត​ ដោយ​បង្កើន​ល្បឿន​នូវ​ការ​ដោះ​ស្រាយ ស្វែង​រក​ហេតុ​ផល​នៃ​បញ្ហា​នីមួយ​ៗ យក​មក​សិក្សា​ឱ្យ​បាន​ច្បាស់ និង​ឆាប់​រហ័ស​ ថាតើ​មុខ​សញ្ញា​នៃ​អគារ​នីមួយៗ​ជាប់​គាំង​ដោយ​សារ​បញ្ហា​អ្វី​ ហើយយកបញ្ហាទាំងនោះ​មក​ស្រាយ​​ទៅ​តាម​ដំណាក់​កាលនីមួយៗ។

លោកបណ្ឌិត ហុង វណ្ណៈ បានលើកដំណោះស្រាយសំខាន់ៗ ៣ ជុំវិញជំរុញ​ការ​ស្តារ​ឡើង​វិញ​អគារ​ជាប់​គាំង​នៅ​ខេត្ត​ព្រះសីហនុ ទី​១ ក្រុមការងារ​ត្រូវ​រៀប​ចំ​ឱ្យ​បាន​ទៅ​តាម​លំដាប់​លំដោយ​នីមួយ​ៗ​ឱ្យ​បាន​ជាក់​លាក់ ទី​២ រក​មុខ​សញ្ញា​​ ទី​៣ អាច​ធ្វើ​ទៅ​តាម​នីតិវិធី មិន​ថា​តាម​គោលការណ៍​ច្បាប់ ឬ​អ្វី​ក៏​ដោយ​ ដោយមើលទៅ​តាម​ស្ថានភាព​ជាក់ស្តែង។

មួយវិញទៀតគឺ​ត្រូវ​រួមគ្នា​ដើម្បី​ដោះ​ស្រាយ ធ្វើ​យ៉ាង​ណា​​កុំឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​​មាន​ការ​ខាត​បង់​ទាំងស្រុង​ ហើយ​មិន​បាន​ដឹង​ឮ​នូវ​ផែន​ការ​ និង​យន្ត​ការ​ដោះ​ស្រាយ​របស់​រដ្ឋាភិបាល។ ​នេះ​ជា​ចំណុច​មួយ​ដែល​​ត្រូវ​បង្កើត​ក្រុមការងារ​បន្ថែម​ដើម្បី​​ជំរុញ​ការ​ដោះ​ស្រាយ​ឱ្យ​បាន​កាន់​តែ​ឆាប់​។

ក្រោយ​ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសចំពោះ​គម្រោង​វិនិយោគក្នុង​ខេត្ត​ព្រះសីហនុ​ចំនួន ២១៣ គម្រោង រួចមកហើយ គិតត្រឹមខែ ធ្នូ ឆ្នាំ ២០២៤ នេះ ដែលក្នុងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន ១០១, គម្រោងថ្មីមានចំនួន ៨៩, ការពង្រីកគម្រោង មានចំនួន ១៩ និង គម្រោងមានស្រាប់ មានចំនួន ៤ ។

គម្រោងទាំងនេះក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម, គម្រោងផលិតផ្ទាំងសូឡា និង គ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្កាយ ៥, និង គម្រោងសួនកសិ-ឧស្សាហកម្ម ជាដើម ។ ក្នុងនោះផងដែរ, គម្រោងដែលមានទុនវិនិយោគលើសពី ១០០ លានដុល្លារអាម៉េរិក មានចំនួន ២៣ គម្រោង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ អ្នកដឹកនាំស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាព និង​ការអភិវឌ្ឍខ្វះមិនបានសម្រាប់ប្រទេសជាតិ

ព័ត៌មានជាតិ១១ នាទីutes មុន

នាយករដ្ឋមន្ត្រីឡាវបានមកដល់កម្ពុជាហើយ ដើម្បីធ្វើទស្សនកិច្ចពីរថ្ងៃ

ព័ត៌មានជាតិ១២ នាទីutes មុន

គិត​ត្រឹម​ខែធ្នូនេះ ​គម្រោង​អគារជាប់គាំង​​នៅ​ខេត្ត​ព្រះសីហនុ ១០១ គម្រោង ​បាន​​ដោះស្រាយ​​​អភិវឌ្ឍ​បន្ត

ជីវិតកម្សាន្ដ១២ នាទីutes មុន

វាសនា តារា Kpop មិនដូចគ្នា ក្រុមជំនាន់ទី៤នេះ ទើបនឹងចេញចម្រៀងបានប៉ុន្មានខែ ក៏បំបែកក្រុមបាត់

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

តើការប្រកាសច្បាប់អាជ្ញាសឹករបស់កូរ៉េខាងត្បូង នឹងប៉ះពាល់ដល់សេដ្ឋកិច្ចបែបណា?

Sokha Hotels

ព័ត៌មានពេញនិយម