Connect with us

កីឡា

យប់​នេះ កម្ពុជា បោះ​ជំហាន​ទៅ​បង្កើត​ប្រវត្តិ​សាស្ត្រ​ថ្មី​​ក្នុង​បាល់ទាត់ ជា​មួយ​​ឥណ្ឌូណេស៊ី

បានផុស

នៅ

វេលា​ម៉ោង​៧:៣០​នាទី​យប់ ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ​ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា​ ប្រកួត​ជា​មួយ​ ក្រុម​នារី​ឥណ្ឌូណេស៊ី វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ ASEAN Women’s Cup នៅ​ប្រទេសឡាវ​ដើម្បី​បង្កើត​ប្រវត្តិ​សាស្ត្រ​ថ្មី​ក្នុង​វិស័យ​បាល់ទាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​នារី​កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​កីឡាការិនី​ស្ទើរ​​ទាំង​ស្រុង​ចេញ​ពី​ក្រុម​លេង​ក្នុង​លីគ​បាល់ទាត់​នារីកម្ពុជា ប៉ុន្តែ​ក៏​មាន​កីឡាការិនី​ខ្មែរ-កាណាដា​ម្នាក់​មក​ពី​ក្រៅ​ប្រទេសគឺ ឈីវ សាលីណា។

ក្រុម​នារី​ឥណ្ឌូណេស៊ី បាន​រៀប​ចំ​​ខ្លួន​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ ASEAN Wome’s Cup​ នេះ។ ពួក​គេ​មិន​ត្រឹម​តែ​ជ្រើស​រើស​កីឡាការិនី​ល្អ​ៗ​នៅ​​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជ្រើស​រើស​កីឡាការិនី​មក​ពី​ក្រៅ​ប្រទេស​រហូត​ដល់​៥​នាក់។

កីឡាការិនី Claudia Scheunemann​​ អាយុ​ទើប​១៥​ឆ្នាំ​​ជា​កម្លាំង​ដ៏​សំខាន់​របស់​ឥណ្ឌូណេស៊ី។ កីឡាការិនី​រូប​នេះ​រក​បាន​២​គ្រាប់​ហើយ​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​រក​បាន​១​គ្រាប់​នៅ​ពេល​ឈ្នះ ម៉ាឡេស៊ី ១-០ នៅ​វគ្គ​សន្សំពិន្ទុ​ក្នុងពូល និង​១​គ្រាប់​ទៀត​នៅ​ពេល​ឈ្នះ សិង្ហបុរី ៣-០ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

សម្រាប់​កម្ពុជា​វិញ កីឡាការិនី ពឿន គន្ធា ដែល​លេង​ក្នុង​តំណែង​បម្រើ​ការពារ​កំពុងក្លាយ​ជាកីឡាការិនី​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ពាន​រង្វាន់ ASEAN Wome’s Cup​ គឺ​រក​បាន​១​គ្រាប់​នៅ​ពេល​កម្ពុជា ឈ្នះ ម៉ាឡេស៊ី ២-០ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល និង​២​គ្រាប់​ទៀត​រក​បាន​នៅ​ពេល​កម្ពុជា​ឈ្នះ ទីម័រ​ខាង​កើត ៣-០ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

កីឡាការិនីឥណ្ឌូណេស៊ី​ Claudia Scheunemann (២​គ្រាប់) កំពុង​ប្រជែង​ស្បែក​ជើង​មាស​ជា​មួយ​កីឡាការិនីកម្ពុជា​ ពឿន គន្ធា (៣​គ្រាប់)។

នេះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​សម្រាប់​ក្រុម​ទាំង​ពីរ​បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។ ក្រុម​​​ទទួល​បាន​ជ័យជម្នះ​នឹង​ស្គាល់​រស​ជាតិ​​ពាន​រង្វាន់​អន្តរជាតិ​ដំបូង។ ជា​ពិសេស វិស័យ​បាល់ទាត់​កម្ពុជា​មិន​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់ ឬ​មេដាយ​​អន្តរជាតិ​ឡើយ ទាំង​បុរស​ និង​នារី ​​​តាំង​ពី​​ក្រោយ​សម័យ​សង្គ្រាម។

ប្រវត្តិ​ជួប​គ្នា​២​លើក​កន្លង​មក ក្រុម​នារី​កម្ពុជា​មិន​ធ្លាប់​ឈ្នះក្រុម​នារី​ឥណ្ឌូណេស៊ីឡើយ។ ជួប​គ្នា​លើក​ទី១ កម្ពុជា ចាញ់​ ៤-០ ក្នុង​ពាន​រង្វាន់ AFF Women’s Championship កាល​ពី​ឆ្នាំ​២០១៩ និង​លើក​ទី២​ស្មើ​គ្នា ០-០ ក្នុង​ពាន​រង្វាន់ ASEAN Wome’s Cup ឆ្នាំ​២០២៤នេះ។

ទោះ​បី​ជា​យ៉ាង​ណា បើ​ផ្អែក​លើ​ទម្រង់​លេង​​ដែលលទ្ធផល​​ស្មើ​គ្នា​ចុង​ក្រោយ​គឺ ក្រុម​នារី​កម្ពុជា​ហាក់​ល្អ​ប្រសើរ​ជាង​ទាំង​ការ​គ្រប់​គ្រង​បាល់ និង​ឱកាស​ស៊ុត​មុខ​ទេ ប៉ុន្តែ​គ្មាន​សំណាង​រក​បាន​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​ឥណ្ឌូណេស៊ី​ ដូច្នេះការ​ជួប​គ្នា​លើក​ទី​៣ វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​លេខ១ ពានរង្វាន់​ ASEAN Wome’s Cup ​គឺ​​ជា​ឱកាស​ល្អ​សម្រាប់​ក្រុម​នារី​កម្ពុជា​។

សូម​បញ្ជាក់​ថា ក្រុមទទួល​បាន​ចំណាត់​ថ្នាក់​​លេខ​១ លេខ​២ និង​លេខ​៣ ក្នុង​ពាន​រង្វាន់ ASEAN Women’s Cup ឆ្នាំ​២០២៤​នេះទទួល​បាន​កៅអី​ឡើង​ទៅ​កាន់​​ពាន​រង្វាន់​កម្រិត​ទី១ ASEAN Women’s Championship ឆ្នាំ​២០២៥។ ពេល​នេះ កម្ពុជា និង​ឥណ្ឌូណេស៊ី បាន​កក់​កៅ​រួចហើយ ខណៈ ទីម័រ​ខាង​កើត និង សិង្ហបុរី​ ត្រូវ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

តម្លៃប្រេង​អន្តរជាតិ​ធ្លាក់ចុះ ជុំវិញ​គម្រោង​បង្កើនផលិតកម្មប្រេងអាមេរិក របស់​ ត្រាំ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ខ្យល់ពុលនៅថៃ ធ្ងន់ខ្លាំង ដល់ថ្នាក់ក្រសួងសុំឲ្យប្រជាជនធ្វើការពីផ្ទះ ឯបាងកក ក៏បិទសាលារៀន 

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

កីឡា១៤ នាទីutes មុន

បុគ្គល៤​នាក់​ធ្លាប់​ដឹក​នាំ​សហព័ន្ធ​គុន​ខ្មែរ ខណៈថ្ងៃនេះបោះឆ្នោតប្រធានថ្មី

ជីវិតកម្សាន្ដ១៦ នាទីutes មុន

តារាហុងកុង Sean Lau សរសើរភរិយា ដែលជួយគាត់ក្លាយជាមនុស្សល្អដល់សព្វថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម