ព័ត៌មានជាតិ
លោក ខ្វៃ អាទិត្យា៖ លទ្ធផលសិក្សារួមពីជីវចម្រុះ បញ្ជាក់ការយកចិត្តទុកដាក់ របស់កម្ពុជាក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា តាមរយៈលទ្ធផលជាបន្តបន្ទាប់នៃការសិក្សារួមគ្នាស្តីពីជីវចម្រុះ បានបញ្ជាក់សារជាថ្មីនូវការយកចិត្តទុកដាក់របស់កម្ពុជា ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។

ក្រោយលទ្ធផលនៃការប្រកាសព័ត៌មានរួម ចុះនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីអំពី លទ្ធផលនៃការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលបានបញ្ជាក់ពីវត្តមានសត្វព្រៃចំនួន ២៨ ប្រភេទ រួមមានប្រភេទអំបូរសត្វស្វា ពាហនៈព្រៃ ក្តាន់ ខ្លាឃ្មុំ សំពោច សត្វស្លាប ឆ្មាព្រៃ និងអំបូរសត្វព្រៃជាច្រើនប្រភេទទៀតត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ និងកំណត់អត្តសញ្ញាណ ព្រមទាំងជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ លោក ខ្វៃ អាទិត្យា បានលើកឡើងថា ដែនជម្រកសត្វព្រៃលំផាត់ គឺជាតំបន់ការពារធម្មជាតិមួយ ក្នុងចំណោមតំបន់គម្រោងរេដបូកនៅក្នុងប្រទេសកម្ពុជា កំពុងរៀបចំនិងអនុវត្តគម្រោងរេដបូកសម្រាប់ឥណទានកាបូន (REDD+) បានល្អ ដូចនៅតំបន់នានាផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។
មិនតែប៉ុណ្ណោះ តាមរយៈលទ្ធផលនៃការសិក្សារួមគ្នាកន្លងមកនេះ បានបញ្ជាក់សារជាថ្មីនូវការយកចិត្តទុកដាក់ របស់កម្ពុជា ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងបានលើកកម្ពស់ជីវភាពប្រជាសហគមន៍កាន់តែប្រសើរនៅក្នុងតំបន់ទាំងនោះ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោ បាយជាតិ របស់រាជរដ្ឋាភិបាល។

ក្នុងនោះក្រសួងបរិស្ថាន បានដាក់ចេញនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ក្នុងគោលបំណង តម្រង់ទិស និងចង្អុលបង្ហាញ ការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា មានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០» ។

ជាមួយគ្នានេះ បើតាមលោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងដែរថា ដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងកំពុងអនុវត្តគម្រោងរេដបូកនេះពិតជាមានសារៈសំខាន់ជាសកល។ វត្តមាននៃប្រភេទសត្វដ៏អស្ចារ្យ ដូចជាខ្ទីង និងទន្សោង បានបង្ហាញពីតម្រូវការកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នាដើម្បីការពារជម្រកព្រៃឈើដ៏សំខាន់ដែលនៅសេសសល់នេះ។ ក្រៅពីនេះដែនជម្រកសត្វព្រៃលំផាត់បាននិងកំពុងផ្តល់ទីជម្រកដល់សត្វស្លាបតំណាងជាតិរបស់កម្ពុជា គឺសត្វត្រយងយក្ស រួមជាមួយនិងប្រភេទសត្វជិតផុតពូជបំផុតផ្សេងៗទៀតដូចជា សត្វត្រយងចង្កំកស និងសត្វត្មាតភ្លើងផងដែរ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម