ព័ត៌មានជាតិ
សហជីព កម្មករ និងពលរដ្ឋ រំភើបរីករាយយ៉ាងខ្លាំងចំពោះក្រមាខ្មែរមានអាយុរាប់រយឆ្នាំ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី
ភ្នំពេញ ៖ សហជីព កម្មករ និងប្រជាពលរដ្ឋ មានមោទនភាព និងរំភើបរីករាយយ៉ាងខ្លាំង ក្រោយពីក្រមាខ្មែរដែលមានអាយុកាលរាប់រយឆ្នាំ ត្រូវបានអង្គការយូណេស្កូ(UNESCO) ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីទី៧របស់កម្ពុជាសម្រាប់មនុស្សជាតិ ខណៈអំពាវនាវឱ្យមហាជនជួយគាំទ្រផលិតផលដែលកើតចេញពីស្នាដៃកូនខ្មែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/IMG_6005-1024x682.jpeg)
លោក សំ សឿន ប្រធានសហជីពលកម្មជាតិកម្ពុជា(NLC)បានថ្លែងថា៖«បន្ទាប់ពីខ្ញុំបានទទួលដំណឹងនេះ ខ្ញុំសប្បាយរីករាយ ហើយរំភើបគ្មានអ្វីប្រៀប ហើយពិតជាអរគុណខ្លាំងណាស់ចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត រួមទាំងក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានខ្នាស់ខ្នែងក្នុងការរៀបចំបញ្ជីឈ្មោះក្រមាខ្មែរយើងឱ្យបានចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ»។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/IMG_6009-819x1024.jpeg)
លោកបន្តថា ក្រមាគឺជាអត្តសញ្ញាណជាតិ និងជាវត្ថុដ៏មានសារៈសំខាន់មិនអាចខ្វះបានក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទប់វណ្ណៈ។ ក្នុងសង្គមខ្មែរ ក្រមាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយគ្រប់លំដាប់ថ្នាក់ ហើយស្ទើរតែគ្រប់ពេល និងនៅគ្រប់ទីកន្លែង។
លោក សំ សឿន បន្ថែមថា ក្រៅពីការប្រើប្រាស់ទូទៅ ក្រមា ក៏ត្រូវគេប្រើប្រាស់សម្រាប់ពានា ឬបង់កចូលរួមក្នុងពិធីបុណ្យជាតិនិងសាសនា, ប្រើជាតង្វាយ ឬសំណែនក្នុងកិច្ចពិធី, ប្រើជាជំនូនដល់ចាស់ទុំ ឬញាតិមិត្តប្រើជាចំណងដៃ និងវត្ថុប្រចាំចិត្តរវាងគូសង្សារ ឬប្តីប្រពន្ធជាដើម។
លោក ឡេវ សំអាន អាយុ ៣៨ឆ្នាំជាកម្មកររោងចក្រនៅភ្នំពេញបាននិយាយថា៖«ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំរបស់យើងបានគិតគូ យកចិត្តទុកដាក់ទៅលើការថែទាំសម្បត្តិវប្បធម៌ជាតិរបស់យើង»។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតជួយគាំទ្រក្រមាខ្មែរដែលជាផលិតផលកេរតំណែលវប្បធម៌បន្សល់ពីដូនតាខ្មែររាប់ពាន់ឆ្នាំ ហើយឥឡូវកំពុងល្បីដល់បរទេស ព្រោះមានការទទួលស្គាល់ពីអង្គការយូណេស្កូ។
លោក ឈឺន គង្គា អាយុ ២៣ឆ្នាំជាប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា៖«នៅពេលខ្ញុំទៅស្រុកម្ដងៗ គឺអាកាសធាតុត្រជាក់ ជាទូទៅខ្ញុំក៏ប្រើក្រមាដែរ ជំនួសឱ្យការប្រើកន្សែង។ សម្រាប់ខ្ញុំ ពេលប្រើក្រមាក៏ជាគ្រឿងលម្អដែរ មើលទៅសមជាខ្មែរ ដែលក្រមាជាអត្តសញ្ញាណ និងជាមរតកវប្បធម៌ខ្មែរយើង។ ខ្ញុំប្រើក្រមា ដើម្បីជូតខ្លួនជំនួសការប្រើកន្សែងពោះគោ ទោះជានៅទីណា ក៏ខ្ញុំដាក់ក្រមាទៅតាមដែរ ព្រោះសម្រាប់ពេលងូចទឹកតាមផ្លូវ»។
ក្នុងនាមលោកជាប្រជាជនកម្ពុជាដែលជាអ្នកនិយមប្រើប្រាស់ក្រមាខ្មែរផងនោះបានបង្ហាញពីមោទនភាព ដែលជាវត្ថុប្រពៃណី វប្បធម៌ដ៏ផូផង់របស់កម្ពុជា ហើយថែមទាំងបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីទី៧របស់កម្ពុជាសម្រាប់មនុស្សជាតិផងដែរ។
លោក ទុយ កុសល អាយុ ៤៣ឆ្នាំបាននិយាយថា៖«ខ្ញុំបានប្រើប្រាស់ក្រមាខ្មែរជាយូរមកហើយមិនថា ខ្ញុំនៅស្រុកកំណើត ឬក៏មករស់នៅភ្នំពេញនោះទេ ហើយពេលខ្ញុំទៅចូលពិធីបង្គលការមិត្តភក្ដិ ក៏មានខាងដើមការគេចែកឱ្យយើងដែរ។ ខ្ញុំគិតថា ល្អណាស់ យើងរួមគ្នាគាំទ្រផលិតផល ព្រោះបើយើងគាំទ្រ បងប្អូនយើងអ្នកតម្បាញក្រមា ក៏ពួកគាត់មានការងារធ្វើដែរ»។
ការដាក់បញ្ជូលក្រមាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្កការយូណេស្កូនាពេលនេះ លោកថា វាពិតជាស័ក្កិសមបំផុតក្នុងការលើកតម្កើងកិត្យានុភាពនៃកម្ពុជាលើឆាកអន្តរជាតិ និងការលើកតម្កើងនូវមរតកវប្បធម៌ខ្មែរ បង្ហាញនូវអ្វីដែលជារបស់កម្ពុជា ដើម្បីឱ្យពិភពលោកស្គាល់ និងជាសម្បត្តិដែលត្រូវថែរក្សាការពារ ដូចទៅនឹងសម្បត្តិវប្បធម៌ទាំងរូបី និងអរូបី ដែលបានចុះបញ្ជីនាពេលកន្លងមក។
«ក្រមា» ជាមរតកអរូបីមួយក្នុងចំណោមមរតកអរូបីចំនួន ៦ផ្សេងទៀត ដែលកម្ពុជាបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនាពេលកន្លងមកមានដូចជា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្ដស្វាយអណ្ដែត និងគុនល្បុក្កតោ។
ដោយឡែក ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូមក កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបីចំនួន៤, សម្បតិ្តបេតិកភណ្ឌអរូបីសរុបចំនួន៧ និងបញ្ជីស្មារតីចងចាំនៃពិភពលោកចំនួន៣ហើយ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា៕
![](https://www.kampucheathmey.com/wp-content/uploads/2024/12/IMG_6006-1024x682.jpeg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/IMG_6007-1024x682.jpeg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/IMG_6008-1024x682.jpeg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?