ព័ត៌មានជាតិ
កម្ពុជា-ម៉ារ៉ុក កំពុងរិះរកវិធីដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ
ព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ារ៉ុក បានសម្តែងការប្តេជ្ញាចិត្តជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីពង្រឹង និងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។
ការបង្ហាញឆន្ទៈនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Omar Kadiri ប្រធាននាយកដ្ឋានកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងការបរទេស កិច្ចសហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៅទីស្តីការក្រសួងការបរទេស នៅមុនកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។
លោក ជុំ សុន្ទរី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃយន្តការប្រឹក្សាយោបល់ដែលមានស្រាប់រវាងប្រទេសកម្ពុជា និងម៉ារ៉ុក និងភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍។ លោកបានកោតសរសើរចំពោះការរីចម្រើននៃទំនាក់ទំនងមិត្តភាពរវាងព្រះរាជាណាចក្រទាំងពីរ និងបានរំលឹកពីលទ្ធផលប្រកប ដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីខែមីនា ឆ្នាំមុន ដែលនៅក្នុងឱកាសនោះ កិច្ចព្រមព្រៀងស្ដីពីសេវាកម្មអាកាសចរណ៍ត្រូវបានចុះហត្ថលេខា។
រដ្ឋលេខាធិការលោក ជុំ សុន្ទរី បានបង្ហាញនូវជំនឿចិត្តថា កិច្ចពិគ្រោះយោបល់លើកទី៤ រវាងក្រសួងការបរទេសទាំងពីរនឹងផ្តល់សន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរ។
ចំណែកលោគ Omar Kadiri បានបង្ហាញពីឆន្ទៈរបស់ប្រទេសម៉ារ៉ុកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា និងស្របទស្សនៈលើភាពចាំបាច់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ លោកបានបញ្ជាក់សារជាថ្មីអំពីការគាំទ្រដ៏រឹងមាំរបស់ម៉ារ៉ុក ចំពោះកម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ហើយលោក ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រម៉ារ៉ុក ដើម្បីរួមចំណែកក្នុងទំនាក់ទំនងប្រកបដោយការស្ថាបនាជាមួយអាស៊ានផងដែរ។
បន្ថែមពីនេះ លោក ជុំ សុន្ទរី បានស្នើដល់ភាគីម៉ារ៉ុកជួយគាំទ្របេក្ខភាពកម្ពុជាសម្រាប់សមាជិកគណៈកម្មាធិការ នៃគណៈកម្មការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិ២០២៥-២០២៦ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់ អ.ស.ប. (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០ និងបានសម្តែងអំណរគុណចំពោះម៉ារ៉ុក ដែលបានគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។
លោក Kadiri ក៏បានបញ្ជាក់ពីការបន្តគាំទ្របេក្ខភាពកម្ពុជាជាសមាជិកនៅក្នុងអង្គការទាំងពីរខាងលើ ហើយក៏បានអះអាងជាថ្មីពី “ការគាំទ្រយ៉ាងសកម្ម” របស់ម៉ារ៉ុក ចំពោះបេក្ខភាពរបស់កម្ពុជា ជាអ្នកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC)។ ភាគីទាំងពីរ ក៏បានយល់ស្របគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់នៅលើឆាកអន្តរជាតិ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ