Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ថា អំពើឆបោកតាមអនឡាញកាន់តែស្មុគស្មាញ ដែលត្រូវប្រុងប្រយ័ត្ន និងរួមគ្នាទប់ស្កាត់

បានផុស

នៅ

អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ សម្ដេច ស ខេង បានបង្ហាញក្ដីបារម្ភជុំវិញអំពើឆបោកតាមអនឡាញ ដែលបច្ចុប្បន្នកាន់តែមានភាពស្មុគស្មាញ ដែលទាមទារឱ្យអាជ្ញាធរ ពលរដ្ឋ និងផ្នែកពាក់ព័ន្ធបង្កើនការប្រុងប្រយ័ត្ន និងរួមគ្នាទប់ស្កាត់នូវបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រខេត្តបាត់ដំបង បានថ្លែងថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសគឺបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់នៃការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់មនុស្សក្តី ក៏ប៉ុន្តែ ការបារម្ភក៏លេចឡើងមកជាមួយគ្នាដែរនៅពេលបច្ចុប្បន្ននេះ។ សម្ដេចក្រឡាហោម បានលើកឡើងនូវទិដ្ឋភាពជាក់ស្តែង នៃរូបភាពអំពើឆបោកតាមប្រព័ន្ធអនឡាញ ដែលមានលក្ខណៈស្មុគស្មាញ ប្រទាក់ក្រឡានៅជុំវិញពិភពលោក រួមទាំងការកើនឡើងនៃផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជាដើម។

សម្ដេចក្រឡាហោម ថ្លែងដូច្នេះថា «អ្វីក៏ដោយ វាតែងតែមានទំនាស់ វាមិនអាចថាស្អីល្អឥខ្ចោះទេ បានមួយអត់មួយ អ៊ីចឹង​​ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនេះ វាក៏មានមុខសកម្ម ក៏ប៉ុន្តែ ក៏មានមុខអសកម្ម ពួកក្រុមឧក្រិដ្ឋជន វាប្រើបច្ចេកវិទ្យាដែរ ដើម្បីធ្វើសកម្មភាពបោកបញ្ឆោត កេងបន្លំ រកផលប្រយោជន៍។ នេះជាការជាក់ស្ដែងដែលកំពុងកើតមាន មិនថានៅកម្ពុជាយើងទេ គឺនៅគ្រប់ប្រទេសទាំងអស់នៅលើសកលលោក គ្រាន់តិច ឬច្រើន»។  

ក្នុងន័យនេះ សម្ដេច ស ខេង បានសំណូមពរឱ្យអាជ្ញាធរ ក៏ដូចជាគ្រប់ផ្នែកពាក់ព័ន្ធ សិស្សានុសិស្សដែរ រួមទាំងប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ចូលរួមបង្ការទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញនេះ ចៀសវាងការខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជនតាមអនឡាញ។

ការលើកឡើងខាងលើនេះ ក្នុងឱកាសដែលសម្ដេច​ក្រឡាហោម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកម៉ូតូដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន១៣០នាក់ ក្នុងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។

ក្រសួង​មហាផ្ទៃ​ កាលពី​ពេល​ថ្មីៗនេះ បាន​​បង្កើត​គណៈកម្មការ​ដើម្បីបង្កើន​ការ​បង្ក្រាប​បទល្មើស​តាមប្រព័ន្ធ​អនឡាញ​នៅ​តាមបណ្តា​បណ្តារាជធានី​-ខេត្ត​នៃ​ប្រទេស​កម្ពុជា។ បតាម​លិខិ​ត​របស់​ក្រសួងមហាផ្ទៃ ចុះថ្ងៃទី​២៧ ខែមិថុនា​ ឆ្នាំ ២០២៤ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មការចំពោះកិច្ចនេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានអចិន្ត្រៃយ៍ លោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអភិបាលរាជធានី-ខេត្តទាំង២៥ ជាអនុប្រធាន ព្រមទាំងសមាជិកមួយចំនួន។

គណៈកម្មការចំពោះកិច្ចដើម្បីបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ( Scammed online) នៅតាមបណ្តារាជធានី-ខេត្ត មានភារកិច្ចបង្កើនការស្រាវជ្រាវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញតាមគ្រប់ប្រភេទ និងគ្រប់រូបភាពក្នុងភូមិសាស្ត្រ បណ្តារាជធានី-ខេត្ត និងប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ចុះបង្ក្រាបជាក់ស្តែងតាមគោលដៅដែលបានរកឃើញ​​ និងកំណត់ដោយ​ប្រធានគណៈកម្មការ។ ក្នុងករណីចាំបាច់ ប្រធានគណៈកម្មការអាចប្រើប្រាស់​មន្ត្រីនៃអង្គភាពពាក់ព័ន្ធចំណុះគណៈកម្មការ ចុះសហការ​សម្រប​សម្រួលប្រតិបត្តិការជាក់ស្តែងឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនេះ គណៈកម្មការចំពោះកិច្ចនេះ មានសិទ្ធិចាប់បញ្ជូនជនល្មើស និងវត្ថុតាង ព្រមទាំងអ្នកពាក់ព័ន្ធទៅតុលាការ ដើម្បីវិនិច្ឆ័យទោសតាមច្បាប់ជាធរមាន។ ក្នុងករណីជនល្មើស​ជាជនបរទេស ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធី ដែលមានចែងក្នុង​ច្បាប់ស្តីពីអន្តោប្រវេសន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម