ព័ត៌មានជាតិ
មន្ទីរពេទ្យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ
មន្ទីរពេទ្យសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល តម្លៃជាង៦៦លានដុល្លារ កម្ពស់៨ជាន់ ដែលមានសមត្ថភាពទទួលអ្នកជំងឺសម្រាក សរុបចំនួន ២០០គ្រែ ត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចុចប៊ូតុងបើកការដ្ឋានសាងសង់សាងសង់ជាផ្លូវការ។

គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យ នឹងសាងសង់នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងសាងសង់នេះ មានផ្ទៃដី ២២ ២៤៣ម៉ែត្រការ៉េ និងទំហំអគារមន្ទីរពេទ្យ គឺ ៤ ៨៩១ ម៉ែត្រការ៉េ ដែលមានបណ្តោយ ៨៣,៨០ម៉ែត ទទឹង ៥៩,៨០ម៉ែត្រការ៉េ និងកំពស់ ៤០,៨០ម៉ែត មាន ៨ជាន់ (រាប់ទាំងជាន់ក្រោមដី) ស្មើនឹង ២៧ ០៧៩ ម៉ែត្រ។

តាមក្រសួងសុខាភិបាល មន្ទីរពេទ្យនេះនឹងរចនាឡើងតាមស្ដង់ដារអន្ដរជាតិ ជាមួយនិងឧបករណ៍ បច្ចេកវិទ្យាទំនើបបំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ ជាពិសេសនឹងក្លាយជាកន្លែងសិក្សា ស្រាវជ្រាវ ដើម្បីទាក់ទាញអ្នកជំនាញ ដែលមានទេពកោសល្យកម្រិតជាតិ និងអន្ដរជាតិមកធ្វើការសហការគ្នា ប្រឹងប្រែង រុករកនវានុវត្ដន៍ថ្មីៗបន្ថែមទៀតនៅក្នុងវិស័យសុខាភិបាល។

ក្រសួងសុខាភិបាល អះអាងថា គម្រោងសាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នឹងជំរុញការធ្វើទំនើបកម្ម និងនវានុវត្តន៍ ផ្នែកបណ្ដុះបណ្ដាលធនធានមនុស្សជំនាញសុខាភិបាលឱ្យកាន់តែល្អប្រសើរ។
គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យនេះបានទទួលការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់ថវិកាកម្ចីសម្បទានរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ នូវទឹកប្រាក់ឥណទានចំនួន ៦៦,៥៧ លានដុល្លា។ កិច្ចសន្យាសាងសង់មានរយៈពេល២៨ ខែ ដែលគ្រោងនឹងបញ្ចប់នៅខែមិនា ឆ្នាំ២០២៧ ខាងមុខ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជឿជាក់ថាមន្ទីរពេទ្យនេះមិនត្រឹមជួយព្យាបាលសុខភាពពលរដ្ឋកម្ពុជាមួយមុខប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជាទីតាំងក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យសុខាភិបាល។
សម្ដេចធិបតី សង្កត់ធ្ងន់ដូច្នេះ៖«មុខងារទាំងនេះ មិនត្រឹមតែឆ្លើយតបទៅនឹងការកើនឡើងជាបន្តបន្ទាប់នូវតម្រូវការរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែថែមទាំងជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងវិស័យសុខាភិបាល តាមវិធីសាស្ត្ររៀន និងការស្រាវជ្រាវវិទ្យាសាស្ត្រសុខាភិបាលដែលនឹងនាំមកនូវរបកគំហើញ និងនវានុវត្តន៍ថ្មីៗសម្រាប់ជាធាតុចូលសំខាន់ក្នុងការធ្វើបច្ចុប្បន្នភាពគោលនយោបាយសុខាភិបាល ឈានទៅដល់ការសម្រេចបានការគ្របដណ្ដប់សុខភាពជាសកលនៅឆ្នាំ២០៣៥»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានជួយសាងសង់មន្ទីរពេទ្យមួយនេះ និងបានជួយកម្ពុជាលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក៏ដូចជាការជួយស្ដារ និងកសាងសង្គមសេដ្ឋកិច្ចកម្ពុជា ក្រោយពេលកម្ពុជាទើបងើបចេញពីភ្នក់ភ្លើងសង្គ្រាម។
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា លោក ផាក ជុងវុក បានដាក់ក្ដីសង្ឃឹមថា ក្រោយពេលសាងសង់រួចមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនេះ នឹងក្លាយជាមន្ទីរពេទ្យដំបូងគេនៅកម្ពុជា ដែលបណ្ដុះបណ្ដាលគ្រូពេទ្យឱ្យមានសមត្ថភាព គុណភាព និងផ្ដល់សេវាព្យាបាលស្របតាមស្ដង់ដារខ្ពស់។

តាមរយៈអ្នកបកប្រែ លោកទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ថ្លែងដូច្នេះ៖« ខ្ញុំសង្ឃឹមថាមន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យអប់រំវិទ្យាសាស្ត្រសុខាភិបាលដំបូងគេបង្អស់របស់កម្ពុជា ដែលធ្វើការបណ្ដុះបណ្ដាលបុគ្គលិកពេទ្យប្រកបដោយគុណភាព នឹងផ្ដល់ការព្យាបាលដល់អ្នកជំងឺតាមប្រព័ន្ធគ្លីនិកស្តង់ដារ »។
ជាមួយគ្នានេះ លោក ផាក ជុង វុក ក៏បានដាក់ក្ដីសង្ឃឹមថា តាមរយៈគម្រោងសាង់សង់មន្ទីរពេទ្យសាកលវិទ្យាល័យនេះ នឹងក្លាយជាឱកាសមួយក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា នឹងកូរ៉េ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ