ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងអប់រំ៖ ពិព័រណ៍យន្តហោះនឹងផ្តល់គំនិតច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាដល់យុវជនកាន់តែច្រើន
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ជឿជាក់ថា កម្មវិធីពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី៤ ឆ្នាំ២០២៤នេះ នឹងជួយផ្តល់ចំណេះដឹងថ្មីៗដល់យុវជន សិស្សានុសិស្សដែលកំពុងសិក្សា ទាក់ទងជាមួយបច្ចេកវិទ្យា វិទ្យាសាស្ត្រ ដើម្បីជួយលើកកម្ពស់ដល់ការអប់រំស្របតាមផែនការអប់រំរបស់ក្រសួង។
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នឹងប្រព្រឹត្តទៅនាចុងសប្តាហ៍នេះ ពោល គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង ដោយមានការដាក់បង្ហាញយន្តហោះច្រើនប្រភេទ មានអ្នកបើកយន្តហោះឈរនៅក្បែរនោះ រួមជាមួយការដាក់បង្ហាញស្នាដៃបច្ចេកវិទ្យារបស់សិស្ស និស្សិត មកពីសាលារៀន និងសាកលវិទ្យាល័យផ្សេងៗ និងមានការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារបស់ស្នាដៃកូនខ្មែរថែមទៀតផង។
ជុំវិញការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យានេះ លោកស្រី ឃួន វិច្ឆិកា បានឱ្យ កម្ពុជាថ្មី ដឹងថា ពិព័រណ៍នេះ ផ្តល់ប្រយោជន៍ច្រើនដល់យុវជន និងសិស្សដែលកំពុងសិក្សា ព្រោះពិព័រណ៍នេះ ជាវេទិកាមួយសម្រាប់ការផ្តល់ឱកាសឱ្យពួកគេបានសិក្សា និងស្រាវជ្រាវ និងស្វែងយល់បន្ថែមពីយន្តហោះ បច្ចេកវិទ្យាទំនើប តាមរយៈការមើលដោយផ្ទាល់ដោយមានការផ្សារភ្ជាប់ការរៀន STEM ទាក់ទងនឹងឧបករណ៍នានាដែរ។ បន្ថែមពីនេះ យុវជន និងសិស្សានុសិស្ស ក៏អាចបានឃើញពីការវិវត្តនៃការផលិត និងការប្រើប្រាស់យន្តហោះ ពីសម័យមុនរហូតដល់សព្វថ្ងៃនេះ និងសារសំខាន់របស់បច្ចេកវិទ្យាក្នុងជីវភាពរស់នៅផងដែរ។ លោកស្រីបន្តថា ក្នុងឱកាសដែលពិព័រណ៍នេះ បើកឱ្យមានការចូលរួមទស្សនា និងដាក់តាំងស្នាដៃបច្ចេកវិទ្យារបស់ខ្លួន ក៏ជាឱកាសឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ និងជំរុញឱ្យការរៀនតាមគម្រោងរបស់ក្រសួងអប់រំពាក់ព័ន្ធនឹងវិធីសាស្ត្របង្រៀនថ្មីៗតាមសាលារៀន កាន់តែមានប្រសិទ្ធភាពថែមទៀត។
លោកស្រី ឃួន វិច្ឆិកា បាននិយាយថា៖ “ដូច្នេះ នាងខ្ញុំជឿថាពិព័រណ៍នេះពិតជាមានសារសំខាន់ ហើយចូលរួមនៅក្នុងការលើកកម្ពស់ការអប់រំ ក៏ដូចជាការស្រាវជ្រាវ និងគំនិតច្នៃប្រឌិតរបស់ប្អូនៗ ដើម្បីឱ្យពួកគាត់ខិតខំប្រឹងប្រែងរៀនសូត្រ និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងឆ្លើយតបតាមតម្រូវការជាក់ស្តែងនៅក្នុងសង្គម”។
អ្នកនាំពាក្យក្រសួងអប់រំ បញ្ចាក់ថា ការពិព័រណ៍នេះ ក្រៅពីផ្តល់ឱកាសដល់សិស្ស និស្សិត បង្ហាញស្នាដៃ និងភាពច្នៃប្រឌិតរបស់ខ្លួនហើយ ក៏ជាឱកាសឱ្យសិស្ស និស្សិត មានភាពក្លាហានក្នុងការច្នៃប្រឌិតជំនាញ និងការងាររបស់ខ្លួន និងអាចប្រើប្រាស់បទពិសោធទាំងអស់នេះ ទៅអភិវឌ្ឍន៍ស្នាដៃរបស់ខ្លួនជាបន្តបន្ទាប់ទៀតដែលទទួលបានជោគជ័យនាពេលអនាគត ព្រមទាំងឈានដល់ការអាចបង្កើតសម្ភារៈដែលប្រើប្រាស់បានពិតប្រាកដ ថែមទាំងចូលរួមក្នុងការដោះស្រាយបញ្ហាមនុស្សក្នុងការរស់នៅប្រចាំថ្ងៃ។
តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានជំរុញឱ្យយុវជន សិស្សានុសិស្ស ចូលរួមកម្មវិធីនេះ និងតាំងបង្ហាញស្នាដៃរបស់ខ្លួនឱ្យបានច្រើនកុះករ ដើម្បីទទួលបានបទពិសោធថ្មីៗ និងឈាន់ដល់ការបង្កើតសម្ភារៈថ្មីៗដោយខ្លួនឯងបាន ដើម្បីអាចប្រើប្រាស់នៅជីវភាពប្រចាំថ្ងៃបាន។
សូមបញ្ជាក់ថា ពិព័រណ៍យន្តហោះ និងបចេ្ចកវិទ្យា គឺជាកម្មវិធីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដើម្បីបង្ហាញយន្តហោះ និងស្នាដៃដៃច្នៃប្រឌិតរបស់ខ្លួន ដែលមានទេពកោសល្យ ចង់យល់ដឹងបន្ថែមអំពីឯកទេសខាងយន្តហោះ និងបច្ចេកវិទ្យា។ ពិព័រណ៍នេះ បើកឱ្យមានការចូលរួមដោយសេរី ហើយដើម្បីអាចចូលរួមបាន ត្រូវចុះឈ្មោះតាមដំណភ្ជាប់ (https://airandtech.show/) ។ អ្នកដែលចូលរួម នឹងទទួលបានបទពិសោធថ្មីៗតាមរយៈការមើលយន្តហោះដោយផ្ទាល់ មានឱកាសជួបជាមួយអ្នកបើកយន្តហោះអាជីព ដើម្បីសាកសួរពីព័ត៌មានផ្សេងៗជុំវិញការបើកយន្តហោះ និងឧបករណ៍ផ្សេងៗផងដែរ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ