ព័ត៌មានជាតិ
ប្រធានសភាកាតា គាំទ្រធម្មនុញ្ញសន្តិភាព ហើយប្រកាសធ្វើការជាមួយកម្ពុជាក្នុងបុព្វហេតុសន្តិភាពសកល
នៅក្នុងជំនួបទ្វេភាគីជាមួយសម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា, លោកប្រធានសភាកាតា បានបង្ហាញការគាំទ្រចំពោះធម្មនុញ្ញសន្តិភាព ដែលផ្ដួចផ្ដើមឡើងដោយកម្ពុជា ហើយលោកបានប្រកាសធ្វើការជាមួយភាគីកម្ពុជាដើម្បីបុព្វហេតុសន្តិភាពសកល ដោយប្រឆាំងដាច់ខាតនឹងសង្គ្រាម។
ក្នុងជំនួបកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រាជធានីដូហា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងលោក ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម ប្រធានសភានៃរដ្ឋកាតា បានជជែកគ្នាអំពីការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ ក៏ដូចជាការផ្លាស់ប្តូរយោបល់គ្នាលើស្ថានការណ៍បច្ចុប្បន្នរបស់តំបន់ និងពិភពលោក ដែលកំពុងវិវត្តគួរឱ្យព្រួយបារម្ភ។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានបង្ហាញការយល់ឃើញដូចគ្នាចំពោះតួនាទីដ៏សំខាន់របស់សភាក្នុងការដោះស្រាយបញ្ហាតំបន់ និងពិភពលោក។
ប្រធានសភាកាតា បានលើកជាយោបល់ឱ្យមានកិច្ចប្រជុំកំពូលសភាមួយ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យប្រសើរឡើង ខណៈលោកកត់សម្គាល់ឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសភានៃបណ្ដាប្រទេសជាមិត្តនៅអាស៊ីមិនទាន់មានភាពរឹងមាំនៅឡើយ។ ក្នុងន័យនេះ ប្រធានសភាកាតា នឹងធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន លើកិច្ចការនេះ។
ប្រធានសភាកាតា បញ្ជាក់ប្រាប់សម្ដេចតេជោ ថា កាតាមានតួនាទីសំខាន់នៅក្នុងតំបន់ និងពិភពលោក ហើយកាតាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួល ដើម្បីឱ្យមានដំណោះស្រាយបញ្ហាអន្តរជាតិ ដូចជា បញ្ហាអ៊ុយក្រែន ប៉ាឡេស្ទីន និងអាហ្វានីស្ថាន ជាដើម។ ទន្ទឹមការបញ្ជាក់នេះ លោក ក៏បានកោតសរសើរចំពោះជំហរអព្យាក្រឹត្យរបស់កម្ពុជា ទៅលើបញ្ហាប៉ាឡេស្ទីន ហើយលោក យល់ថា បណ្តាសភានៅក្នុងសកលលោក ដែលស្រឡាញ់សន្តិភាព គប្បីរួមដៃគ្នាដោះស្រាយបញ្ហាទាំងនេះ ក្នុងផលប្រយោជន៍សន្តិភាព និងប្រជាជន។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលស្គាល់ដោយការពេញចិត្ត និងវាយតម្លៃខ្ពស់តួនាទីរបស់កាតានៅលើឆាកអន្តរជាតិ ដោយសម្តេច បានបញ្ជាក់ថា ជំហររបស់កាតា និងកម្ពុជាលើបញ្ហាអន្តរជាតិ និងតំបន់ មិនខុសគ្នាទេ។ សម្តេចតេជោ សង្កត់ធ្ងន់ថា ទោះបីប្រទេសយើងជាប្រទេសតូចយ៉ាងណាក៏ដោយ យើងត្រូវចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ។ សម្ដេច បានប្រាប់ប្រធានសភាកាតា ថា កម្ពុជា បានចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិយ៉ាងសកម្ម ដោយបានបញ្ជូនកម្លាំងទៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោក រហូតមកទល់នឹងពេលបច្ចុប្បន្ន។
ចំពោះការលើកឡើងពីកិច្ចប្រជុំអន្តរជាតិសភារបស់លោកប្រធានសភាកាតា សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា បានរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) កាលពីរសប្តាហ៍កន្លងទៅនេះ ក្នុងនោះ ថែមទាំងបានអនុម័តធម្មនុញសន្តិភាពសកលលោក ដែលបើកចំហរសម្រាប់សភាផ្សេងៗទៀតចូលជាសមាជិកផងដែរ។ សម្តេច បន្ថែមថា ក្នុងនាមសភាកាតា លោកអាចផ្តួចផ្តើមគំនិតបង្កើតកិច្ចប្រជុំសភាអាស៊ីមួយ ហើយកម្ពុជាពេញចិត្តចូលរួមដើម្បីដោះស្រាយបញ្ហាតំបន់ និងសកល។ សម្តេច ថា សម្លេងរបស់សភារួមគ្នា អាចរួមសម្លេងជាមួយរដ្ឋាភិបាល នៅអង្គការសហប្រជាជាតិ បើទោះបីជាសម្លេងស្រាល តែប្រសើរជាងមិនបានធ្វើអ្វីទាំងអស់។
ឆ្លើយតបការលើកឡើងរបស់សម្ដេចតេជោ, លោកប្រធានសភាកាតា យល់ស្របថា ធម្មនុញសន្តិភាពសកលលោកមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការពង្រីកទំនាក់ទំនងសភា និងអ្នកស្រឡាញ់សន្តិភាព ហើយលោក នឹងធ្វើការជាមួយកម្ពុជាដើម្បីសន្តិភាពពិភពលោកប្រឆាំងសង្គ្រាម៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ