វប្បធម៌ ជំនឿ
កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ គណកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC Angkor) និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៅខេត្តសៀមរាប ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពី លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោកស្រី បណ្ឌិតសភាចារ្យភឿង សកុណា ប្រធានក្រុមប្រឹក្សាបាលនៃអាជ្ញាធរជាតិអប្សរា និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
កិច្ចប្រជុំបច្ចេកទេសនេះ នឹងពិនិត្យមើលរបាយការណ៍នានា ព្រមទាំងផ្ដល់យោបល់ផ្នែកបច្ចេកទេសទៅលើការងារថែទាំ ជួសជុល និងអភិរក្សប្រាសាទបុរាណនានា ដែលជាសម្បត្តិបេតិកភណ្ឌ នៅក្នុងរមណីយដ្ឋានអង្គរ។ កិច្ចប្រជុំនេះ ក្រោមការដឹកនាំរបស់ការដឹកនាំកិច្ចប្រជុំ របស់លោក ព្យែរ វាំងហ្សង់ (Pierre Vincent) ទីប្រឹក្សាផ្នែកវប្បធម៌របស់ស្ថានទូតបារាំងប្រចាំកម្ពុជា និងលោក ណាហ្កាសិ គេនស៊ូគិ (NAGASE Kenssuke) អនុប្រធានបេសកកម្មនៃស្ថានទូកជប៉ុនប្រចាំកម្ពុជា។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៃគណកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC Angkor) និងសំបូរព្រៃគុក លោក ស្រីបណ្ឌិត សភាចារ្យ ភឿង សកុណា ប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្វាគមន៍ចំពោះវត្តមានរបស់អ្នកជំនាញអន្តរជាតិ និងអ្នកជំនាញជាតិក្នុងកិច្ចប្រជុំពេលនេះ។ លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានអ្នកជំនាញទាំងអស់ ដែលមានភក្តីភាពចំពោះអង្គរ។ លោកស្រីសង្ឃឹមថា កិច្ចប្រជុំបច្ចេកទេសលើកទី៣៩នេះ គឺអ្នកជំនាញអន្តរជាតិទាំងអស់នឹងរួមគ្នាចែករំលែកព្រមទាំងផ្ដល់បទពិសោធន៍ល្អថែមទៀត ដើម្បីរួមគ្នាលើការថែរក្សា និងអភិរក្សអង្គរ។
រិឯ លោក សាយ សំអាល់ រដ្ឋមន្រី្តក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងអំណរគុណដល់គណៈម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា ក្នុងភាពជាដៃគូចំពោះកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ទទួលសមិទ្ធផលជាផ្លែផ្កា ដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍យ៉ាងធំធេង។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា អង្គរគឺជាកន្លែងបុរាណវិទ្យាត្រូវការពារ ដោយសារតែបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៩២ បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋប្រមាណ១៤០ភូមិ កំពុងរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាតំបន់ការពារ។ លោកបន្តទៀតថា បច្ចុប្បន្ននេះចំនួនពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរមានការកើនឡើងជាប្រចាំ ដែលបង្កើតជាសម្ពាធយ៉ាងខ្លាំងធ្វើឱ្យមានឧបសគ្គដល់កិច្ចការពារអង្គរ។ ជាមួយគ្នានេះ ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ កំពុងពិគ្រោះយោបល់ជាមួយក្រសួងពាក់ព័ន្ធ ជាមួយអាជ្ញាធរជាតិអប្សរា ព្រមទាំងបានដាក់សំណើចូលទៅក្នុងកិច្ចប្រជុំនៃទីស្ដីការគណរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលផង ដើម្បីរកដំណោះស្រាយសមរម្យលើបញ្ហាជាច្រើន ដែលកំពុងតែប្រឈមទាំងនោះ៕
ដោយ៖ គឿនវេត
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក