ព័ត៌មានជាតិ
សម្ដេចធិបតី៖ ការវាយតម្លៃថា កម្ពុជា មិនប្រឹងទប់ស្កាត់ការជូញដូរមនុស្ស គឺផ្ទុយពីការពិត ដែលអយុត្តិធម៌សម្រាប់កម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា ការវាយតម្លៃមួយចំនួនរបស់បរទេស ថាកម្ពុជា មិនខិតខំប្រឹងប្រែងក្នុងកិច្ចការងារទប់ស្កាត់អំពើជួញដូរមនុស្ស គឺផ្ទុយពីការពិត គ្មានភាពសុក្រិត មិនមានយុត្តិធម៌ឡើយ។ តាមសម្ដេចធិបតី ការវាយតម្លៃផ្ទុយពីការពិត និងការចេញផ្សាយព័ត៌មានមិនពិតមួយចំនួនជុំវិញរឿងជួញដូរមនុស្សនេះ បាននាំឱ្យកម្ពុជាខាតបង់ច្រើន ខូចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ប៉ះពាល់គ្រប់វិស័យ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ ក្នុងឱកាសចូលរួមទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ក្នុងយុគសម័យឌីជីថល»។
ការលើកឡើងរបស់សម្ដេចធិបតី នាថ្ងៃទី១២ ខែធ្នូ នេះ គឺបន្ទាប់ពីកាលពីខែមិថុនា កន្លងទៅ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចាត់ថ្នាក់ថា កម្ពុជា ជាប្រទេសដែលមិនខិតខំប្រឹងប្រែង ទប់ស្កាត់អំពើជួញដូរមនុស្សឱ្យមានប្រសិទ្ធភាព និងដាក់កម្ពុជា ក្នុងកម្រិតទី៣ ដែលមិនបានគោរពពេញលេញនូវបទដ្ឋានអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្ស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ដូច្នេះ៖« សម័យថ្មីនេះ យើងមានបញ្ហាប្រឈម ព័ត៌មានពិតក៏មាន ប៉ុន្តែក្លែងក្លាយក៏មាន ដែលធ្វើឱ្យយើងខូចឈ្មោះច្រើន។ កិច្ចការកន្លងទៅ កន្លែងខ្លះ ការវាយតម្លៃកម្ពុជា លើការជួញដូរមនុស្សនេះ ក៏មិនសុក្រិតប៉ុន្មាន ក៏មិនយុត្តិធម៌ប៉ុន្មានដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើង! » ។
បើទោះបីជាសម្ដេចធិបតី ហៅ ការដែលបរទេសចាត់ថ្នាក់កម្ពុជាចំពោះសំណុំរឿងជួញដូរមនុស្សថាជារឿងអយុត្តិធម៌ផ្ទុយពីការ ពិត ប៉ុន្តែសម្ដេចធិបតី ក៏បានទទួលស្គាល់ថា កម្ពុជា ពិតជាមានករណីជនបរទេសមួយចំនួនយកដីកម្ពុជា ប្រព្រឹត្តអំពើជួញដូរមនុស្ស និងបញ្ហាអសន្តិសុខពិតមែន តែត្រូវបានរដ្ឋាភិបាលកម្ពុជា និងសមត្ថកិច្ចពាក់ព័ន្ធដុតដៃដុតជើង សហការជាមួយអន្តរជាតិ ខិតខំប្រឹងប្រែងបង្ក្រាបបានទាន់ពេលវេលា និងបង្ការជាប់ជានិច្ច។
សម្ដេចធិបតី អះអាងថា រាជរដ្ឋាភិបាលកម្ពុជាមានសុឆន្ទៈច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហាជួញដូរមនុស្ស និងសហការជានិច្ចជាមួយអន្តរជាតិ និងភាគីពាក់ព័ន្ធ ហើយកម្ពុជា ក៏មិនដែលបិទបាំងអំពីព័ត៌មានស្ដីពីការបង្រ្កាបករណីជួញដូរមនុស្សដែរ។
សម្ដេចធិបតី ថ្លែងអះអាងដូច្នេះ៖« កម្ពុជាមិនដែលបដិសេធថា កម្ពុជាមិនទទួលស្គាល់ថា កម្ពុជាគ្មានបញ្ហាជួញដូរ មនុស្ស ឬបញ្ហាអសន្តិសុខផ្សេងៗនោះដែរ។ ហេតុដូច្នេះហើយបានជាយើងពង្រឹងយន្តការក្នុងការអនុវត្ត ហើយពង្រឹងការអនុវត្តច្បាប់ ហើយសហការជាមួយបរទេស ព្រោះយើងមានសុឆន្ទៈច្បាស់លាស់! យើងទី១ ផ្ដើមចេញពីការទទួលស្គាល់ថាបញ្ហានេះ យើងប្រឈម យើងមាន ហើយយើងត្រូវតែប្រឈមដោះស្រាយ ហើយយើងមិនអាចបិទវាទុក ហើយលាក់វានោះទេ។ យើងមិនអាចបិទព័ត៌មាន មិនចែករំលែក ហើយថាខ្ញុំអត់មាននោះទេ ប៉ុន្តែនៅខាងក្រោយយើងត្រូវទទួលស្គាល់ »។
សម្ដេចធិបតី គូសបញ្ជាក់ថា ប៉ុន្តែពេលខ្លះត្រូវតែបដិសេធ ចំពោះការចោទប្រកាន់ ការមូលបង្កាច់មួយចំនួនដែលផ្ទុយពីការពិតទាំងស្រុង។
ចំពោះការចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលទទួលស្គាល់ការពិត សម្ដេចធិបតី ឆ្លើយតបថា កម្ពុជា មានគោលការណ៍ ការពិតត្រូវតែទទួលស្គាល់ ប៉ុន្តែការមូលបង្កាច់កម្ពុជាត្រូវតែបដិសេធ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត