ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ប្រាក់រៀល ប្រព័ន្ធបាគង និង KHQR នៅខេត្តសៀមរាប
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) ក្រោមវត្តមានលោក យឹម លាត ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា និងលោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោក យឹម លាត បានលើកឡើងថា ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅកម្ពុជា បានចាក់ឫសយ៉ាងជ្រៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចាប់តាំងពីការមកដល់របស់ អ៊ុនតាក់ ក្នុងអំឡុងទស្សវត្សរ៍ទី៩០។ កាលនោះ អ៊ុនតាក់ បាននាំមកនូវថវិកាចំនួន ១.៧ ពាន់លានដុល្លារអាមេរិកមកកម្ពុជា នៅពេលនោះដែរ ជំនឿចិត្តលើប្រាក់រៀលរបស់ប្រជាជនកម្ពុជា ក៏មានភាពទន់ខ្សោយនៅឡើយ។ ក៏ប៉ុន្តែ ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ តម្លៃប្រាក់រៀលរក្សាបានលំនឹងល្អ ដោយមានតម្លៃក្នុងចន្លោះប្រមាណ ៤០៥០៛/១$ ដែលត្រឹមតែអាចទប់ស្កាត់ការប្រើប្រាស់ប្រាក់ដុល្លារ មិនឱ្យកើនឡើងតទៅទៀត ព្រោះការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក នៅមិនទាន់ថមថយនៅឡើយ។ នេះជាមេរៀនប្រវត្តិសាស្រ្ត ដែលបានបង្ហាញពីការបាត់បង់ទំនុកចិត្តលើប្រាក់រៀលកើតឡើងត្រឹមរយៈពេលដ៏ខ្លី តែការស្តារទំនុកចិត្តឡើងវិញ ជាការលំបាក ទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័ន វិស័យឯកជន និងជាពិសេសប្រជាពលរដ្ឋទាំងអស់គ្នា។
លោកបន្តថា ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ ជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២ ០០០មក ក្នុងនោះក៏មានគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាមលទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា ដោយសហការជាមួយទីភ្នាក់ងារសហ-ប្រតិបត្តិការអន្តរជាតិជប៉ុន JICA កាលពីឆ្នាំ២០១៧ បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ ដែលប្រាក់រៀលដើរតួនាទីចម្បង និងទូលំទូលាយទាំងក្នុងសកម្មភាពរកប្រាក់ចំណូល ចំណាយ និងសន្សំ។ ជាក់ស្តែង សម្រាប់ខេត្តសៀមរាប ទិន្នន័យស្រាវជ្រាវបង្ហាញថា ជាមធ្យមប្រមាណ ៨១% នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជនត្រូវបានធ្វើឡើងជាប្រាក់រៀល។ នេះជាការបញ្ជាក់បន្ថែមរបស់លោក លោក យឹម លាត។
លោកបានឱ្យដឹងទៀតថា ចំពោះលទ្ធផលសិក្សាស្រាវជ្រាវរបស់ ធនាគារជាតិនៃកម្ពុជា សហការជាមួយ អង្គការ UNDP ក្នុងឆ្នាំ២០២៣ ក៏បានបង្ហាញដែរថាកម្មករនិយោជិតរោងចក្រដែលរស់នៅតាមបណ្តាខេត្តចាយវាយ ប្រចាំថ្ងៃរហូតដល់ទៅ ៩២% នៃចំណាយសរុប ជាប្រាក់រៀល ជាពិសេសទៅលើ ការស្នាក់នៅ ថ្លៃទឹកភ្លើង ការធ្វើដំណើរជិតឆ្ងាយ អាហារ សំលៀកបំពាក់ និងថ្នាំសង្កូវ។ រីឯកម្មករនិយោជិតអ្នកដែលរស់នៅទីក្រុងចាយវាយជាប្រាក់រៀលរហូតដល់ ៨២% នៃចំណាយសរុប។ ដូចនេះ ប្រសិនទាំងអ្នកលក់ និងអ្នកទិញប្រើប្រាស់ប្រាក់រៀល តែមួយនោះ គឺនឹងអាចជួយដល់ការលក់ដូរ ឱ្យមានភាពឆាប់រហ័ស ងាយស្រួល និងមិនចាំបាច់ពិបាកគិតគូរដល់អត្រាប្តូរប្រាក់នោះទេ។

លោកថា ការប្រើប្រាស់ដុល្លារអាមេរិកនៅបន្តមានកម្រិតខ្ពស់ បើធៀបនឹងប្រាក់រៀល ជាពិសេសនៅរាជធានីភ្នំពេញ និងតាមទីប្រជុំជននៅតាមបណ្តាខេត្ត។ លោកក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសប្រជាពលរដ្ឋទូទៅ សូមបន្តចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ ទាំងការទូទាត់ជាប្រាក់រៀល ការបិទស្លាកថ្លៃទំនិញជារៀល និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់ការអនុគ្រោះឱ្យបានកាន់តែច្រើន ចំពោះការប្រើប្រាស់ប្រាក់រៀលរបស់ជាតិយើងទាំងអស់គ្នា។

ចំពោះប្រព័ន្ធទូទាត់បាគង ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយធនាគារជាតិនៃកម្ពុជា។ ប្រព័ន្ធបាគង ជាប្រព័ន្ធទូទាត់ដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក ដូចជា៖ ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ទាំងក្នុងស្រុក និងជាមួយបណ្តាប្រទេសក្នុងតំបន់ បានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។ បច្ចុប្បន្ន អាចធ្វើការទូទាត់ប្រាក់ឆ្លងដែនជាមួយប្រទេស ថៃ វៀតណាម និងឡាវ តាមរយៈការ Scan QR Code ជាប្រាក់រៀលតែម្តង ដោយមិនចាំបាច់ដូរទៅជាដុល្លារអាមេរិកសិននោះទេ។ ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួនដូចជា VISA Card និង Master Card ជាដើម។ ក្នុងឆ្នាំនេះ គឺនឹងអាចតភ្ជាប់ជាមួយប្រទេសឥណ្ឌា និងចិន ហើយក៏មានផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងពិភពលោក។
លោកបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២៤ នេះ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យភ្ញៀវទេសចរអន្តរជាតិ ប្រើប្រាស់ប្រព័ន្ធទូទាត់ទំនើបថ្មីមួយ ដែលហៅថា បាគងសម្រាប់ទេសចរ (Bakong Tourists App) ដែលសម្រួលដល់ការទូទាត់ថ្លៃទំនិញ សេវា ការចាយវាយនានា ដោយមិនចាំបាច់តែប្រើក្រដាសប្រាក់នោះទេ។ ការប្រើប្រាស់ការទូទាត់អេឡិចត្រូនិកនេះនឹងជំរុញឱ្យភ្ញៀវទេសចរបង្កើនការចាយវាយនៅស្រុក នាពេលខាងមុខភ្ញៀវទេសចរ ក៏អាចប្រើបាគងសម្រាប់ទេសចរនេះ នៅតាមបណ្តាប្រទេសក្នុងតំបន់ ដែលកម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់នេះជាមួយផងដែរ ដូចជាប្រទេស ថៃ វៀតណាម ឡាវ និងមានប្រទេសជាច្រើនទៀត។

ចំណែកលោក សំកុល សុចិត្រា បានលើកឡើងថា សៀមរាបជាខេត្តមួយដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងបង្កើនផលិតផលក្នុងស្រុកសរុប (GDP) តាមរយៈវិស័យទេសចរណ៍ ដោយសារខេត្តសម្បូរទៅដោយតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ អេកូ-ទេសចរណ៍ ធម្មជាតិ និងកែច្នៃ ដែលបានទាក់ទាញទេសចរមកទស្សនាយ៉ាងច្រើន។
លោកក៏បានថ្លែងអំណរអរគុណយ៉ាងកក់ក្តៅចំពេះធនាគារជាតិនៃកម្ពុជា និងក្រុមការងាររបស់ធនាគារជាតិនៃកម្ពុជាដែលបានខិតខំបង្កើតឱ្យមានសិក្ខាសាលានេះឡើង ក្នុងគោលបំណងរួមចំណែកលើកកម្ពស់ការយល់ដឹងពីប្រាក់រៀលនៅខេត្តសៀម៕
ដោយ៖ គឿនវេត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា