Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនចិន សិក្សាសក្ដានុពលវិនិយោគនៅកម្ពុជា

បានផុស

នៅ

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន (ហុងកុង និងម៉ាកាវ) ដឹកនាំដោយលោក Wang Jiawei អគ្គនាយកក្រុមហ៊ុន Glorank (HK)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈប្រតិភូមានគោលបំណងស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ពិសេស ការវិនិយោគក្នុងវិស័យតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី ផលិតអាគុយ រួមទាំងឧស្សាកម្មគាំទ្រដល់វិស័យនេះ។

លោកអគ្គលេខាធិការបានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដោយបានបញ្ជាក់ជូនថាអនុលោមតាមច្បាប់ និង​បទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ គម្រោងប្រភេទនេះជាគម្រោងដែលទទួលបានការលើកទឹកចិត្ត ជាពិសេសគាំទ្រដល់កិច្ចការពារបរិស្ថាន។

បន្ថែមលើនេះ លោកអគ្កលេខាធិការក៏បានបរិយាយយ៉ាងក្បោះក្បាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបបលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគផលិតទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី។

ជាការឆ្លើយតប លោក Wang Jiawei បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមអគ្គលេខាធិការ ដែលបានទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយស្តីពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេស ពាក់ព័ន្ធនឹងវិស័យដែលក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលការណ៍នេះ បានធ្វើឱ្យក្រុមហ៊ុនកាន់តែមានជំនឿ​ជឿ​ជាក់ក្នុងការសម្រេចចិតបណ្តាក់ទុនវិនិយោគ។

លោក ជា វុទ្ធី អគ្គលេខាធិការបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីមានឱកាស​ដណ្តើមយកចំណែកទីផ្សារដែលកំពុងមានសក្តានុពល និងទទួលផលចំណេញឆាប់។

ម្យ៉ាងវិញទៀត ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យក្រុមហ៊ុនធ្វើការគិតគូរពិនិត្យលទ្ធភាពវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយផ្តោតតែទៅលើការប្រមូលផ្តុំចង្កោមឧស្សាហកម្មក្នុងវិស័យផលិតទោចក្រ​យាន​យន្តដែលប្រើថាមពលអគ្គិសនីនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម