Connect with us

ព័ត៌មានជាតិ

ការអភិរក្សបេតិកភណ្ឌអង្គរ និងអភិវឌ្ឍន៍ជីវភាពរស់​នៅរបស់ប្រជាពលរដ្ឋ មានភាពចាំបាច់ដូចគ្នា

បានផុស

នៅ

ស្ថាប័នជំនាញនៃរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអង្គការ UNESCO បានលើកឡើងថា ការទប់ស្កាត់បញ្ហាប្រឈមនៃកំណើនសាងសង់លំនៅឋានថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាករណីចាំបាច់បំផុត ដើម្បីពារការអភិរក្ស និងថែរក្សាសម្បត្តិវប្បធម៌បេតិកភណ្ឌ នៅក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យបានគង់វង្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងអង្គការ UNESCO ប្រចាំកម្ពុជា លោក Sada Umar Alam បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៣១ របស់គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក កាលពីថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាបថា តំបន់អង្គរគឺជាសម្បត្តិបេតិកភណ្ឌរស់ ដែលត្រូវការពារកុំឱ្យមានការរំលោភបំពាននានា ហើយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរក៏មានសារៈសំខាន់ដូចគ្នា។

លោក Sada Umar ALam បញ្ជាក់ទៀតថា ដោយសារតែតំបន់អង្គរមានសារៈសំខាន់នៃតម្លៃបេតិកភណ្ឌ ដូច្នេះរាល់ការអភិវឌ្ឍន៍នានា របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ គឺត្រូវតែគិតគូរទៅលើបញ្ហាប្រឈមនានាដែលអាចនឹង​ប៉ះពាល់ចំពោះតម្លៃនៃបេតិកភណ្ឌទាំងនោះ។

ការលើកឡើងរបស់តំណាងអង្គការ UNESCOនេះ ខណៈដែលចំនួនប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ នៅតែកើនឡើង ជាហេតុធ្វើឱ្យមានការបារម្ភចំពោះបញ្ហាប្រឈមនានាទៅលើបេតិកភណ្ឌពិភពលោក។

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប កាលពីថ្ងៃទី១១ខែធ្នូថា អង្គរគឺជាកន្លែងបុរាណវិទ្យា ដែលត្រូវការពារ ដោយសារតែបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៩២។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋចំនួនជាង១០០ភូមិ កំពុងរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់ការពារ។ បច្ចុប្បន្ននេះចំនួនពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរមានការកើនឡើងជាប្រចាំ ដែលបង្កើតជាសម្ពាធយ៉ាងខ្លាំង ធ្វើឱ្យមានឧបសគ្គដល់កិច្ចការពារអង្គរ។

ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ កំពុងពិគ្រោះយោបល់ជាមួយក្រសួងពាក់ព័ន្ធ ជាមួយអាជ្ញាធរជាតិអប្សរាព្រមទាំងបានដាក់សំណើរចូលទៅក្នុងកិច្ចប្រជុំនៃទីស្ដីការគណរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលផង ដើម្បីរកដំ​ណោះ​ស្រាយសមរម្យលើបញ្ហាជាច្រើន ដែលកំពុងតែប្រឈមទាំងនោះ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា តាំងតែពី២ឆ្នាំមុន រដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ដោះស្រាយលើបញ្ហាប្រឈមនៃសំណង់កើនឡើងនៅក្នុងតំបន់អង្គរនេះ ដោយបានរៀបចំដីថ្មីចំនួន២កន្លែង ១កន្លែងនៅ ក្រុងរុនតាឯក និងមួយកន្លែងទៀតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ដើម្បីដោះដូរឱ្យពលរដ្ឋណាដែលព្រមចាកចេញពីតំបន់អង្គរទៅរស់នៅមានដីកម្មសិទ្ធិស្របច្បាប់។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា មានប្រសាសន៍បញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៣១របស់គណកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក កាលពីល្ងាចថ្ងៃទី១៣ខែធ្នូថា បច្ចុប្បន្នការរៀបចំដីធ្លីនៅតំបន់ពាក់ស្នែង ដើម្បីឱ្យប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ ទៅតាំងទីលំនៅថ្មី នៅមិនទាន់រួចរាល់នៅឡើយដោយមិនទាន់មានប្រព័ន្ធទឹកស្អាត និងថាមពលអគ្គីសនីប្រើប្រាស់ជាដើម។

លោកស្រីបានបញ្ជាក់ថា នៅពេលណាដែលតំបន់ដីនៅឃុំពាក់ស្នែង បានរៀបចំរួចរាល់ គឺរដ្ឋាភិបាលនឹងផ្ដល់ជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ ឱ្យទៅរស់នៅទីនោះ បន្តបន្ទាប់៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម