Connect with us

ព័ត៌មានអន្ដរជាតិ

EU ប្រាប់​ថា នៅ​ពេល​នេះមិន​ទាន់​អាច​ដក​ទណ្ឌកម្ម​លើ​ស៊ីរី​​បាន​ទេ

បានផុស

នៅ

សហភាពអឺរ៉ុប នឹងមិនដកទណ្ឌកម្មលើប្រទេសស៊ីរីទេ មុនពេលមេដឹកនាំថ្មីរបស់ខ្លួន​​ធានា​បាន​ថា ជនជាតិភាគតិចមិនត្រូវបាន​គេ​ធ្វើទុក្ខបុកម្នេញ និង​សិទ្ធិស្ត្រីត្រូវបានការពារ ហើយ​​រដ្ឋាភិបាល​ដែល​បង្រួបបង្រួម​ថ្មី​​មិន​ប្រតិបត្តិ​តាម​សាសនាជ្រុលនិយម។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប នៅ​ថ្ងៃ​ចន្ទ​ទី​១៦​ខែ​ធ្នូ​ឆ្នាំ​២០២៤ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​​បាន​ផ្ដួល​រំលំ​របប​អតីត​ប្រធានាធិបតី​ស៊ីរី Bashar al-Assad។

លោកស្រី Kaja Kallas (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Kallas បាននិយាយថា ប្រទេស​ស៊ីរី ត្រូវ​បាន​ដាក់​បញ្ចូល​ជារបៀបវារៈ​​ ក្នុង​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល​នា​ថ្ងៃ​ចន្ទ​នេះ។

នៅ​ក្នុង​កិច្ច​ប្រជុំ លោកស្រី បាន​ប្រាប់​ថា សហភាព​អឺរ៉ុប នឹងមិនពិភាក្សាអំពី​ការ​បន្ថែម​ជំនួយហិរញ្ញវត្ថុដល់ស៊ីរី​ លើសពីអ្វីដែលសហភាពអឺរ៉ុបបានផ្តល់រួចហើយតាមរយៈទីភ្នាក់ងារអង្គការសហប្រជាជាតិ។

ខណៈពេលដែលសហភាពអឺរ៉ុប​បាន​ដាក់ទណ្ឌកម្មដ៏តឹងតែងប្រឆាំងនឹងស៊ីរី ក្រុមឧទ្ទាមដែលដឹកនាំការផ្តួលរំលំលោក Assad ក៏ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអស់ជាច្រើនឆ្នាំ​ផង​ដែរ ដែល​បង្ក​ឲ្យ​មាន​បញ្ហា​​ស្មុគស្មាញដល់សហគមន៍អន្តរជាតិ។

លោកស្រី Kallas បាន​បញ្ជាក់​ថា សហភាព​​​អឺរ៉ុប​គឺ​ជាម្ចាស់ជំនួយមនុស្សធម៌ដ៏ធំបំផុត​​របស់​ស៊ីរី។

លោក​ស្រី​បន្ថែមថា បច្ចុប្បន្ន ស៊ីរី​កំពុង​​​ទទួល​បាន​ក្ដី​សង្ឃឹម​ថ្មី ប៉ុន្តែ​វា​ក៏​ជា​ភាព​​មិន​ច្បាស់លាស់​មួយ​ពី​អនាគត​ផង​ដែរ។ មេដឹកនាំ​បណ្ដោះអាសន្ន​ថ្មី​របស់​ស៊ីរី​បាន​បង្កើត​សញ្ញា​វិជ្ជមាន ប៉ុន្តែ​ទាំងនេះ​មិន​គ្រប់គ្រាន់​​នៅ​ឡើយ​ទេ។

លោកស្រី Kallas បាន​ប្រាប់​ថា៖ «ពួកគេត្រូវបានវិនិច្ឆ័យដោយ​ទង្វើ មិនមែនត្រឹមតែពាក្យនោះទេ។ ដូច្នេះ​ប៉ុន្មាន​សប្តាហ៍ និង​ប៉ុន្មាន​ខែខាងមុខនេះ នឹងបង្ហាញថា តើការប្រព្រឹត្តរបស់ពួកគេកំពុងឆ្ពោះទៅរកទិសដៅត្រឹមត្រូវឬអត់»៕

ដោយ៖ ឈាង

ចុចអាន៖ មេ​ដឹកនាំ​ថ្មី​ស៊ីរី អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ ក្រោយ​ការ​ផ្ដួល​រំលំរបប​លោក Assad

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម