សេដ្ឋកិច្ច
ក្រុមហ៊ុនចំនួន ៣៤ ចូលរួមប្រឡងចៀរជ័រកៅស៊ូនៅខេត្តត្បូងឃ្មុំ
បេក្ខជនចំនួន ៧១រូប មកពីក្រុមហ៊ុនវិនិយោគលើដំណាំកៅស៊ូចំនួន ៣៤ក្រុមហ៊ុន សហគមន៍កៅស៊ូគ្រួសារចំនួន៥ និងចំការកៅស៊ូគ្រួសារចំនួន១ បានចូលរួមប្រឡងចៀរជ័រកៅស៊ូឆ្នាំ ២០២៤។
កម្មវិធីប្រលងចៀរជ័រកៅស៊ូ ប្រចាំឆ្នាំ២០២៤ រៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ផ្ដើមដំណើរការនៅចំការកៅស៊ូជុប ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤។
នេះជាការប្រឡងចៀរជ័រកៅស៊ូដំបូងបង្អស់ដែលអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំធ្វើ ដើម្បីចម្រាញ់ជ្រើសយកអ្នកចៀរជ័រកៅស៊ូ ដែលមានសមត្ថភាព និងជំនាញ។
លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍នៅក្នុងពិធីបើកការប្រឡងចៀរជ័រកៅស៊ូ ឆ្នាំ ២០២៤ថា ការប្រលងនាពេលនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់យើងទាំងអស់គ្នា បានឃើញពីសមត្ថភាព និងជំនាញរបស់បងប្អូនកម្មករដែលបានមកចូលរួមប្រលង ព្រមទាំងបង្ហាញអំពីការយកចិត្ដទុកដាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះអនុវិស័យកៅស៊ូ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋចំពោះរកការងារធ្វើក្នុងអនុវិស័យការងារកៅស៊ូ រក្សាបាននិរន្ដរភាពកម្លាំងពលកម្មតាមចម្ការកៅស៊ូ រក្សាសុខភាពដើមកៅស៊ូ រយៈពេលចៀរយកផលបានយូរ ត្រឹមត្រូវ ទទួលបានទិន្នផលខ្ពស់ និងផ្ដល់ក្ដីសង្ឃឹមដល់កម្មករចៀរជ័រឱ្យខិតខំប្រឹងប្រែងបំពេញការងារកាន់តែល្អ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចកាន់តែប្រសើរឡើង។
ពិធីនេះ ក៏បានបង្ហាញនូវស្មារតីសាមគ្គីភាព ភាតរភាព និងជាឱកាសនៃការជួបជុំបងប្អូនកម្មករមកពីបណ្ដាក្រុមហ៊ុន សហគមន៍កៅស៊ូផ្សេងៗ ឱ្យបានស្គាល់គ្នា ចែករំលែកផ្លាស់ប្ដូរបទពិសោធន៍ ផ្សាភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក នៅក្នុងបរិបទដែលសង្គមជាតិមានសុខសន្តិភាពពេញលេញទូទាំងប្រទេស។
ដំណាំកៅស៊ូគឺអនុវិស័យដ៏សំខាន់មួយនៅក្នុងវិស័យកសិកម្ម ដែលក្រសួងបានយកចិត្តទុកដាក់ជំរុញអភិវឌ្ឍឱ្យសម្រេចបានជោគជ័យ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍកៅស៊ូធម្មជាតិ ឆ្ពោះទៅឆ្នាំ២០៣០។
ដោយពិនិត្យឃើញអំពីសក្តានុពល និងតួនាទីដ៏សំខាន់នៃដំណាំកៅស៊ូ ក្នុងការរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ក្រសួងកសិកម្មបានណែនាំអគ្គនាយកដ្ឋានកៅស៊ូឱ្យរៀបចំការប្រលងចៀជ័រកៅស៊ូប្រចាំឆ្នាំ២០២៤នេះឡើង។
បច្ចេកទេសចៀរជ័រកៅស៊ូគឺជាជំនាញមួយដ៏សំខាន់នៅក្នុងសកម្មភាពទាញយកផលពីដើមកៅស៊ូ បន្ទាប់ពីចំណាយទុនវិនិយោគលើការដាំដុះនិងថែទាំក្នុងរយៈពេលដ៏វែងមួយ (៦ឆ្នាំ)។
កម្មករចៀរជ័រត្រូវមានជំនាញ និងឆ្លងកាត់វគ្គបណ្តុះបណ្តាលត្រឹមត្រូវ។ ដូច្នេះហើយបានជាបណ្តាក្រុមហ៊ុនចម្ការកៅស៊ូកសិ-ឧស្សាហកម្មនិងចម្ការកៅស៊ូគ្រួសារមួយចំនួនតម្រូវឱ្យមានក្រុមបច្ចេកទេសចុះត្រួតពិនិត្យការងារចៀរជ័រជាប្រចាំ ក្នុងន័យថែរក្សាដើមកៅស៊ូ និងផ្តល់ជាប្រាក់រង្វាន់លើកទឹកចិត្តដល់កម្មករឆ្នើមដែលអនុវត្តការចៀរជ័របានត្រឹមត្រូមត្រូវ។
យោងតាមអគ្គនាយកដ្ឋានកៅស៊ូ កម្ពុជារកចំណូលបានជាង ៥៧៣ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ ស្របពេលដែលតម្រូវការ និងតម្លៃទីផ្សារក៏មានភាពល្អប្រសើរនៅឆ្នាំនេះ។
ការនាំចេញកៅស៊ូសម្រេចបានចំនួនជាង ៣៤ ម៉ឺនតោន កើនឡើងជិត ៨ ពាន់តោន ស្មើនឹង ៣,១២ ភាគរយ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៣។
លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា តម្លៃជ័រកៅស៊ូជាមធ្យម ១ ៦៦២ ដុល្លារ ក្នុងមួយតោន ឡើងថ្លៃ ៣១៩ ដុល្លារក្នុងមួយតោន ស្មើនឹង ២៣,៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍៧ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់