Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីបរិស្ថាន៖ដាច់់ខាត! ខ្ញុំសុខចិត្តបិទរោងចក្រ សហគ្រាសដែលបំពុលបរិស្ថាន ដើម្បីកុំឱ្យប៉ះពាល់ជីវិតពលរដ្ឋ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានអះអាងថា ដាច់ខាតលោកសុខចិត្តបិទរោងចក្រ សហគ្រាស ដែលបំពុលបរិស្ថាន  ដើម្បីកុំឱ្យរោងចក្រដែលផ្ដល់ប្រយោជន៍ឱ្យកម្មករខ្មែរបន្តិចបន្តួចបន្ដបំផ្លាញបរិស្ថាន និងប៉ះពាល់អាយុជីវិតប្រជាជន។ លោករដ្ឋមន្ត្រីថ្លែងអះអាងដូច្នេះ នៅក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលបរិស្ថានឆ្នាំ២០២៤ និង លើកទិសដៅការងារបន្តឆ្នាំ២០២៥” រៀបចំឡើងនាព្រឹកថ្ងៃទី១៦ ខែធ្នូ នៅទីស្ដីការក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយហេតុថា បើរោងចក្រមួយបង្ហូរកាកសំណល់ចូលប្រភពទឹក នឹងនាំជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរដល់បរិស្ថាន និងមនុស្ស លោក អ៊ាង សុផល្លែត សង្កត់ធ្ងន់យ៉ាងខ្លីដូច្នេះ៖«​​ចំពោះខ្ញុំ ខ្ញុំសុខចិត្ដបាត់បង់រោងចក្រ ប៉ុន្តែមិន(ឱ្យ)បាត់បង់ជីវិតប្រជាជនកម្ពុជាណាម្នាក់ទេ ដាច់ខាត!»។

ដើម្បីទប់ស្កាត់ផលអវិជ្ជដែលកើតចេញពីការបង្ហូរកាកសំណល់រោងចក្រចូលប្រភពទឹក​ក្រសួងបរិស្ថាន បានធ្វើទំនើបកម្មការតាមដាន និងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយ ក៏ដូចជាបាននិងកំពុងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ចេញសំណល់រាវ លើរោងចក្រសហគ្រាស ចំនួន៣៦។

តាមលោក អ៊ាង សុផល្លែត  ក្រសួងបរិស្ថាន បានធ្វើទំនើបកម្ម ការតាមដាននិងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយ ទៅលើទីតាំងក្រុមហ៊ុន ឬ រោងចក្រ ដែលជាប្រភពនៃការបញ្ចេញសំណល់ ដែលមានហានិភ័យខ្ពស់ ដល់បរិស្ថាន សំដៅពង្រឹងការអនុវត្តច្បាប់ កាត់បន្ថយពេលវាលា និងសកម្មភាពចុះផ្ទាល់របស់មន្រ្តីជំនាញ ដែលអាចបង្កការរំខានដល់វិនិយោគគិន និងកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈការតម្រូវឱ្យបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅត្រង់ចំណុចបញ្ចេញសំណល់ នៅតាមប្រភពបំពុល សក្ដានុពលទាំងអស់ ដើម្បីធ្វើការវាស់ស្ទង់បរិមាណនិងកម្រិតសារធាតុបំពុលបញ្ចេញ និងបញ្ជូនទិន្នន័យមកក្រសួងបរិស្ថាន តាមប្រព័ន្ធអនឡាញ (Online) ដោយស្វ័យប្រវត្តិ។

លោករដ្ឋមន្ត្រី ក៏បានរម្លឹកពីគោលការណ៍របស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ថា សម្ដេចធិបតី បានផ្ដល់គោលការណ៍ឱ្យក្រសួងបរិស្ថានបិទចោលរាល់រោងចក្រទាំងឡាយណាដែលបំពុលបរិស្ថាន ហើយមិនគោរព និងអនុវត្តន៍តាមគោលការណ៍ក្រសួងបរិស្ថាន។

គួរឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤  រោងចក្រសហគ្រាស ចំនួន៣៦ បាននិងកំពុងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ចេញសំណល់រាវ នៅតាមទីតាំងរបស់ខ្លួន ក្នុងចំណោមរោងចក្រ សហគ្រាសសរុបចំនួន ១២២កន្លែង ដែលត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ តាមច្បាប់។

នៅក្នុងពិធីបើកសន្និបាតដដែល លោករដ្ឋមន្ត្រីក៏បានអរគុណដល់ម្ចាស់រោងចក្រសហគ្រាសមួយចំនួន ដែលអនុញ្ញាត និងសហការណ៍ឱ្យក្រសួងបរិស្ថាន បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ចេញសំណល់រាវ នៅតាមទីតាំងរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម