Connect with us

ព័ត៌មានជាតិ

កម្ពុជាច្រានចោលនូវព័ត៌មានដែលថា រដ្ឋាភិបាល​ចិនឈប់ផ្តល់កម្ចីដល់ខ្លួន

បានផុស

នៅ

លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបានបដិសេដ​ចំពោះព័ត៌មានដែលត្រូវបានសាធារណជនចែកចាយលើ​បណ្តាញ​សង្គមថា រដ្ឋាភិបាលចិនឈប់ផ្តល់កម្ចីដល់កម្ពុជាជាព័ត៌មានមិនពិត ខណៈរដ្ឋាភិបាលនៃ​ប្រទេសទាំង​ពីរគ្រោងនឹងធ្វើការចុះហត្ថ​លេខាលើគម្រោងអភិវឌ្ឍន៍ជាច្រើននាពេលខាងមុខ និង ពុំមានគម្រោងណាមួយត្រូវបានលុបចោលនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបដិសេដរបស់មន្រ្តីជាន់ខ្ពស់ខាងលើ ធ្វើឡើងកាលពីថ្ងៃទី១៥ខែធ្នូ​នៅលើបណ្តាសង្គម​ផ្លូវការរបស់ខ្លួន ដោយលោកបានគូសបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ លោកបានឃើញបងប្អូន​ចែកចាយ​​​​អំពីទំនាក់ទំនងរវាងកម្ពុជានិងចិន ខណៈទំនាក់ទំនងរវាង​ប្រទេសទាំងពីរគឺ​ជា​ទំនាក់ទំនងដែល​​បន្តមានការស្អិតរមូត មានការពង្រឹងតាមរយៈ​ការវិនិយោគ និង​កិច្ចសហ​ប្រតិបត្តិការ​​នានាដែលមានជាធរមាន​។

​លោកបា​នសង្កត់ធ្ងន់ថា៖«ខ្ញុំចង់បញ្ជាក់ជូនថា យើងមានគម្រោងជាច្រើនរវាងប្រទេសទាំងពីរ​ដែលបន្តពិនិត្យ និងចុះកិច្ចព្រមព្រៀង នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងក្របខណ្ឌ​នៃកិច្ច​ចុះព្រមព្រៀងហិរញ្ញប្បទានឥតសំណង រាប់ទាំងហិរញ្ញប្បទានសម្បទានជាច្រើន​ទៀតដែលយើងគ្រោងនឹងមានជាមួយគ្នា»។

លោក មាស សុខសេនសានបានថ្លែងបន្តទៀតថា ពាក់ព័ន្ធជាមួយនឹងព័ត៌មានដែលបាន​ចែកចាយថាចិនឈប់ផ្តល់កម្ចីឬក៏យ៉ាងណានោះ គឺពុំមាននោះឡើយ ដោយសារតែគម្រោង​ទាំងនេះក្នុងដែលភាគីទាំងពីរកំពុងតែសិក្សាពីសមិទ្ធិលទ្ធភាព និងសិក្សាពីផលប៉ះពាល់ទាំង​សេដ្ឋកិច្ច​និងសង្គមដើម្បីឈានទៅចុះកិច្ចព្រមព្រៀងជាក់លាក់នៅពេលឆាប់ខាងមុខនេះ ​​។

លោកថា៖«ខ្ញុំគិតថានេះគឺជាព័ត៌មានដែលបំភ័ណ្ឌ​សាធារណមតិជាច្រើនដែល​បងប្អូន​ប្រជាពល​​​​រដ្ឋ​​អាចមានការច្រឡំ ដែលខ្ញុំយកឱកាសនេះដើម្បីចង់បញ្ជាក់ជូនថាយើង​មានទំ​នាក់ទំនងជាពិសេសនៅក្នុងទស្សនកិច្ចរបស់រថ្នាក់ដឹកនាំកំពូលរបស់យើងដែលទើបត្រឡប់មកពីទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ដែលលោកគឺ​ជាប្រធានព្រឺ​ទ្ធសភា លោកបានទើបតែចប់ទស្សនកិច្ចថ្មីៗនេះ រដ្ឋមន្រ្តីការបរទេស និង​រាប់ទាំង​ទស្សនកិច្ច​ផ្សេងៗទៀតដែលរាប់ទាំងទសន្សកិច្ច​របស់រដ្ឋមន្រ្តីការបរទេសចិន​ដែលបាន​ទស្សនកិច្ចនៅ​កម្ពុជា និងអ្នកវិនិយោគជាច្រើនដែលបានមកសិក្សាអំពីលទ្ធភាព​នៃការវិនិយោគនៅកម្ពុជា និង​​បានចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី កាលពី​ប៉ុន្មានខែកន្លងទៅនេះ​។ ដូច្នេះ​ខ្ញុំ​​គ្រាន់តែចង់​សូមឱ្យបងប្អូនប្រជាពលរដ្ឋតាមដាននៅក្នុង​កិច្ចការនេះ ហើយវិនិច្ឆ័យដោយ​ខ្លួនឯង»។

កាលពីដើមខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន​ដោយសម្តេចតេជោបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងបានថ្លែងអំណរគុណ​ចំពោះប្រធានាធិបតីលើការផ្តល់ហិរញ្ញវត្ថុ​នៃការសាងសង់ពហុកីឡដ្ឋានជាតិ​​មរតកតេជោ ដែលបានជួយឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមដោយជោគជ័យ។

កម្ពុជាមានបំណុលសាធារណៈសរុបចំនួន ១១,៧៨ ប៊ីលានដុល្លារ គិតត្រឹមត្រីមាសទី៣ ឆ្នាំ ២០​២៤ ដោយគិតទាំងបំណុលមរតក និងបានទូទាត់សងបំណុលជាង ៤៥៦ លានដុល្លារ។ ក្នុងនោះ​ប្រទេសចិនគឺជាប្រទេសដែលបានផ្តល់កម្ចីច្រើនជាងគេ​មានចំនួន​ជាង៤ពាន់លាន​ដុល្លារ។ សម្រាប់កម្ចីទាំងនេះត្រូវបានរដ្ឋាភិបាលយកមកវិនយោគលើការសាងសង់​ហេដ្ឋា​រចនា សម្ព័ន្ធនានាដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម