Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសឱ្យពលរដ្ឋខ្មែរ ទៅធ្វើតេស្តជំនាញ និងតេស្តភាសាកូរ៉េ ដើម្បីធ្វើការនៅកូរ៉េ

បានផុស

នៅ

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បានប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅធ្វើ​តេស្ត​ជំនាញ និង​តេស្ត​ភាសា​កូរ៉េ​ ដើម្បី​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ទទួលបាន​ប្រាក់ខែ​ខ្ពស់ ​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​សេចក្តីជូនដំណឹង​ស្តីពី​ការប្រឡង​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ​លើក​ទី​ ២២​ និង​ការប្រឡង​តេស្ត​ជំនាញ សម្រាប់​វិស័យ​ឧស្សាហកម្ម​ដែល​ទើបបាន​ទទួល​នៅ​រសៀល​ថ្ងៃទី​ ១៦ ​ធ្នូ​ នេះ លោក ហេង​ សួរ រដ្ឋមន្ត្រីក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដឹងថា ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស (HRD-Korea) នៃ​ក្រសួង​មុខរបរ និង​ការងារ​ នៃ​សាធារណរដ្ឋ​កូរ៉េ សហការ​ជាមួយ គណៈកម្មាធិការ​បណ្តុះបណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស (គ​.​ប​.​ប​.​ព​.​ប​) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​រៀបចំ​ការប្រឡង​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ​លើក​ទី​ ២២ ​និង​ការប្រឡង​តេស្ត​ជំនាញ​សម្រាប់​វិស័យ​ឧស្សាហកម្ម​ ក្នុងនោះ​បេក្ខជន​ត្រូវមាន​កាយសម្បទា​គ្រប់គ្រាន់ និង​សុខភាពល្អ (​មិន​ពិការ​ដៃ​-​ជើង និង​ងងឹត​ពណ៌​ភ្នែក​) ​ត្រូវមាន​អាយុ​ចាប់ពី ១៨ ដល់ ៣៩ ​ឆ្នាំ មិនមាន​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស មិន​ធ្លាប់​ជាប់ពន្ធនាគារ ឬ​ទោសឧក្រិដ្ឋ​ មិនមាន​ការហាមឃាត់​ក្នុងការ​ចាកចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា មិន​ធ្លាប់ធ្វើ​ការខុសច្បាប់​នៅ​សាធារណរដ្ឋ​កូរ៉េ ឬ​បណ្តេញ​ចេញពី​សាធារណរដ្ឋ​កូរ៉េ​ មិន​ធ្លាប់​ស្នាក់នៅ និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​លើសពី ៥ ​ឆ្នាំ (​ប្រភេទ​ទិដ្ឋាការ E-9 និង ​E-10) លើកលែង​ការ​បន្ត​ដោយ​ស្វ័យប្រវត្តិ​ក្នុងអំឡុងពេល​រីក​រាលដាល​ជំងឺ​កូ​វីដ-១៩។

លោក​រដ្ឋមន្ត្រី​ បាន​បន្តថា​ ការចុះឈ្មោះ​សុំ​សិទ្ធិ​ប្រឡង​ចាប់ពី​ថ្ងៃទី ​១៩ ដល់ទី​ ២៣ ខែធ្នូ ឆ្នាំ​ ២០២៤ ដោយ​បេក្ខជន​ត្រូវ​ចុះឈ្មោះ​តាម​កម្មវិធី EPS-TOPIK Cambodia ដែល​អាច​ទាញយក​ពី Play Store ឬ គេហទំព័រ www.eps.mtosb.gov.kh។ តម្លៃ​សុំ​សិទ្ធិ​ប្រឡង​ជូន​ទៅ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស (HRD-Korea) នៃ​ក្រសួង​មុខរបរ និង​ការងារ ​នៃ​សាធារណរដ្ឋ​កូរ៉េ​ចំនួន ២៨ ដុល្លារ។

ឯកសារ​ចាំបាច់​សម្រាប់​ទាញ​ចូលក្នុង​កម្មវិធី​រួមមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន ដែល​មាន​សុពលភាព​ប្រើប្រាស់​រូបថត​ពណ៌​ធម្មជាតិ​ដែល​មិនមាន​ការតុបតែង ទំហំ​ ៣.៥ x ៤.៥ សង់ទីម៉ែត្រ (​ផ្ទៃ​ខាងក្រោយ​ពណ៌​ស ថត​ក្នុងអំឡុងពេល ៣​ ខែ ​ថ្មីៗ​ នេះ​)។

ការបិទ​ឈ្មោះ​ប្រឡង ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​ ៩ ខែមករា ឆ្នាំ​ ២០២៥ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ គ​.​ប​.​ប​.​ព​.​ប www.facebook.com/mtosbcambodia និង​តេ​លេ​ក្រាម EPS-Cambodia (https://t.me/epscambodia) ហើយ​បេក្ខជន ​នឹង​ប្រឡង​នៅ​ជាន់ទី​ ៤ អគារ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ នៅក្នុងវិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)​ ចាប់ពី​ថ្ងៃទី​ ១៥ ខែមករា ឆ្នាំ ​២០២៥ តទៅ ដោយ​ក្នុង​មួយថ្ងៃ​មានការ​ប្រឡងចំនួន ៥ វេន។

បេក្ខជន ​ត្រូវ​ចូលក្នុង​បន្ទប់​រង់ចាំ​ឱ្យបាន​មុន​ម៉ោង​ប្រឡង ដើម្បី​ស្តាប់​ការពន្យល់​ណែនាំ​ពី​របៀប​ប្រឡង។ កាលវិភាគប្រឡង​អាចមាន​ការប្រែប្រួល​តាម​ការចាំបាច់​របស់​អង្គភាព HRD-Korea។

លោក​រដ្ឋមន្ត្រី​ បាន​បន្ថែមថា ​ចំពោះ​ការប្រឡង​តេស្ត​ជំនាញ​វិញ​ នឹង​បិទ​ឈ្មោះ​ប្រឡង​នៅ​ថ្ងៃទី​ ១១ ខែ​មីនា ឆ្នាំ​ ២០២៥ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ គ​.​ប​.​ប​.​ព​.​ប www.facebook.com/mtosbcambodia និង​តេ​លេ​ក្រាម EPS-Cambodia (https://t.me/epscambodia) ហើយ​បេក្ខជន​នឹង​ប្រឡង​នៅ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)​ ចាប់ពី​ថ្ងៃទី​ ២២ ខែមីនា ឆ្នាំ​ ២០២៥ ​តទៅ ដោយ​ក្នុង​មួយថ្ងៃ​មាន​ការ​ប្រឡង​ចំនួន ២ វេន។ ឯកសារ​ដែល​ត្រូវ​យក​មក​ជាមួយ​នៅ​ថ្ងៃ​ប្រឡង​រួមមាន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ លិខិតឆ្លងដែន​ច្បាប់ដើម (​ដូចគ្នា​ទៅនឹង​ពេល​ដាក់​ពាក្យសុំ​សិទ្ធិ​ប្រឡង​) ក្នុងករណី​មិនបាន​យកមក​ជាមួយ នោះ​អង្គភាព HRD-Korea មិន​អនុញ្ញាតឱ្យ​ប្រឡង​ជាដាច់ខាត។

លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា​ ពេល​ប្រឡង​មិន​អនុញ្ញាតឱ្យ​យក​ចូលក្នុង​បន្ទប់​ប្រឡង​នូវ​ទូរស័ព្ទដៃ សំណៅ​ឯកសារ វចនានុក្រម​អេឡិចត្រូនិក និង​ឧបករណ៍ អេឡិចត្រូនិក​ផ្សេងៗ ទៀត ដែល​អាច​ប្រើប្រាស់​ក្នុង​ការលួចបន្លំ​។ ក្នុងករណី​ដែល​រកឃើញថា​មាន​ការលួចបន្លំនោះ ការប្រឡង​តេស្ត​នឹង​ចាត់​ទុកជា​មោឃៈ និង​ត្រូវ​ដកសិទ្ធិ​ប្រឡង​ក្នុង​រយៈពេល ៤ ឆ្នាំ។ ប្រសិនបើ​ព័ត៌មាន​ផ្ទាល់ខ្លួន (​ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត និង​ភេទ​) នៅលើ​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន មិនដូចគ្នា​នឹង​ព័ត៌មាន​នៅ​លើ​ពាក្យសុំ​សិទ្ធិ​ប្រឡង​ទេ នោះ​បេក្ខជន​នឹងមិន​ត្រូវបាន​ចុះឈ្មោះ​ទៅក្នុង​បញ្ជី​ឈ្មោះ​អ្នកស្វែងរក​ការងារ​ធ្វើ​ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ EPS ក៏ដូចជា​ការបញ្ជូន​ទៅ​សាធារណរដ្ឋ​កូរ៉េ​ឡើយ បេក្ខជន​ត្រូវទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​បញ្ហា​ដែល​បណ្តាលមកពី​ភាពខុសគ្នា​ នៃ​ព័ត៌មាន​ទាំងនោះ។

ដើម្បី​ក្លាយ​ជា​បេក្ខជន​ប្រឡង​ជាប់​ជា​ស្ថាពរ បេក្ខជន​ត្រូវ​ឆ្លងកាត់​ការប្រឡង​តេស្ត​ជំនាញ​ក្រោយ ពេល​ប្រកាស​លទ្ធផល​ប្រឡង​ជាប់​តេស្ត​ដែល​លទ្ធផល​ប្រឡង​ជាប់​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ​នៅ​ថ្ងៃទី​ ១១ ខែមីនា ឆ្នាំ ​២០២៥។

ក្រោយពី​ប្រកាស​លទ្ធផល​ជាប់​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ (EPS-TOPIK) បេក្ខជន​ដែលមាន​វិញ្ញាបនបត្រ​ជំនាញ ត្រូវ​នឹង​វិស័យ​ឧស្សាហកម្ម​ អាច​យកមក​ដាក់​នៅ​អគារ​លេខ ​៨ នៃ គ​.​ប​.​ប​.​ព​.​ប ចាប់ពី​ថ្ងៃទី ​១១ ដល់​ថ្ងៃទី​ ១២ ខែមីនា ឆ្នាំ​ ២០២៥ ដើម្បី​ទទួលបាន​ពិន្ទុ​បន្ថែម​នៅពេល​ប្រឡង​តេស្ត​ជំនាញ​។ រីឯ​លទ្ធផល​ប្រឡង​ជាប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី ​៣ ខែមេសា ឆ្នាំ​ ២០២៥ ​ដែល​សុពលភាព​ នៃ​លទ្ធផល​ប្រឡង​មាន​រយៈពេល​ចំនួន ២ ឆ្នាំ គិត​ចាប់​ពី​ថ្ងៃ​ប្រកាស​លទ្ធផល។ បេក្ខជន​ជាប់​ជា​ស្ថាពរ មិន​មានន័យថា​បាន​ប្រឡង​ជាប់​ទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ឡើយ។

បេក្ខជន​ដែល​ធ្លាក់​តេស្ត​សុខភាព ឬ​ ធ្លាប់​ស្នាក់នៅ​ដោយ​ខុសច្បាប់​នៅ​សាធារណរដ្ឋ​កូរ៉េ មិនត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដាក់​ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ​ឡើយ បើទោះបីជា​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ​ក៏ដោយ។

យោង​អនុស្សរណៈ​យោគយល់​ស្ដីពី​ការ​បញ្ជូន​ពលករ​ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ មានតែ​គណៈកម្មាធិការ បណ្ដុះបណ្ដាល និង​បញ្ជូន​ពលករ​ទៅ​បរទេស​តែមួយ​ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​បញ្ជូន​ពលករ​កម្ពុជា​ទៅធ្វើ​ការងារ​នៅសាធារណរដ្ឋ​កូរ៉េ​។ មានតែ​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ និង​បាន​ចុះឈ្មោះ​ចូលក្នុង​បញ្ជី​ស្វែងរក​ការងារ ធ្វើ​ប៉ុណ្ណោះ ដែល​អាច​ត្រូវបាន​ជ្រើសរើស​ដោយ​និយោជក​កូរ៉េ​តាមរយៈ​ប្រព័ន្ធ​កុំព្យូទ័រ​។ ភ្នាក់ងារ​ឯកជន​ណាមួយ ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ដំណើរការ​បញ្ជូន​ពលក​រ​នឹងត្រូវ​ធ្វើការ​ផាកពិន័យ​តាមច្បាប់​ជា​ធរមាន។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​គណៈកម្មាធិការ​បណ្ដុះបណ្ដាល និង​បញ្ជូន​ពលករ​ទៅ​បរទេស ដែលមានទីតាំង​អគារ​លេខ ​៨ ក្នុង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ភូមិ​ព្រៃ​ពពេល សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ឬ​តាម​ទូរ​សព្ទ​លេខ ០១២-៤៦៦-២២២ និង ០១២-២៥៣-៥៥៥ នៅ​រៀងរាល់​ម៉ោង​ធ្វើការ។

គួរ​បញ្ជាក់​ថា គិត​ត្រឹម ​២០២៣​ កម្ពុជា ​បានផ្តល់​ឱកាស​ការងារ​នៅក្រៅ​ប្រទេស​ជូន​ប្រជាពលរដ្ឋ​ចំនួន ១ ៣៥៦ ៦១៦​ នាក់​ ស្រី​ចំនួន ៥៥២ ៨៥១ នាក់ ក្នុង​នោះ​នៅ​សាធារណរដ្ឋ​កូរ៉េ មាន​ចំនួន ៥០ ៩៧០ នាក់ ស្រី ១២ ៥៣៨​ នាក់ ​ជា​មធ្យម​ទទួលបាន​ប្រាក់ខែ ១ ៥០០ ដុល្លារ ក្នុង ១ ខែ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ វិនាទី មុន

ក្រសួងការងារ ប្រកាសឱ្យពលរដ្ឋខ្មែរ ទៅធ្វើតេស្តជំនាញ និងតេស្តភាសាកូរ៉េ ដើម្បីធ្វើការនៅកូរ៉េ

ជីវិតកម្សាន្ដ៧ នាទីutes មុន

Hailey មានប្រតិកម្មបែបណា ពេល Selena និង Benny ​ភ្ជាប់​ពាក្យ​កក្រើកវិស័យកម្សាន្ត

សេដ្ឋកិច្ច២១ នាទីutes មុន

កម្ពុជារកចំណូលបានជាង $៦៤០ លាន ពីការនាំចេញកៅស៊ូក្នុងឆ្នាំនេះ

សេដ្ឋកិច្ច៣៥ នាទីutes មុន

ធនាគារអេស៊ីលីដាចុះអនុស្សរណៈជាមួយអគ្គលេខាធិកាដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលសហប្រតិបត្តិការលើការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ

Sokha Hotels

ព័ត៌មានពេញនិយម