ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសត្រៀមខ្លួនធ្វើសង្គ្រាមជាមួយ ណាតូ
ក្នុងជំនួបជាមួយក្រុមមន្ត្រីកំពូលៗនៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទទី១៦ខែធ្នូឆ្នាំ២០២៤ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក អាន់ដ្រេ បេលូសូហ្វ បានប្រកាសឲ្យប្រទេសត្រូវត្រៀមខ្លួនចំពោះសង្គ្រាមដោយផ្ទាល់ជាមួយអង្គការណាតូ ដែលអាចផ្ទុះឡើងនៅរយៈពេល១០ឆ្នាំខាងមុខ។
តាមការចុះផ្សាយរបស់ RT, លោកព្រមានថា ជម្លោះរវាងទីក្រុងមូស្គូនិងសហរដ្ឋអាមេរិកព្រមទាំងសម្ព័ន្ធមិត្តរបស់ពួកគេ នៅតែបន្តក្នុងទ្រង់ទ្រាយធំទៅៗ។ ដូច្នេះក្នុងលក្ខខណ្ឌបែបនេះ គោលដៅធំដែលក្រសួងការពារជាតិត្រូវធានាឲ្យបាន នោះគឺត្រូវត្រៀមខ្លួនឲ្យបានពេញលក្ខណៈសម្រាប់ការវិវត្តនៃស្ថានភាពដ៏អាក្រក់។
យ៉ាងណាក្តី រដ្ឋមន្ត្រីរូបនេះ បានស្តីបន្ទោសចំៗទៅលោកខាងលិចថា ជាអ្នកបង្កើនភាពតានតឹងនិងបញ្ឆេះសង្គ្រាម មិនមែនទីក្រុងមូស្គូទេ។ ជាក់ស្តែង លោកអះអាងថា ណាតូ នឹងដាក់ពង្រាយអង្គភាពមួយដែលមានកម្លាំង ១០០ ០០០ម៉ឺននាក់ នៅតាមបណ្តោយព្រំដែនភាគខាងលិចរបស់រុស្ស៊ីក្នុងរយៈពេល១០ថ្ងៃខាងមុខ, ដាក់ពង្រាយ ៣០០ ០០០នាក់នៅមួយខែទៀត និង ៨០០ ០០០នាក់នៅ ១៨០ថ្ងៃទៀត។
សេចក្តីប្រកាសនេះកើតឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីប្រមុខអង្គការណាតូលោក Mark Rutte បានព្រមានចេញពីទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក ឲ្យរដ្ឋជាសមាជិកទាំងអស់ ត្រូវត្រៀមខ្លួនចំពោះការផ្ទុះសង្គ្រាមជាមួយរុស្ស៊ី ដែលអាចកើតឡើងក្នុងរយៈពេលពី៤ទៅ៥ឆ្នាំទៀត។
លោកថ្លែងថា «រុស្ស៊ីបានត្រៀមខ្លួនរួចហើយដើម្បីប្រឈមមុខជាមួយអ៊ុយក្រែននិងណាតូ ក្នុងរយៈពេលយូរ។ ដូច្នេះហើយ យើងត្រូវតែត្រៀមលក្ខណៈឲ្យបានរួចរាល់សម្រាប់សង្គ្រាមដែលអាចកើតឡើងក្នុងរយៈពេល៤ទៅ៥ឆ្នាំទៀត។ អ៊ីចឹង សមាជិកទាំងអស់ត្រូវងាកទៅរកផ្នត់គំនិតសម័យសង្គ្រាមវិញ ហើយចាំបាច់ណាស់ ត្រូវតែពង្រឹងការចំណាយលើវិស័យការពារជាតិនិងបង្កើនសមត្ថភាពកងទ័ព»។
ស្របពេលជាមួយគ្នានោះ លោក Rutte ក៏បានលើកឡើងពី គោលដៅចំណាយ២% នៃ GDP របស់ប្រទេសជាសមាជិកផងដែរ ដោយព្រមានថា សមាជិកទាំងឡាយ គួរចំណាយឲ្យចំគោលដៅ ព្រោះ បើថាយើងមិនចំណាយជាមួយគ្នាទេនោះ ពេលមានសង្គ្រាមផ្ទុះឡើង យើងអាចចំណាយលើសនេះទៀតដើម្បីប្រយុទ្ធក្នុងសង្គ្រាមនោះ ក៏អាចថាបាន។
ក្នុងឆ្នាំ២០១៤ សមាជិកសម្ព័ន្ធភាពមួយនេះ បានប្តេជ្ញាចំណាយយ៉ាងហោចណាស់ ២% នៃ GDP របស់ពួកគេជារៀងរាល់ឆ្នាំ លើវិស័យការពារជាតិ ប៉ុន្តែកាលពីឆ្នាំមុន សមាជិកភាគច្រើនមិនអាចបំពេញតាមគោលដៅបានឡើយ ហើយក្នុងចំណោមនោះ មានប្រទេសធំ២ ដែលមិនអាចបំពេញតាមគោលការណ៍បាន មួយគឺបារាំង និងមួយទៀតគឺអាល្លឺម៉ង់ ដែលសុទ្ធជាប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងជាសមាជិកស្ថាបនិកនៃសម្ព័ន្ធភាពនេះទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រមុខណាតូ ព្រមានប្រទេសជាសមាជិក ឲ្យត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយរុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ