ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ថា កែទម្រង់ច្បាប់ជោគជ័យ អាស្រ័យលើគុណភាពតាក់តែង និងប្រសិទ្ធភាពអនុវត្ត
ការកែទម្រង់ច្បាប់ជោគជ័យ គឺអាស្រ័យលើគុណភាពនៃការតាក់តែងច្បាប់ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់។ នេះជាការថ្លែងរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការងារនីតិកម្មនិងការងារកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោក វង្សី វិស្សុត បានលើកឡើងថា ការតាក់តែងច្បាប់ និងការអនុវត្តច្បាប់ មានទំនាក់ទំនងគ្នាស្អិតរមួត ពឹងផ្អែក និងគាំទ្រគ្នាទៅវិញទៅមក។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ គូសបញ្ជាក់ថា គុណភាពនៃការតាក់តែងច្បាប់ គឺបានគាំទ្រដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ហើយប្រសិទ្ធភាពនៃការអនុវត្តច្បាប់ គឺជាសូចនាករវាស់វែងសមិទ្ធកម្មនៃការតាក់តែងច្បាប់។
ដូច្នេះ ជោគជ័យនៃការកែទម្រង់ច្បាប់ គឺមានលក្ខណៈពឹងផ្អែកគ្នាជាអន្តរសកម្ម ហើយលទ្ធផល គឺបង្កើតបាននូវមូលដ្ឋានគ្រឹះសម្រាប់សង្គមមួយមានស្ថិរភាព វិបុលភាព វឌ្ឍនភាព និងសមធម៌។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត សង្កត់ធ្ងន់ថា ដើម្បីសម្រេចចក្ខុវិស័យនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល គុណភាពនៃការតាក់តែងច្បាប់ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ជាកត្តាគន្លឹះដែលមិនអាចខ្វះបាន សំដៅធានាចីរភាពនៃការកសាងនីតិរដ្ឋ និងអភិបាលកិច្ចល្អ។
ក្នុងសិក្ខាសសាលានេះ មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ ក៏បានចែករំលែកអំពីសាវតារនៃការកែទម្រង់ច្បាប់នៅកម្ពុជា ដែលមានតាំងពីសម័យបុរាណកាលមក ដល់សម័យទំនើប ដែលក្នុងនោះ លោក បានរំលឹកថា តាមប្រវត្តិសាស្ត្រសិលាចារឹកកម្ពុជា បង្ហាញថា កម្ពុជាធ្លាប់មាន និងបានប្រើប្រាស់ច្បាប់សម្រាប់គ្រប់គ្រងសង្គម និងប្រទេសជាតិ ចាប់តាំងពីការកកើតប្រទេសមកម្ល៉េះ។
ដោយឆ្លងកាត់ជាច្រើនសម័យកាល ពិសេសក្រោយដំណាក់កាលសង្គ្រាមស៊ីវិល ពោលគឺនៅក្រោយឆ្នាំ១៩៩៣ កម្ពុជាបានរៀបចំប្រព័ន្ធច្បាប់ និងរដ្ឋបាលរបស់ខ្លួនឡើងវិញនៅក្រោមដំបូលរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដោយទទួលយកជំនួយពីដៃគូអភិវឌ្ឍន៍ជាច្រើនប្រទេស ទាំងប្រទេសប្រកាន់យកប្រព័ន្ធច្បាប់ Civil Law និងប្រទេសដែលប្រកាន់យកប្រព័ន្ធច្បាប់ Common Law ក្នុងគោលដៅចម្បង គឺសមាហរណកម្មប្រទេសឡើងវិញ។ ជាហេតុ ច្បាប់កម្ពុជាបច្ចុប្បន្នមានអត្តសញ្ញាណបែបចម្រុះពណ៌ ច្រើនស្រទាប់ លាយឡំដោយច្បាប់បែបប្រពៃណីផង ច្បាប់បែបទំនើបផង និងទស្សនវិជ្ជាច្បាប់បែបចម្រុះផង។
ទោះជាយ៉ាងនេះក្តី លោក វង្សី វិស្សុត អះអាងថា ជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ក្នុងការធ្វើទំនើបកម្មច្បាប់ ស្របតាមស្តង់ដារអន្តរជាតិ ដោយប្រកាន់យកនូវគោលការណ៍ «នីតិរដ្ឋ» ជាមូលដ្ឋានគ្រឹះ និងបានចារឹកក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ឈរលើគុណតម្លៃស្នូល ប្រព័ន្ធនយោបាយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្សនិងសិទ្ធិបុគ្គល និងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។ លោក បន្ថែមថា ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ សម្តេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបង្កើតស្ថាប័នពីរ ទី១.គឺគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ មានភារកិច្ចផ្តោតលើការកែទម្រង់ប្រព័ន្ធច្បាប់ទាំងមូលរបស់ប្រទេសកម្ពុជា និងទី២ គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ផ្តោតលើការកែទម្រង់ប្រព័ន្ធយុត្តិធម៌៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ