ព័ត៌មានជាតិ
ជនជាតិដើមភាគតិចមួយរូប ចាប់អាជីពជាគ្រូបង្រៀនអស់រយៈពេល៣៨ឆ្នាំមកហើយនៅក្នុងខេត្តមណ្ឌលគិរី
នៅខេត្តភូមិភាគឦសាននៃប្រទេសកម្ពុជាសម្បូរទៅដោយជនជាតិដើមភាគតិចព្នងជាច្រើនភាសា ជាពិសេស នៅក្នុងខេត្តមណ្ឌលគិរី។ មជ្ឈដ្ឋានខ្លះនៅតែយល់ឃើញថា ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង គឺរៀនសូត្រមិនបានខ្ពង់ខ្ពស់ មុជមិនជ្រៅទៅមិនឆ្ងាយឡើយ។ ប៉ុន្តែ ការពិត មិនអ៉ីចឹងទាំងអស់នោះឡើយ។ ជាក់ស្តែង នៅក្នុងខេត្តមណ្ឌលគិរី មានជនជាតិដើមភាគតិចព្នងមួយរូប មានចំណេះដឹង ហើយធ្វើជាគ្រូបង្រៀនជាង៣៨ឆ្នាំមកហើយ ដោយបណ្តុះបានធនធានមនុស្សជាច្រើនសម្រាប់សង្គមជាតិ។
លោក ព្យ៉ាន កាយ អាយុ៥៥ឆ្នាំ គឺជាគ្រូបង្រៀន នៅសាលាបឋមសិក្សាអូរតេ ស្ថិតក្នុងភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ លោកបានប្រកបអាជីពជាគ្រូបង្រៀននេះ អស់រយៈពេល៣៨ឆ្នាំមកហើយចាប់ពីអំឡុងឆ្នាំ១៩៨៦ មកដល់បច្ចុប្បន្ននេះ។ លោក ព្យ៉ាន កាយ បានអះអាងប្រាប់សារព័ត៌មានកម្ពុជាថ្មីថា ការណ៍ដែលលោកចាប់អាជីពជាគ្រូបង្រៀននេះ គឺដោយសារតែមើលឃើញពីកាខ្វះខាតផ្នែអប់រំធនធានមនុស្សនៅក្នុងខេត្តមណ្ឌលគិរី។ លោកបានពោលរំលឹកឡើងថា នៅអំឡុងពេលនោះ ជនជាតិដើមភាគតិចដែលរស់នៅខេត្តមណ្ឌលគិរី មិនសូវជាមានចំណេះដឹងទូលំទូលាយប៉ុន្មាននោះទេ។ ហេតុដូច្នេះហើយ លោកក៏សម្រេចចិត្តភ្លាម ធ្វើជាគ្រូបង្រៀនបណ្តុះបណ្តាលពុទ្ធិដល់ពួកគេ។
បើតាមលោក ព្យ៉ាន កាយ ក្នុងអំឡុងឆ្នាំនោះ លោកបានសិក្សាចប់ត្រឹមថ្នាក់ទី៤ ហើយបានដាក់ពាក្យជាប់ជាគ្រូបង្រៀនបឋមសិក្សាកម្រិតមួយ។ បន្ទាប់មក គេក៏តម្រូវឱ្យលោកទៅរៀនបន្តនៅសាលាបណ្ដុះបណ្ដាលភូមិភាគមួយនៅឯខេត្តស្ទឹងត្រែង ហៅថា(៤+១) រយៈពេល១ឆ្នាំ ទើបត្រឡប់មកបង្រៀននៅខេត្តមណ្ឌលគិរីវិញរហូតដល់ពេលបច្ចុប្បន្ន។ ការបង្រៀននៅពេលដំបូងៗ គឺលោកជួបបញ្ហាប្រឈមជីវភាពខ្វះខាតខ្លាំងណាស់ ពោល គឺលោកត្រូវបង្រៀនផង ហើយវិលត្រឡប់មកវិញត្រូវដើរជីកដំឡូង ជីកក្ដួច ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផង។
ប៉ុន្តែ មកដល់ពេលសព្វថ្ងៃនេះ ដោយសារស្រុកទេស មានសុខសន្តិភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋជនជាតិដើមភាគតិចភាគច្រើន មានឱកាសរៀនសូត្របានគ្រប់គ្រាន់ មានជីវភាពសមរម្យអាចរៀនចប់ដល់ថ្នាក់ទី១២។ ខ្លះ បានក្លាយជាមន្ត្រីរាជការ ខ្លះទៀត ជាកងកម្លាំងប្រដាប់អាវុធ និងខ្លះទៀតនោះ បានបន្តរៀនយកអនុបណ្ឌិត ខណៈមួយចំនួនទៀត កំពុងតែសិក្សានៅក្រៅប្រទេស។ ជាគ្រូបង្រៀន៣៨ឆ្នាំ លោក ព្យ៉ាន កាយ បានអំពាវនាវដល់អាណាព្យាបាលសិស្សានុសិស្សគ្រប់រូប ជាពិសេសជនជាតិដើមភាគតិច ត្រូវជំរុញកូនៗឱ្យមករៀនសូត្រឱ្យបានគ្រប់ៗគ្នា ដើម្បីអាចមានចំណេះដឹងគ្រប់គ្រាន់ ជាទំពាំងស្នងឫស្សី យកចំណេះដឹងទៅបម្រើសង្គមជាតិមាតុភូមិ។
សូមបញ្ជាក់ថា នៅក្នុងខេត្តមណ្ឌលគិរី មកដល់ពេលនេះ មានសាលាគ្រប់កម្រិតទូទាំងខេត្ត ចំនួន១៨១សាលា និងគ្រូបង្រៀនសរុបចំនួន ១ ១០៤នាក់ ក្នុងនោះ មានគ្រូបង្រៀនជាជនជាតិដើមភាគតិច មានចំនួន៣៦៧នាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី៕
ដោយ ៖ រៀម សុខហេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល